ភ្នំពេញៈ គណៈកម្មការ​ទន្លេមេគង្គ (MRC) ​ស្វាគមន៍​សេចក្ដី​ថ្លែងការណ៍​របស់​នាយករដ្ឋមន្ត្រី​ចិន​លោក លី កឺឈាង ដែល​ប្ដេជ្ញា​ចែករំលែក​ទិន្នន័យ​ធារាសាស្ត្រ​ជាមួយ​ប្រទេស​នៅតាម​ដង​ទន្លេមេគង្គ​។ ប៉ុន្តែ​គណៈកម្មការ​នេះ ជំរុញ​ឲ្យ​ចិន​ប្រកាស​ឲ្យ​ច្បាស់​ថា តើ​ទិន្នន័យ​អ្វីដែល​ត្រូវ​ចែករំលែក ហើយ​ធ្វើឡើង​ដោយ​វិធី​ណា​។

នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ លោក An Pich Hatda អគ្គនាយក​នៃ​លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេមេគង្គ​បាន​កោតសរសើរ​ដល់​ការប្ដេជ្ញាចិត្ត​របស់​ប្រទេស​ចិន​ក្នុង​ការចែករំលែក​ទិន្នន័យ​ពេញ​ ១ ​ឆ្នាំ​អំពី​ធារាសាស្ត្រ​នៅ​តំបន់​មេគង្គ​ក្រោម​។

លោក​ថ្លែងថា​៖ «​ដើម្បី​ឲ្យ​ការប្រើប្រាស់​ទិន្នន័យ​នេះ​មាន​ប្រសិទ្ធភាព សម្រាប់​ជា​ប្រយោជន៍​ដល់​ប្រទេស​នៅ​តាម​ដង​ទន្លេមេគង្គ​ទាំងអស់ និង​ជា​ប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងនេះ វា​សំខាន់​ណាស់​ដែល​យើង​ត្រូវ​ពិភាក្សា​គ្នា​ឲ្យ​បាន​ច្បាស់​ថា តើ​ទិន្នន័យ​អ្វី​ដែល​នឹង​បញ្ចូល ហើយ​ថា​តើ​ទិន្នន័យ​នោះ​ត្រូវ​ចែករំលែក​ដោយ​វិធី​ណា​»​។

គណៈកម្មការ​ទន្លេមេគង្គ​បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ឆ្នាំ​ ២០០៣ ​មក ចិន​បាន​ផ្ដល់​ទិន្នន័យ​ដល់​គណៈកម្មការ​នេះ​អំពី​កម្រិត​ទឹក និង​កម្រិត​ទឹកភ្លៀង​ដែល​ជា​ទិន្នន័យ​យក​ចេញ​ពី​ស្ថានីយ​ធារាសាស្ត្រ​ចំនួន​ ២ ​មាន​ទីតាំង​នៅ​ចរន្តទឹក​ខាងលើ​នៃ​ទន្លេមេគង្គ គឺ​នៅ​ក្រុង Jinghong និង​ដៃទន្លេ​នៅ Mana​។ ប៉ុន្តែ​ទិន្នន័យ​ទាំងនេះ​ចែករំលែក​តែ​ព័ត៌មាន​នៅ​រដូវ​មាន​ទឹកជំនន់​ពី​ខែ​មិថុនា​ដល់​ខែតុលា​ប៉ុណ្ណោះ​។

លោក An Pich Hatda បាន​ថ្លែងថា គណៈកម្មការ​ទន្លេមេគង្គ​ត្រៀម​ខ្លួន​រួចរាល់​ហើយ ដើម្បី​គាំទ្រ​ដល់​ប្រទេស​សមាជិក​របស់ខ្លួន​ដែល​រួមមាន​កម្ពុជា ឡាវ ថៃ និង​វៀតណាម​ក្នុង​ការធ្វើការ​ជាមួយ​ចិន​ និង​មីយ៉ាន់ម៉ា ដើម្បី​បង្កើតឡើង​នូវ​វេទិកា​ចែករំលែក​ព័ត៌មាន​នេះ​។

ប៉ុន្តែ​លោក​ជំរុញ​ឲ្យ​សមាជិក​ទាំង​ ៤ នៃ​គណៈកម្មការ​ទន្លេមេគង្គ​ដែល​ប្រទេស​ទាំងអស់​នេះ​ស្ថិតនៅ​តំបន់​មេគង្គ​ក្រោម ឲ្យ​យក​ប្រយោជន៍​ពី​វប្បធម៌​នៃ​ការចូល​រួមសហការ​ជាមួយ​គ្នា​របស់​គណៈកម្មការ​ទន្លេមេគង្គ និង​ប្រើប្រាស់​វេទិកា​ចែករំលែក​ព័ត៌មាន​ដែល​មាន​ស្រាប់ ដែល​បង្កើតឡើង​ជាយូរ​មកហើយ​។

លោក​បន្តថា ប្រទេស​នៅ​តំបន់​អាងទឹក​ទន្លេមេគង្គ​ក្រោម​មាន​រួចហើយ​វេទិកា​ចែករំលែក​ទិន្នន័យ និង​ព័ត៌មាន​ប្រតិបត្តិការ​។ ប៉ុន្តែ​អ្វីដែល​នៅតែ​ខ្វះ គឺ​ទិន្នន័យ និង​ព័ត៌មាន​មកពី​តំបន់​អាងទឹក​ទន្លេមេគង្គ​លើ ដែល​រួមមាន​ប្រទេស​ចិន និង​មីយ៉ាន់ម៉ា​។ មានតែ​ទិន្នន័យ​មានកំណត់​ប៉ុណ្ណោះ ដែល​ចិន​ចែករំលែក​ក្នុង​រដូវ​មាន​ទឹកជំនន់​។

លោក​ថ្លែងថា​៖ «​ទិន្នន័យ​ ឬ​ព័ត៌មាន​ណាមួយ ដែល​នឹង​ចែករំលែក​នាពេល​អនាគត​ទៅ​ដល់​ប្រទេស​សមាជិក​គណៈកម្មការ​ទន្លេមេគង្គ ក្រោម​កិច្ចសហប្រតិបត្តិការ​ឡានឆាង-មេគង្គ​គួរតែ​ត្រូវ​បាន​ធ្វើឡើង​ដោយ​កិច្ចសហការ​ជិតស្និទ្ធ​ជាមួយ​លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេមេគង្គ ដើម្បី​ឲ្យ​យើង​អាច​តភ្ជាប់​វេទិកា​ចែករំលែក​ព័ត៌មាន​ទាំងនេះ​ប្រកប​ដោយ​ប្រសិទ្ធភាព​»​។

លោក​បន្តថា ការបង្កើត​វេទិកា​ចែករំលែក​ព័ត៌មាន​ណាមួយ​នាពេល​អនាគត មិន​ត្រូវ​បំភ្លេចចោល​នូវ​មូលដ្ឋាន​ចំណេះដឹង និង​ប្រព័ន្ធ​ដែល​គណៈកម្មការ​ទន្លេ​មេគង្គ​បាន​បង្កើតឡើង និង​បាន​ប្រមូល​អស់​រយៈពេល​ ៦ ​ទសវត្សរ៍​មកហើយ ចាប់តាំងពី​គណៈកម្មការ​ទន្លេមេគង្គ​ត្រូវ​បាន​បង្កើតឡើង​នៅ​ឆ្នាំ​ ១៩៥៧​។ ដំណើរការ​នៃ​ការបង្កើត​វេទិកា​បែបនេះ មាន​ភាពស្មុគស្មាញ ស៊ីពេល​យូរ​ត្រូវ​ចំណាយ​ច្រើន និង​ពិបាក​ក្នុង​ការថែរក្សា​។

កាលពី​ថ្ងៃ​ចន្ទ​លោក​នាយក​រដ្ឋមន្ត្រី​ចិន លី កឺឈាង បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​មេគង្គ-ឡានឆាង ជាមួយ​ថ្នាក់​ដឹកនាំ​ប្រទេស​តំបន់​មេគង្គ​ ៥ ​ទៀត​ដោយ​លោក​ថ្លែងថា ចិន​នឹង​ចែករំលែក​ទិន្នន័យ​ធារាសាស្ត្រ​នៅ​រដូវ​ទឹកជំនន់​ដល់​ប្រទេស​តាម​ដង​ទន្លេមេគង្គ និង​ផ្ដល់នូវ​ព័ត៌មាន​ទាន់​ពេលវេលា​អំពី​បច្ចុប្បន្នភាព​នៃ​ការប្រែប្រួល​លំហូរ​ទឹក​នៅ​ផ្ទៃ​ទឹក​ខាងលើ​។ ទោះបី​ជា​ចិន​ខ្លួនឯង​មាន​ការលំបាក​ក៏ដោយ ចិន​នឹង​បង្កើន​លំហូរ​ទឹក​ចេញ​នៅ​រដូវ​គ្រោះ​រាំងស្ងួត​ដើម្បី​ជួយ​ដល់​ប្រទេស​នៅ​ដង​ទន្លេ​ខាងក្រោម​ដើម្បី​បញ្ចៀស​បាន​នូវ​គ្រោះរាំងស្ងួត​។

លោក លី កឺឈាង និយាយថា ចិន​ត្រៀមខ្លួន​រួចរាល់​ហើយ ដើម្បី​ផ្ដល់​ជំនួយ​បន្ថែមទៀត​តាម​លទ្ធភាព​ដល់​ប្រទេស​នៅតាម​ដង​ទន្លេមេគង្គ​ដើម្បី​ប្រើប្រាស់​ធនធាន​ទឹក​នេះ​ឲ្យ​បាន​កាន់តែ​ប្រសើរ​។ ចាប់ពី​ឆ្នាំ​ ២០២០ នេះ​តទៅ​ចិន​នឹង​ចែករំលែក​ទិន្នន័យ និង​ព័ត៌មាន​ពេញ​ ១ ​ឆ្នាំ​ដល់​ប្រទេស​ទាំងនេះ​។

លោក​ថ្លែង​ទៅកាន់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​តាម​ដង​ទន្លេមេគង្គ​ថា​៖ «​ចិន​នឹង​ធ្វើការ​ជាមួយ​ប្រទេស​របស់​អ្នក ដើម្បី​បង្កើត​នូវ​វេទិកា​ចែករំលែក​ព័ត៌មាន​ក្នុង​កិច្ចសហប្រតិបត្តិការ​ធនធាន​ទឹក​ឡានឆាង-មេគង្គ ដើម្បី​ជួយ​ឲ្យ​យើង​អាច​ប្រឈម​ដោះស្រាយ​បម្រែបម្រួល​អាកាសធាតុ និង​គ្រោះធម្មជាតិ​ដូចជា​ទឹកជំនន់ និង​គ្រោះរាំងស្ងួត​»៕