ភ្នំពេញៈ ស្របពេលសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការផាកពិន័យចរាចរណ៍កំពុងស្ថិតក្នុងដំណាក់កាលត្រួតពិនិត្យ និងកែសម្រួលខ្លឹមសារមួយចំនួន ដើម្បីឈានទៅរកការប្រកាសដាក់ឲ្យប្រើប្រាស់ជាបណ្ដោះអាសន្នជំនួសមាត្រាខ្លះនៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកដែលនឹងត្រូវធ្វើវិសោធនកម្មនាពេលខាងមុខនេះ រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជាកាលពីម្សិលមិញបានប្រកាសជួយកម្ពុជា ដោះស្រាយវិបត្តិគ្រោះថ្នាក់ចរាចរណ៍នេះប្រកបដោយប្រសិទ្ធភាព។
ក្នុងពិធីបើកសិក្ខាសាលាស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញកាលពីម្សិលមិញលោក ស៊ុហ្គាណូ យូអ៊ិឈិ (Sugano Yuichi) ប្រធានតំណាងការិយាល័យទីភ្នាក់ងារប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជាបានថ្លែងថា ថ្វីដ្បិតតែបច្ចុប្បន្នប្រទេសកម្ពុជាកំពុងទទួលបានកំណើនសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ក៏ដោយ ក៏មានចំណុចអវិជ្ជមានមួយចំនួនកើតមានផងដែរ នោះគឺគ្រោះថ្នាក់ចរាចរណ៍ដែលជាវិបត្តិដ៏ធំមួយ។
លោក ស៊ុហ្គាណូ បានបន្តថាយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានកត់ត្រាគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំមុនមានចំនួន ៤១២១ ករណីដែលមានមនុស្សស្លាប់ ១៩៨១ នាក់ និងរបួសចំនួន ៦១៣១ នាក់។
លោកបានបញ្ជាក់ថា៖ «តួលេខទាំងនេះនាំយើងឲ្យជួបប្រឈមនូវសោកនាដកម្មចរាចរណ៍ដ៏គួរឲ្យរន្ធត់ដែលគិតជាមធ្យមភាគក្នុង ១ ថ្ងៃត្រូវបានបាត់បង់ជីវិតមនុស្សចំនួន ៥,៤ នាក់។ ដើម្បីចូលរួមកាត់បន្ថយនូវសោកនាដកម្មចរាចរណ៍ដ៏គួរឲ្យរន្ធត់ យើង [JICA (Cambodia)] ប្ដេជ្ញាបន្តចូលរួមគាំទ្រលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅកម្ពុជា ដោយពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក»។
នៅក្នុងឱកាសនោះដែរលោកស្រី មីន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានថ្លែងថា បច្ចុប្បន្នរដ្ឋាភិបាលបានខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីលើកកម្ពស់ប្រាក់ចំណូលប្រជាពលរដ្ឋ និងសង្គមជាតិ។
ទន្ទឹមនឹងភាពរីកចម្រើននៃវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងស្ពានខ្វែងខ្វាត់នៅគ្រប់តំបន់គ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវបានកើតមានឡើងជារៀងរាល់ថ្ងៃ និង បានក្លាយជាវិបត្តិដ៏ធ្ងន់ធ្ងរមួយដែលទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យធ្លាក់ចុះមកនៅក្នុងកម្រិតទាបបំផុត ឬលុបបំបាត់ចោលទាំងស្រុងតាមដែលអាចធ្វើទៅបាននាពេលអនាគត។
លោកស្រីបានថ្លែងថា៖ «បច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍នៅតែជាក្ដីកង្វល់ដ៏ធំមួយរបស់រដ្ឋាភិបាលកម្ពុជា ព្រោះគ្រោះថ្នាក់ចរាចរណ៍នៅតែកើតមានជារៀងរាល់ថ្ងៃ និងបណ្ដាលឲ្យមានជនរងគ្រោះ ស្លាប់ របួស និង ពិការ និងបានធ្វើឲ្យខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនជាច្រើនទៀត»។
យោងតាមការវាយតម្លៃរបស់អ្នកជំនាញការនៃធនាគារអភិវឌ្ឍន៍អាស៊ីក្នុង ១ ឆ្នាំៗគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបានបង្កឲ្យមានការខូចខាតទ្រព្យសម្បត្តិសរុបជាថវិកាជាង ៣៥០ លានដុល្លារ។
លោកស្រីបានបន្តថា ជាមួយភាពប្រញាប់ប្រញាល់ ដើម្បីឆាប់បានដល់គោលដៅនោះការធ្វេសប្រហែស និង ការមិនគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោករបស់អ្នកប្រើប្រាស់ផ្លូវបានបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍ជាញឹកញាប់នៅតាមដងផ្លូវ។
លោកស្រីបានបន្តថា កាលពីឆ្នាំមុនអង្គការ Japan ASEAN International Fund បានផ្ដល់ការគាំទ្រទាំងថវិកា និងធនធានផ្នែកបច្ចេកទេសដល់នាយកដ្ឋានសុវត្ថិភាពចរាចរណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីអនុវត្តគម្រោងលើកកម្ពស់ការអប់រំសុវត្ថិភាពចរាចរណ៍ដល់សិស្សសាលាបថមសិក្សានៅតាមបណ្ដោយផ្លូវជាតិលេខ ១ និងផ្លូវជាតិលេខ ៥ សរុបចំនួន ៥៨ សាលា។ «ជាលទ្ធផល សិស្ស និងគ្រូបង្រៀននៅតាមសាលាទាំង ៥៨ នោះមិនមាននរណាម្នាក់រងគ្រោះថ្នាក់ចរាចរណ៍ឡើយ រហូតមកទល់ពេលនេះ»។
អ្នកស្រីបានបន្ថែមថា រដ្ឋាភិបាល និងប្រជាជនជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ប្រចាំកម្ពុជាបានចូលរួមគាំទ្រការអភិវឌ្ឍជាច្រើនដល់កម្ពុជាលើគ្រប់វិស័យទាំងផ្នែកធនធានមនុស្ស បច្ចេកទេស សម្ភារ និងថវិកា។
អ្នកស្រីបានបញ្ជាក់ថា៖ «ជាមួយនឹងការបេ្តជ្ញាចិត្តរបស់លោក ស៊ុហ្គាណូ នាពេលនេះយើងមានជំនឿយ៉ាងមុតមាំថា យើងនឹងអាចដោះស្រាយវិបត្តិគ្រោះថ្នាក់ចរាចរណ៍របស់យើងបានតាមរយៈការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ និងអត្រាស្លាប់ និង របួសដោយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា»៕