ភ្នំពេញៈ សង្គមស៊ីវិល និងមន្ត្រីរដ្ឋាភិបាល អះអាងថា ប្រជាពលរដ្ឋកម្ពុជា ជាពិសេសពលរដ្ឋក្រីក្រនៅតាមទីជនបទ មានការយល់ដឹងច្រើនជាងមុនពីសិទ្ធិទទួលបានសេវាសាធារណៈរបស់រដ្ឋ ខណៈពួកគេថា អ្នកផ្តល់សេវាដែលជាភ្នាក់ងារសាធារណៈរបស់រដ្ឋ បានបន្ទន់ឥរិយាបថ និងគោរពតាមតួនាទីរបស់ខ្លួនបានល្អប្រសើរជាងមុន។
យោងតាមសេចក្ដីប្រកាសព័ត៌មានរួមដែលបានថ្លែងនៅក្នុងពិធីចុះអនុស្សរណៈយោគយល់មួយកាលពីម្សិលមិញ រវាងអង្គការទស្សនៈពិភពលោក និងអង្គការវឌ្ឍនភាពប្រមាណ ១១ ផ្សេងទៀត ដែលមានទឹកប្រាក់ជិត ៣ លានដុល្លារ ក្នុងការអនុវត្តគម្រោងគណនេយ្យភាពសង្គម ដើម្បីធ្វើឲ្យប្រសើរឡើងនូវសេវាសាធារណៈក្នុងខេត្តចំនួន ៥ ក្រោមការគាំទ្រថវិកាដោយសហភាពអឺរុប និងអង្គការទស្សនៈពិភពលោកប្រចាំប្រទេសអាល្លឺម៉ង់។
សេចក្ដីប្រកាសព័ត៌មានដដែលបានឲ្យដឹងថាក្រុមអង្គការទាំងនោះ រំពឹងថា គម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ២,៨ លាននាក់ តាមរយៈការធ្វើឲ្យប្រសើរឡើងនូវសេវាសាធារណៈនៅក្នុងឃុំចំនួន ២៩២ ឃុំ សាលាបឋមសិក្សាចំនួន ៥៧១ សាលា និងមណ្ឌលសុខភាពចំនួន ២១៦ កន្លែងនៅក្នុងខេត្តចំនួន ៥ មានខេត្តតាកែវ កំពង់ចាម ពោធិ៍សាត់ បាត់ដំបង និងខេត្តកំពង់ស្ពឺ បន្ទាប់ពីគម្រោងគណនេយ្យ-ភាពសង្គមដើម្បីធ្វើឲ្យប្រសើរឡើងនូវសេវាសាធារណៈនេះ បានអនុវត្តតាំងពីឆ្នាំ ២០១៥ មក។
លោក ឡេង វិរៈ នាយកប្រតិបត្តិនៃអង្គការទស្សនៈពិភពលោកប្រចាំនៅកម្ពុជាបានថ្លែងក្នុងឱកាសនោះថា បច្ចុប្បន្នសេវាសាធារណៈទាំងនេះ មានភាពល្អប្រសើរ ព្រោះតែការប្រែប្រួលឥរិយាបថរបស់អ្នកផ្តល់សេវា និងការរីកចម្រើននូវចំណេះដឹងរបស់ប្រជាពលរដ្ឋដែលជាអ្នកទទួលនូវសេវានេះ។
លោក វិរៈ ថ្លែងថា៖ «តាមរយៈដែលយើងចុះជាទៀងទាត់ និងតាមរយៈក្រុមការងាររបស់យើងឃើញថាមានការផ្លាស់ប្តូរ ហើយការចង់ឃើញសេវាសាធារណៈមានភាពល្អប្រសើរឡើង គឺលែងជាគម្រោងទៀតហើយ ព្រោះពលរដ្ឋគាត់បានដឹងថា មណ្ឌលសុខភាពមានសេវានេះ សាលារៀន ឃុំ សង្កាត់ មានសេវានេះ ដែលគាត់ត្រូវធ្វើ។ អ៊ីចឹងទេប្រជាពលរដ្ឋលោកដឹង ពីអ្វីដែលគាត់ត្រូវទទួលបាននូវសេវាទាំងអស់ហ្នឹង គាត់ហ៊ានតថ្លៃយកមកវិញ។ ពីមុនមក ប្រហែលជាគាត់មិនបានដឹង (ពីសិទ្ធិ) របស់គាត់ ដែលពេលដែលគាត់ទៅរកសេវាសាធារណៈម្តងៗគាត់លន់តួ (អ្នកបម្រើសេវា)សុំជួយអ៊ីចេះ ជួយអ៊ីចុះ ពេលខ្លះគេឲ្យពេលខ្លះគេមិនឲ្យ»។
លោក វិរៈ បានអះអាងថា គម្រោងគណនេយ្យភាពសង្គមដើម្បីធ្វើឲ្យប្រសើរឡើងនូវសេវាសាធារណៈនៅកម្ពុជារយៈពេលកន្លងមកនេះ បានឲ្យប្រជាពលរដ្ឋមានការយល់ដឹងពីអ្វីដែលពួកគាត់ គួរតែទទួលបានពីសេវាសាធារណៈទាំងនេះឲ្យបានខ្ពស់បំផុត ដើម្បីឆ្លើយតបនឹងភាពជាតំណាងរបស់ពលរដ្ឋ ដែលបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនរដ្ឋាភិបាល និងអាជ្ញាធរថ្នាក់មូលដ្ឋាន។
លោក ងី ចន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានចូលរួមក្នុងឱកាសនោះ បានលើកឡើងថា នេះគឺជាភាពជោគជ័យដ៏ធំមួយទៀតសម្រាប់ការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមនៅកម្ពុជា។
អង្គការទស្សនៈ-ពិភពលោកគឺជាដៃគូដ៏សំខាន់ក្នុងការជួយគាំទ្រដល់ការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម ហើយតាមរយៈការចូលរួមពីអង្គការក្នុងស្រុក អង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ទាំងអស់ យើងនឹងអាចសម្រេចបាននូវការធ្វើឲ្យប្រសើរឡើងនូវគុណភាពនៃសេវាសាធារណៈថ្នាក់មូលដ្ឋាន ដើម្បីជាប្រយោជន៍ដល់កុមារនិងគ្រួសារកម្ពុជារាប់លាននាក់នៅទូទាំងប្រទេសផងដែរ។
លោក ចន្រ្ទផល បញ្ជាក់ថា៖ «តាមបទពិសោធន៍កន្លងមក គឺយើងនឹងបន្តពង្រឹងយន្តការ ពង្រឹងធនធានមនុស្សនៅតាមមូលដ្ឋាន និងដាក់ចេញនូវសេចក្តីណែនាំផ្សេងៗ ដើម្បីបន្តទៅថ្ងៃក្រោយ ដែលយើងនៅមានការខ្វះខាតខ្លះ ហើយបើមិនមានការចូលរួមបែបហ្នឹងទេ គឺការ-អនុវត្តសេវាសារធាណៈនេះ អាចមានការយឺតយ៉ាវ និងប្រើពេលវេលាយូរ»។
លោកស្រី Francesca Ciccomartino តំណាងសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានចាត់ទុកថា ការចូលរួមក្នុងពេលនេះជាការចូលរួមចំណែកអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម ហើយវាបានត្រួសត្រាយផ្លូវឆ្ពោះទៅកាន់ការផ្តល់សេវាសាធារណៈឆាប់រហ័ស មានគណនេយ្យភាព និងប្រកបដោយតម្លាភាព។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលឲ្យដឹងថា កម្មវត្ថុនៃ MoU នេះ គឺដើម្បីជួយអង្គការដៃគូទាំងអស់ឲ្យបំពេញការងាររួមគ្នាក្នុងគោលបំណងធ្វើឲ្យមានភាពប្រសើរឡើងនូវសេវាសាធារណៈ ដែលត្រូវផ្តល់ដោយរាជរដ្ឋាភិបាលជូនដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបនៅតាមតំបន់គោលដៅរបស់អង្គការទាំងអស់នៅទូទាំងប្រទេស៕