ភ្នំពេញៈ អង្គការ​ពលកម្ម​អន្តរជាតិ (ILO) និង​ UNICEF បាន​ព្រមាន​ថា វិបត្តិ​ជំងឺ​កូវីដ​ ១៩​ កំពុង​ជំរុញ​ឲ្យ​កុមារ​រាប់លាន​នាក់​បន្ថែម​ទៀត​នៅលើ​ពិភពលោក​ជួប​ហានិភ័យ​ធ្លាក់ចូល​ទៅក្នុង​ពលកម្ម​កុមារ ខណៈ​ដែល​កម្ពុជា​បាននិង​កំពុង​កំណត់​អត្តសញ្ញាណកម្ម​គ្រួសារ​ក្រីក្រ​ក្នុង​អំឡុង​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ដោយ​គិត​ត្រឹម​ថ្ងៃទី​ ១ ខែ​មិថុនា រកឃើញ​គ្រួសារ​ក្រីក្រ​ចំនួន ៥៦៧ ៥០៥ ​គ្រួសារ​។

យោងតាម​របាយការណ៍​របស់ ILO និង UNICEF ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​ ១២ ខែមិថុនា​ឲ្យ​ដឹងថា ពលកម្ម​កុមារ​បាន​ថយចុះ​ចំនួន​ ៩៤ ​លាន​នាក់​ចាប់តាំងពី​ឆ្នាំ ២០០០ តែ​ថា ការថយចុះ​នេះ​កំពុង​មាន​ហានិភ័យ​នាពេលនេះ​។ សេចក្តី​ប្រកាស​ព័ត៌មាន​ថា​៖ «​ការប៉ាន់​ប្រមាណ​ជា​សកល​ក្នុង​ឆ្នាំ​ ២០១៧ បាន​បង្ហាញថា កុមារ​ចំនួន ១៥២ លាន​នាក់​ ស្ថិត​នៅក្នុង​ពលកម្ម​កុមារ ទូទាំង​សកលលោក​»​។

សេចក្តី​ប្រកាស​បន្ថែម​ថា ជំងឺ​កូវីដ​ ១៩ អាច​បណ្តាល​ឲ្យ​ភាពក្រីក្រ​កើនឡើង​ហេតុ​នេះ​ហើយ​ក៏​នឹង​ធ្វើឲ្យ​កើនឡើង​នូវ​ពលកម្ម​កុមារ​ផងដែរ ខណៈ​គ្រួសារ​កុមារ​បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ ដើម្បី​រស់រាន​មាន​ជីវិត​។ សេចក្តីប្រកាស​ព័ត៌មាន​ថា​៖ «​ខណៈ​ដែល​ការរាតត្បាត​នេះ ធ្វើឲ្យ​ហិនហោច​ប្រាក់ចំណូល​គ្រួសារ បើ​គ្មាន​ការឧបត្ថម្ភ គ្រួសារ​ជាច្រើន​អាច​ងាក​ទៅរក​ពលកម្ម​កុមារ​»​។

លោក Guy Ryder អគ្គនាយក ILO ថ្លែង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា​៖ «​ការគាំពារ​សង្គម ពិតជា​សំខាន់​ក្នុង​ពេល​មាន​វិបត្តិ ដោយ​ការគាំពារ​នេះ​ត្រូវ​ផ្តល់​ការឧបត្ថម្ភ​ដល់​អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត​។ ការធ្វើ​សមាហរណកម្ម​កង្វល់​ពលកម្ម​កុមារ​ក្នុង​គោលនយោបាយ​កាន់តែ​ទូលំទូលាយ សម្រាប់​ការអប់រំ គាំពារ​សង្គម យុត្តិធម៌ ទីផ្សារការងារ និង​សិទ្ធិមនុស្ស​អន្តរជាតិ និង​សិទ្ធិ​ការងារ​ធ្វើឲ្យ​មាន​ភាពខុស​គ្នាច្រើន​»​។

អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លោក ហេង សួរ មិនអាច​ទាក់​សុំ​សេចក្តី​អធិប្បាយ ជុំវិញ​ករណី​នេះ​បានទេ​។ ប៉ុន្តែ​លោក តូច ចាន់នី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​ក្រសួង​សង្គមកិច្ច​ថ្លែង​ថា រដ្ឋាភិបាល​បាន​វិនិយោគ​លើ​កុមារ តាមរយៈ​ការផ្ទេរ​សាច់ប្រាក់​ទៅ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ក្រីក្រ និង​កុមារ​អាយុ​ក្រោម​ ២ ​ឆ្នាំ​រយៈពេល​ប្រហែល​ ១ ​ឆ្នាំ​មកហើយ​។

បើតាម​ទំព័រ​ហ្វេសប៊ុក​ក្រសួង​ផែនការ​ចុះផ្សាយ​កាលពី​ថ្ងៃទី​ ១២ ខែ​មិថុនា ក្រសួង​ផែនការ​បានធ្វើ​បច្ចុប្បន្នភាព​កំណត់​អត្តសញ្ញាណកម្ម​គ្រួសារ​ក្រីក្រ ក្នុង​អំឡុងពេល​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​១៩ គិត​ត្រឹម​ថ្ងៃទី​ ១ ខែ​មិថុនា ឆ្នាំ​ ២០២០ ដោយ​រកឃើញ​គ្រួសារ​ក្រីក្រ​ទូទាំង​ប្រទេស​សរុប​ចំនួន​ ៥៦៧ ៥០៥ គ្រួសារ ​ដែល​មាន​ប្រជាជន​ក្រីក្រ​សរុប​ប្រមាណ ២,៣ ​លាន​នាក់ (​គិត​ត្រឹម​ថ្ងៃ​បញ្ចប់​ការអនុវត្ត​នីតិវិធី​អត្តសញ្ញាណកម្ម​គ្រួសារ​ក្រីក្រ​ក្នុង​អំឡុង​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ​នៅ​ជនបទ​)​។

ក្រសួង​នឹង​កំណត់​អត្តសញ្ញាណកម្ម​គ្រួសារ​ក្រីក្រ​នៅ​ទីប្រជុំជន ដែល​នឹង​បញ្ចប់​នា​ចុង​ខែ​មិថុនា ឆ្នាំ​ ២០២០ ដើម្បី​ផ្តល់នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​របស់​​រាជរដ្ឋាភិបាល​ដល់​ពួកគេ ដែល​នឹង​ត្រូវ​អនុវត្ត​ក្នុងពេល​ឆាប់ៗ​។

កាលពី​ថ្ងៃទី​ ១ ខែ​មិថុនា អង្គការ Save the Children និង​យូនីសេហ្វ​បាន​ព្រមាន​ថា បើ​គ្មាន​វិធានការ​បន្ទាន់​ទេ កុមារ​ក្រីក្រ​ក្នុង​ប្រទេស​មាន​ប្រាក់ចំណូល​កណ្តាល​កម្រិត​ទាប​អាច​កើនឡើង​ដល់​ជាង ៦៧២ ​លាន​នាក់​នៅ​ត្រឹម​ឆ្នាំនេះ​។ អង្គការ​នេះ​ឲ្យ​ដឹង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​ ១ ខែ​មិថុនា ឆ្នាំ​ ២០២០ ​ថា​ចាប់តាំងពី​ពេលដែល​មាន​ករណី​ជំងឺ​កូវីដ​ ១៩​ មក រាជរដ្ឋាភិបាល​កម្ពុជា​បាន​ពង្រីក​វិសាលភាព​កម្មវិធី​គាំពារ​សង្គម​របស់ខ្លួន​។

អង្គការ​ទាំងនេះ​បន្តថា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ប្រចាំ​ខែ​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​អំឡុង​ពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ត្រូវ​បាន​រៀបចំ​ឡើង ដើម្បី​ឆ្លើយតប​ចំពោះ​តម្រូវការ​របស់​ក្រុម​ប្រជាជន​ដែល​ងាយ​រងគ្រោះ​បំផុត​រាប់បញ្ចូល​ទាំង​តម្រូវការ​របស់​កុមារ​អាយុ​ពី ០-៥ ​ឆ្នាំ ជន​មាន​ពិការភាព ចាស់ជរា និង​អ្នក​ដែល​រស់នៅ​ជាមួយ​នឹង​មេរោគ​អេដស៍​/​ជំងឺអេដស៍​។

អង្គការ​ថ្លែងថា​៖ «​កម្មវិធី​នេះ​នឹង​ផ្ដល់​ថវិកា​បន្ថែម​ទៅ​លើ​កម្មវិធី​ដែលមាន​ស្រាប់​ដូចជា​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ ០-២ ​ឆ្នាំ និង​កម្មវិធី​ផ្ដល់​អាហារូបករណ៍​ដល់​កុមារ​ដែល​កំពុង​រៀន​នៅ​បឋមសិក្សា និង​​មធ្យមសិក្សា​ដែល​កំពុង​អនុវត្ត​នាពេល​បច្ចុប្បន្ន​»៕