ភ្នំពេញៈ ការិយាល័យ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស OHCHR បានប្រគល់ពានរង្វាន់យុវជនសិទ្ធិមនុស្សឆ្នាំ ២០២០ ដល់យុវជន ៦ ក្រុម ដែលបានផលិតវីដេអូខ្លីៗមានខ្លឹមសារលើកកម្ពស់ និងការពារសិទ្ធិមនុស្ស គណនេយ្យភាពលើការអភិវឌ្ឍ និងសន្តិភាពនៅកម្ពុជា។
ពិធីប្រគល់ពានរង្វាន់នេះធ្វើឡើងកាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន សម្រាប់ក្រុមទាំង ៦ ដែលមានសមាជិក ២៧ នាក់ ហើយក្រុមដែលទទួលបានពាននេះត្រូវបានជ្រើសរើសពីក្រុមចូលរួមសរុប ១៨ ក្រុម។ ពួកគេទទួលបានការបណ្ដុះបណ្ដាលអំពីសិទ្ធិមនុស្ស និងការផលិតវីដេអូផ្ដោតលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។
OHCHR រៀបចំពានរង្វាន់យុវជនសិទ្ធិមនុស្សឆ្នាំ ២០២០ ជាមួយអង្គការក្នុងស្រុកជាច្រើនដែលធ្វើការពាក់ព័ន្ធនឹងយុវជន និងដោយមានការគាំទ្រពីស្ថានទូតជប៉ុន និងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា។ វីដេអូទាំង ៦ ដែលទទួលបានពាននិយាយពីការបញ្ឈប់ការរើសអើង តួនាទីពលរដ្ឋក្នុងការចូលរួមបោះឆ្នោត,សិទ្ធិរបស់កុមារក្នុងការជ្រើសរើសមុខរបរសំឡេងរបស់ជនមានពិការភាពក្នុងការធ្វើការសម្រេចចិត្ត,ការការពារសិទ្ធិពលករចំណាកស្រុក និងការមិនរើសអើងលើអ្នកធ្លាប់ជាប់ពន្ធនាគារ។
វីដេអូទាំង ៦ នេះត្រូវបានបង្ហោះលើបណ្ដាញសង្គមរបស់ OHCHR នៅក្នុងខែវិច្ឆិកា។ ក្នុងរយៈពេលតិចជាង ១០ ថ្ងៃ វីដេអូទាំងនេះត្រូវមើលជាង ១៩ ម៉ឺននាក់ និងមានប្រតិកម្មជាង ២០ ម៉ឺន បន្ទាប់ពីត្រូវបានមនុស្សជាង ២ លាននាក់បានឃើញ។
អ្នកចូលរួមម្នាក់ឈ្មោះ សុខឃីម បានថ្លែងអំណរគុណដល់ OHCHR ដែលបានរៀបចំកម្មវិធីនេះ ហើយជឿថា គម្រោងនេះបានលើកទឹកចិត្តដល់យុវជនឱ្យចូលរួមក្នុងការលើកកម្ពស់សិទ្ធិមនុស្សតាមរយៈការបញ្ចេញទស្សនៈរៀងៗខ្លួន។
លោកស្រី Claudia de La Fuente តំណាងរងនៃ OHCHR បានថ្លែងប្រាប់ភ្នំពេញ-ប៉ុស្តិ៍កាលពីថ្ងៃទី ១៨ មករាថា៖ «យើងត្រេកអរនឹងការប្ដេជ្ញា និងការសាទររបស់ពួកគេក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅកម្ពុជា។ OHCHR នឹងបន្តបង្កើតនូវគម្រោងនានាអំពីយុវជន ដើម្បីឆ្លើយតបនឹងចំណាប់អារម្មណ៍របស់យុវជនកម្ពុជាក្នុងការស្វែងយល់បន្ថែម និងលើកកម្ពស់បញ្ហាសិទ្ធិមនុស្ស ដែលពាក់ព័ន្ធនឹងប្រជាជនទាំងអស់នៅកម្ពុជា»។
លោក Nobuo Mori លេខាទី១ នៃស្ថានទូតជប៉ុនប្រចាំកម្ពុជាថ្លែងក្នុងពិធីប្រគល់ពានរង្វាន់ថា លោករីករាយណាស់ដែលបានមើលវីដេអូទាំង ៦។ លោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងដែលយុវជនមើលឃើញ និងយកបញ្ហានានានៅក្នុងសង្គមមកបង្ហាញ ដោយផ្ដោតលើទិដ្ឋភាពថ្មី។ ក្នុងនាមជាមិត្តយូរអង្វែងរបស់កម្ពុជា ជប៉ុននឹងដើរតួនាទីក្នុងការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយប្រជាធិបតេយ្យនៅកម្ពុជា»។
លោកថ្លែងថា៖ «បញ្ហាសង្គមទាំងអស់នេះមិនមែនកើតមានតែនៅកម្ពុជាទេ វាក៏កើតនៅគ្រប់ប្រទេស។ ការប្ដេជ្ញាចិត្តចូលរួមពីមនុស្សជំនាន់ថ្មីដូចជាអ្នកដើម្បីធ្វើឱ្យស្ថានភាពប្រសើរឡើងគឺជាចំណុចគន្លឹះដើម្បីធ្វើឱ្យមានការកែប្រែ»។ លោកបន្តថា ការរួមបញ្ចូលកិច្ចប្រឹងប្រែងតូចៗទាំងនេះនឹងជាមូលដ្ឋានមិនប្រែប្រួលសម្រាប់ឱ្យកម្ពុជាទទួលបាននូវការអភិវឌ្ឍប្រកបដោយវិជ្ជមាននាពេលអនាគត»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានថ្លែងថា គណៈកម្មាធិការនេះក៏បានចូលរួមផ្ដល់យោបល់លើគម្រោងផលិតវីដេអូពីបញ្ហាសិទ្ធិមនុស្សនេះដែរ។
លោកថ្លែងថា ប្រសិនបើគម្រោងនេះធ្វើបានល្អវានឹងធ្វើឱ្យយុវជនចេះស្រាវជ្រាវលក្ខណៈវិទ្យាសាស្ត្រ ដូចជាការស្រាវជ្រាវឯកសារ និងសម្ភាសជាមួយមនុស្ស និងមន្ត្រីពាក់ព័ន្ធនឹងប្រធានបទនីមួយៗ។
លោកបានបញ្ជាក់ថា៖ «វានឹងជួយឱ្យពួកគេវិភាគ និងបញ្ចេញមតិយោបល់អំពីបញ្ហាសិទ្ធិមនុស្សដោយផ្អែកលើវិធីសាស្ត្រដែលមានលក្ខណៈវិទ្យាសាស្ត្រ និងគ្រប់ជ្រុងជ្រោយ។
វានឹងជួយឱ្យយុវជនយល់ដឹងពីបញ្ហាសិទ្ធិមនុស្ស ហើយពួកគេអាចអនុវត្តសិទ្ធិរបស់ពួកគេស្របទៅតាមច្បាប់»៕