
មន្ត្រីនគរបាលចរាចរណ៍ និងអ្នកពាក់ព័ន្ធ ជួយផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ពេលកន្លងមក។ នគរបាល
ភ្នំពេញៈ អង្គការសង្គមស៊ីវិលដែលកំពុងបំពេញការងារ ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងជាសមាជិក បណ្ដាញសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍រួម ដើម្បីអំពាវនាវដល់អាជ្ញាធរ និងអ្នកជាប់ពាក់ព័ន្ធឲ្យមានវិធានការចាំបាច់ប្រកបដោយប្រសិទ្ធភាពខ្ពស់បន្ថែមទៀតក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងបុណ្យចូលឆ្នាំចិន និងបុណ្យជាតិសំខាន់ៗនៅកម្ពុជា។
តាមរយៈសេចក្ដីថ្លែងការណ៍រួមដែលចេញផ្សាយកាលពីថ្ងៃទី ១ ខែកុម្ភៈ បានលើកឡើងថា ជារៀងរាល់ឆ្នាំអ្នកស្លាប់មានចំនួនខ្ពស់គួរឲ្យព្រួយបារម្ភខ្លាំងនៅអំឡុងពេលបុណ្យសំខាន់ៗ ដូចជាបុណ្យចូលឆ្នាំខ្មែរ បុណ្យចូលឆ្នាំចិន បុណ្យភ្ជុំបិណ្ឌ និងបុណ្យអុំទូកជាដើម។
សេចក្ដីថ្លែងការណ៍បង្ហាញថា ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ជាសរុបក្នុងពេលពិធីបុណ្យសំខាន់ៗទាំង ៤ ខាងលើ គឺមានចំនួនប្រហែលជាង ១០ ភាគរយ នៃចំនួនអ្នកស្លាប់សរុបក្នុង ១ ឆ្នាំៗ ហើយមានអ្នកស្លាប់ជាមធ្យមចន្លោះពី ៦ ទៅ ១១ នាក់ក្នុងមួយថ្ងៃ។
ក្រុមអង្គការសង្គមស៊ីវិលបានថ្លែងថា៖ «យើងខ្ញុំសូមអំពាវនាវ ដល់ស្ថាប័នរាជរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ សូមបង្កើតឲ្យមានកម្មវិធីអប់រំផ្សព្វផ្សាយកាន់តែច្រើនថែមទៀត និងទូលំទូលាយ ដល់ប្រជាពលរដ្ឋនៅតាមប្រព័ន្ធផ្សព្វផ្សាយ និងសហគមន៍មូលដ្ឋានក្នុងអំឡុងពេល និងក្រោយពេលបុណ្យចូលឆ្នាំចិន ក៏ដូចជាពិធីបុណ្យជាតិសំខាន់ផ្សេងទៀត»។
សេចក្ដីថ្លែងការណ៍នេះ បានអំពាវនាវផងដែរទៅដល់ សង្គមស៊ីវិល និងក្រុមហ៊ុនឯកជនផ្សេងទៀត បង្កើតឲ្យមានគោលនយោបាយសុវត្ថិភាពចរាចរណ៍ សម្រាប់អនុវត្ដជាមួយបុគ្គលិកនៅកន្លែងធ្វើការ។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាសុី (AIP) ដែលរួមគ្នាចេញសេចក្ដីថ្លែងការណ៍នេះដែរបានឲ្យដឹងថា៖ «យើងនៅតែមើលឃើញថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ នៅតែជាបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរនៅកម្ពុជាយើង។ យើងកត់សម្គាល់ឃើញថា គ្រោះថ្នាក់ចរាចរណ៍នេះ វាកើតឡើងខ្លាំងនៅអំឡុងពេលរដូវបុណ្យទាននេះតែម្ដង។ ដូចយើងដឹងហើយថា កាលពីឆ្នាំ ២០១៨ កន្លងទៅ ចំនួនអ្នកស្លាប់បានកើនឡើងលើសពីឆ្នាំ ២០១៧ រហូតដល់ទៅ ៩ នាក់។ ចំណែកបុណ្យទានផ្សេងទៀតក៏មានការកើនឡើងចំនួនអ្នកស្លាប់ដូចបុណ្យចូលឆ្នាំចិននេះដែរ»។
តាមរបាយការណ៍នគរបាលចរាចរណ៍ផ្លូវគោក ដោយមិនទាន់រាប់បញ្ចូលទិន្នន័យពីវិស័យសុខាភិបាល បានឲ្យដឹងថា ក្នុងរយៈពេល ៤ ថ្ងៃនៃបុណ្យចូលឆ្នាំចិនកាលពីឆ្នាំ ២០១៨ មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍រហូតទៅដល់ ៤៤ នាក់ កើនលើសឆ្នាំ ២០១៧ ចំនួន ៩ នាក់ បើធៀបនឹងពេលវេលាដូចគ្នា។
ដោយឡែករបាយការណ៍រយៈពេលពេញ ១ ខែ ក្នុងខែមករា ឆ្នាំ ២០១៩ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាកើតឡើង ៣៣១ ករណី បណ្តាលឲ្យមនុស្ស ១៤៨ នាក់ស្លាប់ និងមនុស្ស ៥១៧ នាក់ផ្សេងទៀតរបួសធ្ងន់ និងស្រាល។
យោងតាមរបាយការណ៍ប្រចាំឆ្នាំនៃប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ ២០១៧ បានឲ្យដឹងថា មានមនុស្សរងរបួសធ្ងន់ជាង ៤៨៥៣ នាក់ និងស្លាប់ចំនួន ១៩៧៦ នាក់ និងធ្វើឲ្យប្រទេសកម្ពុជាខាតថវិកាអស់ជាច្រើនរយលានដុល្លារអាមេរិកផងដែរ។
ស្ថិតិប្រមាណ ៩៨ ភាគរយនៃគ្រោះថ្នាក់គឺបណ្ដាលមកពីកត្តាមនុស្ស ដោយបើកបរក្នុងល្បឿនមិនសមស្រប បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និយាយទូរស័ព្ទ ហើយ ៧៥ ភាគរយនៃអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍គឺជាអ្នកធ្វើដំណើរដោយម៉ូតូ។ ចំនួនអ្នកស្លាប់នេះ ៣០ ដងច្រើនជាងអ្នកស្លាប់ដោយសារគ្រាប់មីន ជំងឺគ្រុនចាញ់និងជំងឺគ្រុនឈាមបូកបញ្ចូលគ្នាក្នុងឆ្នាំ ២០១៧៕