ភ្នំពេញៈ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានប្រកាសឱ្យដឹងកាលពីថ្ងៃចន្ទថា ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ របស់ប្រទេសថៃបានធ្វើការសុំទោស និងដកយករូបប្រាសាទអង្គរវត្តចេញពីផ្ទៃខាងក្រោយនៃផ្ទាំងឃោសនាផ្សាយពាណិជ្ជកម្មរបស់គេហើយ បន្ទាប់ពីមានប្រតិកម្មពីប្រជាពលរដ្ឋកម្ពុជា។
ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃដែលបានបង្ហោះសារដោយភ្ជាប់នឹងលិខិតរបស់លោក ចាក់គ្រីត ឌីរេកវឌ្ឍនាឆៃ អគ្គនាយករងផ្នែកកិច្ចការសាជីវកម្មនៃក្រុមហ៊ុន BEC Multi media Company Limited បានឱ្យដឹងថា ការសុំទោសនេះបានធ្វើឡើងក្រោយពីស្ថានទូតកម្ពុជាបានទំនាក់ទំនងទៅកាន់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ដើម្បីសុំការបកស្រាយ ដោយសារកុននេះមិនពាក់ព័ន្ធនឹងកម្ពុជា។
លិខិតដដែលនេះបានឱ្យដឹងថា បន្ទាប់ពីទទួលបានប្រតិកម្មយ៉ាងខ្លាំងតាមកម្មវិធីបណ្តាញសង្គមហ្វេសប៊ុកទាក់ទងកុនភាគថៃមួយមានចំណងជើងថា «សន្យាស្នេហ៍» ដែលបានចាក់ផ្សាយនៅក្នុងទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៣ ដោយបានយករូបប្រាសាទអង្គរវត្តទៅដាក់ផ្ទៃខាងក្រោយនៃផ្ទាំងឃោសនាផ្សាយពាណិជ្ជកម្ម។
សារលិខិតនោះក៏បានសន្យាថានឹងគ្មានរូបភាពប្រាសាទអង្គរវត្ត លេចឡើងនៅលើសម្ភារផ្សព្វផ្សាយនៃរឿង «សន្យាស្នេហ៍» តទៅទៀតទេ។ «យើងខ្ញុំគ្មានបំណងប្រើប្រាស់រូបភាពប្រាសាទអង្គរវត្តក្នុងន័យទុច្ចរិតណាមួយឡើយ។ យើងខ្ញុំនឹងបន្តធ្វើការដោយប្រុងប្រយ័ត្ន ដើម្បីចៀសវាងផលប៉ះពាល់ដែលកើតឡើងនាពេលអនាគត ដែលនាំឱ្យខូចខាតទំនាក់ទំនងប្រទេសយើងទាំង ២»។
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌បានឱ្យដឹងថា អង្គរវត្តគឺជាបេតិកភណ្ឌពិភពលោក។ ការប្រើប្រាស់រូបភាពប្រាសាទអង្គរវត្តមិនតម្រូវឱ្យសុំសិទ្ធិសេដ្ឋកិច្ចទេ តែត្រូវសុំសិទ្ធិសីលធម៌»៕