ភ្នំពេញៈ ក្រសួងយុត្ដិធម៌កាលពីម្សិលមិញបានចុះកិច្ចព្រមព្រៀងជាមួយអង្គការ OXFAM ដើម្បីទទួលជំនួយឧបត្ថម្ភក្នុងការរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា តាមរយៈការគាំទ្ររៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការពិតប្រាកដរបស់សង្គមកម្ពុជា។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររៀបចំយន្តការនេះថ្លែងក្នុងពេលចុះកិច្ចព្រមព្រៀងកាលពីម្សិលមិញនៅទីស្ដីការក្រសួងយុត្ដិធម៌ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះគឺពាក់ព័ន្ធដល់យន្តការដោះស្រាវវិវាទក្រៅប្រព័ន្ធតុលាការ។ ដូច្នេះជំនួយនេះគឺជំនួយពាក់ព័ន្ធដល់ដំណើរការនៃការរៀបចំនូវកិច្ចប្រជុំពិគ្រោះយោបល់ជាមួយគ្រប់ភាគីពាក់ព័ន្ធទៅលើឯកសារទស្សនទាននៃយន្តការនេះ។
លោកថ្លែងបន្តថា៖ «អង្គការ OXFAM បានរីករាយក្នុងការសហការជាមួយក្រសួងយុត្ដិធម៌ព្រោះការងារនេះត្រូវនឹងទិសដៅរបស់គាត់ក្នុងការលើកស្ទួយសិទ្ធិរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ជាពិសេសគឺសិទ្ធិផ្នែកសេដ្ឋកិច្ច សិទ្ធិផ្នែកសង្គម និងសិទ្ធិផ្នែកទទួលបានយុត្ដិធម៌ តាមរយៈការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ»។ លោក ជិន ម៉ាលីន បានថ្លែងថា បច្ចុប្បន្នយន្តការនេះសម្រេចបានលើការរៀបចំសេចក្ដីព្រាងបឋមមួយចំនួនមានដូចជាឯកសារទស្សនទានជាដើម (Zero- Draft)។
លោកបញ្ជាក់ថា៖ «ឯកសារទស្សនទានសម្រាប់យន្តការនេះ យើងបានស្រាវជ្រាវទាំងអស់ពាក់ព័ន្ធទាំងច្បាប់ជាតិ និងអន្តរជាតិ និងការអនុវត្ដល្អជាអន្តរជាតិក្នុងតំបន់ និងបរិបទរបស់កម្ពុជា រួមមានវប្បធម៌ប្រពៃណី និងប្រវត្តិសាស្ដ្ររបស់កម្ពុជា»។
លោកបន្ថែមថា៖ «យន្តការនេះគឺយើងចង់រៀបចំយ៉ាងម៉េចឱ្យវាឆ្លើយតបទៅនឹងសេចក្តីត្រូវការពិតប្រាកដរបស់សង្គមកម្ពុជា។ យើងរៀនសូត្រពីបណ្ដាប្រទេសដទៃ ក៏ប៉ុន្ដែយើងអត់ចម្លងពីគេមកទាំងស្រុងទេ យើងដកយកបទពិសោធល្អៗ ហើយយើងច្នៃយ៉ាងម៉េចឱ្យត្រូវនឹងបរិបទរបស់កម្ពុជា»។
លោកស្រី លឹម សូលីន នាយិកាប្រចាំប្រទេសនៃអង្គការ Oxfam នៅកម្ពុជា ថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថាកិច្ចសហប្រតិបត្ដិការជាមួយក្រសួងយុត្ដិធម៌នេះគឺជាការបើកលម្ហផ្លូវមួយនៃកិច្ចការរវាងអង្គការសង្គមស៊ីវិល ជាតិ និងអន្តរជាតិជាមួយក្រសួងយុត្ដិធម៌។
លោកស្រីថ្លែងថា៖ «ក្នុងនាមអង្គការអន្តរជាតិ តាមរយៈកិច្ចសហប្រតិបត្ដិការនេះគឺយើងនឹងជួយជំរុញដល់ប្រតិបត្ដិការនៃយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់ក្រសួងយុត្ដិធម៌ឱ្យកាន់តែបានជោគជ័យ និងមានវិសាលភាពកាន់តែទូលាយ ដើម្បីជួយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការប្រកបដោយតម្លាភាព និងពេញសិទ្ធិដល់ពលរដ្ឋ»។
បើតាមលោក ម៉ាលីន បច្ចុប្បន្នក្រៅពីមានកិច្ចសហការជាមួយអង្គការ OXFAM ក្រសួងយុត្ដិធម៌ក៏ទទួលបានកិច្ចសហការក្នុងការរៀបចំយន្តការនេះពីភាគីពាក់ព័ន្ធសំខាន់ៗមួយចំនួន ដូចជា សហភាពអឺរ៉ុប ឧត្តមស្នងការសិទ្ធិមនុស្សនៅកម្ពុជាជាដើម។ ក្រសួងយុត្ដិធម៌នឹងប្រឹងប្រែងរៀបចំយន្តការនេះឱ្យបានចប់រួចរាល់នៅឆ្នាំ ២០២១។
លោកបញ្ជាក់ថា៖ «តាមរយៈយន្តការនេះនឹងចូលរួមកាត់បន្ថយសំណុំរឿងកកស្ទះនៅតាមតុលាការរាជធានី-ខេត្ត ព្រោះករណីវិវាទមួយចំនួនត្រូវបានដោះស្រាយបញ្ចប់នៅក្រៅប្រព័ន្ធតុលាការតែម្ដង»៕