ភ្នំពេញៈ ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាប្រជាធិបតេយ្យ​ (LDP) ​ចាត់ទុក​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំនេះ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គជប​) ​ថា មិន​មាន​តម្លាភាព មិនមាន​ភាពត្រឹមត្រូវ និង​មិនមាន​យុត្តិធម៌ ខណៈ គ.ជ.ប បិទ​ផ្សាយ​ជា​សាធារណៈ​ និង​ជា​ផ្លូវការ​នូវ​បញ្ជី​ឈ្មោះ​នៅថ្ងៃនេះ​។

លោក អ៊ី សាំងឡេង អ្នកនាំពាក្យ​គណបក្ស​ LDP នៅក្នុង​សន្និសីទ​សារព័ត៌មាន​ពី​ម្សិលមិញ​បាន​បដិសេធ​ទទួល​យក​លទ្ធផល​ដែល​ គ.ជ.ប បាន​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំនេះ​ដោយ​អះអាង​ថា គណបក្ស​លោក​បាន​រកឃើញ​ភាពមិនប្រក្រតី​ជាង​ ៣ ០០០ ​ករណី​ នៅ​ទូទាំង​ប្រទេស​ពាក់ព័ន្ធ​នឹង​ការចល័ត​មនុស្ស​ឱ្យមក​ចុះឈ្មោះ​​បោះឆ្នោត និង​ចុះឈ្មោះ​អ្នកបោះឆ្នោត​ដែល​គ្មាន​លំនៅ​ក្នុង​ឃុំ​សង្កាត់​។

លោក​បន្តថា​ LDP ​បានដាក់​ភ្នាក់ងារ​ពេញសិទ្ធិ​ចំនួន​ ១ ១២៨ ​នាក់​ ឱ្យ​ចូលរួម​សង្កេត​តាមដាន​ដំណើរការ​ពិនិត្យ​បញ្ជីឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​នៅ​ទូទាំងប្រទេស និង​បម្រុង​ចំនួន​ ៣៥៦១ ​នាក់​សរុប​ ៤ ៦៨៧ ​នាក់​ ដែល​ច្រើនជាង​គណបក្ស និង​ស្ថាប័ន​ដទៃ ហើយ​បាន​រកឃើញ​ភាពមិនប្រក្រតី​ជាច្រើន​ករណី​។

លោក​បន្តថា ជាមួយ​គ្នា​នេះ​ LDP ​បានដាក់​ពាក្យ​ប្តឹង​ជំទាស់​ឱ្យមាន​ការលុបឈ្មោះ​ចេញពី​បញ្ជី​នៅតាម​ថា្នក់​ឃុំ​សង្កាត់ គ.ជ.ប និង​ក្រុមប្រឹក្សាធម្មនុញ្ញ​ប៉ុន្តែ​មិន​ទទួលបាន​នូវ​យុត្តិធម៌​ទេ​។

លោក​បន្ថែមថា​៖ «​ចំពោះ​ឯកសារ​ដែល​រកឃើញ​ភាពមិនប្រក្រតី​នេះ​នឹង​បង្ហាញជូន​ដល់​សាធារណជន និង​ដាក់​​ជូន​ដល់​អង្គការ​សង្គម​ស៊ីវិល បណ្តាស្ថានទូត និង​អគ្គ​កុងស៊ុល​ប្រទេស​នានា​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បីឱ្យ​ពួកគេ​បានដឹង​...»​។

ក៏ប៉ុន្តែ​លោក សោម សូរិដា អគ្គលេខាធិការរង គ.ជ.ប បានឱ្យដឹងថា ពេល​បណ្តឹងតវ៉ា​ពាក់ព័ន្ធ​នឹង​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​ ២០២០ ត្រូវ​បាន​ដោះស្រាយ​បញ្ចប់ និង​បិទផ្លូវ​តវ៉ា​នៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​ហើយ គ.ជ.ប បានរៀបចំ​បញ្ជី​បោះឆ្នោត​ផ្លូវ​ការដែល​កំណត់ដោយ​ច្បាប់​ហើយនឹង​ត្រូវ​បិទផ្សាយ​នៅ​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំនេះ ។

បើតាម​លោក សោម សូរិដា ការទទួលស្គាល់ ឬ​មិន​ទទួលស្គាល់​របស់​គណបក្ស​ LDP គឺជា​សិទ្ធិ​របស់​គណបក្ស​ក្នុង​ការបញ្ចេញមតិ ប៉ុន្តែ​សិទ្ធិ​នេះ​​មិនគួរ​មាន​ចរិត​ញុះញង់​ដែលនាំឱ្យ​មានការ​បែកបាក់​ជាតិ​ឡើយ​។ ការ​ចោទ​របស់​គណបក្ស​ LDP ​មក​លើ គ.ជ.ប គឺពុំ​មាន​ភាពជាក់លាក់ និង​ប្រាកដប្រជា​និង​មិនមាន​ភ័ស្តុតាង​ច្បាស់លាស់​។

លោក​ថ្លែងថា​៖ «​អ្វីដែល LDP ចោទប្រកាន់​មកលើ គ.ជ.ប នេះ​គឺ​គណបក្ស​នេះ គ្រាន់តែ​យក​ការអះអាង​របស់​ភ្នាក់ងារ​របស់គាត់​ម្នាក់ ឬមួយ​ក្រុម ដើម្បី​ដាក់បន្ទុក​ទៅលើ​ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​លក្ខខណ្ឌ​គ្រប់គ្រាន់​នៅក្នុង​បញ្ជី​បោះឆ្នោត​។ បើ គ.ជ.ប ធ្វើ និង​យល់​ឃើញ​ទៅតាម​បុគ្គល​ម្នាក់​ ឬ​មួយ​ក្រុម​នោះ​គឺជា​កំហុសឆ្គង​ដ៏ធ្ងន់ធ្ងរ​មួយ​ហើយ​មិនអាច​ទទួលយក​បានឡើយ​»​។

លោក សំ សុគន្ធាមី នាយក​ប្រតិបត្តិ​អង្គការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត​នៅ​កម្ពុជា​ (NICFEC) ដែល​បាន​ចូលក្នុង​សន្និសីទ​សារព័ត៌​មាន​របស់​គណបក្ស LDP ពី​ម្សិលមិញ​បាន​ថ្លែងថា ក្នុង​នាម​អង្គការ​សង្គម​ស៊ីវិល​មិន​ឯកភាព​ទាំងស្រុង​ចំពោះ​ការបង្ហាញ​ពី​របាយការណ៍​រកឃើញ​ភាពមិន​ប្រក្រតី​របស់​ LDP ​នោះទេ ព្រោះ​គ្មាន​តំណាង​អង្គការ​របស់លោក​ចូលរួម​។

លោក​ថា​៖ «​ខ្ញុំ​សូមបញ្ជាក់ថា យើង​​ខ្ញុំ​ឯកភាព​លុះត្រាតែ​បាន​ចូលរួម​ពី​ភ្នាក់ងារ​សង្កេតការណ៍​របស់​យើង និង​របាយការណ៍​ដែល​ចេញពី​អង្គការ​របស់​យើង​»​។ «​តាម​អ្វីដែល​ខ្ញុំ​ស្តាប់ និង​ការធ្វើ​បទ​បង្ហាញ​នៅក្នុង​សន្និសីទ​កាសែត គាត់​យក​សាក្សី ដែល​ជា​ភ្នាក់ងារ​នៅតាម​ខេត្ត​មួយចំនួន វា​មានរឿង​អ៊ីចឹង​ពិតមែន គាត់​មាន​ភ័ស្តុតាង និង​សាក្សី​រស់​នេះ​គឺជា​ការងារ​បច្ចេកទេស ហើយ​អ្វី​ទាំងអស់​នេះ គឺជា​ការអះអាង​របស់​គណបក្ស​គាត់​ទេ​»​។

យោងតាម​តារាង​លទ្ធផល​ផ្លូវការ​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​ ២០២០ របស់ គ.ជ.ប ដែល​នឹង​បិទ​ផ្សាយ​ផ្លូវការ​នៅ​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ​នេះ​មាន​ចំនួន​ជាង​ ៨,៨ ​លាននាក់ ខណៈ​ឆ្នាំ ២០១៩ មាន​ចំនួន​ជាង ៨,៦ ​លាន​នាក់​ពោល​គឺ​មាន​ការកើនឡើង​ជាង​ ២ ​សែន​នាក់​៕