ភ្នំពេញៈ គណៈកម្មាធិការ​អង្គការសហប្រជាជាតិ​ (UN) ​ស្ដីពី​ការលុបបំបាត់​ការរើសអើង​ពូជសាសន៍​បាន​និង​កំពុងបើក​សម័យប្រជុំ​សាធារណៈ​មួយ​នៅ​ទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វ៊ីស​ចាប់ពី​ថ្ងៃទី​ ២៥ ខែ​វិច្ឆិកា​ ដល់​ថ្ងៃទី​ ១៣ ​ខែធ្នូ ដើម្បី​ពិនិត្យ​របាយការណ៍​របស់​ប្រទេស​ចំនួន​ ៥ រួមទាំង​កម្ពុជា​ផងដែរ ស្ដីអំពី​ការអនុវត្ត​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ការលុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​ពូជសាសន៍​។ ឯ​របាយការណ៍​ពី​កម្ពុជា​នឹង​ត្រូវ​ពិនិត្យ​នៅ​ថ្ងៃទី​ ២៨-២៩ ខែ​វិច្ឆិកា​។

សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​របស់​ការិយាល័យ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​កាលពី​សប្ដាហ៍​មុន​បាន​បញ្ជាក់ថា ក្នុងចំណោម​ប្រទេស​ទាំង​ ១៨២ ​ប្រទេស​នៃ​រដ្ឋភាគី អនុសញ្ញា​អន្តរជាតិ​ស្តីពី​ការលុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​ពូជសាសន៍ គឺ​មាន​ចំនួន​ ៥ ​ប្រទេស​។

ក្នុងនោះ​មាន​ដូចជា​ប្រទេស​ កូឡុំប៊ី អៀរឡង់ អ៊ីស្រាអែល អូសប៊េគីស្ថាន និង​ប្រទេស​ កម្ពុជា​ ត្រូវ​បាន​តម្រូវ​ឱ្យមាន​ការពិនិត្យ​ឡើងវិញ​ជា​ទៀងទាត់​លើ​របៀប​ដែល​ប្រទេស​ទាំងនេះ​អនុវត្តតាម​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ការលុបបំបាត់​ការ​រើសអើង​ពូជសាសន៍ និង​ការ​អនុវត្តតាម​អនុសាសន៍​មុនៗ​ដែល​ប្រទេស​ទាំងនេះ​ទទួល​យក​ពី​គណៈកម្មាធិការ​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការលុបបំបាត់​ការរើសអើង​ពូជសាសន៍​នេះ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​សរសេរ​ថា​៖ «​គណៈកម្មាធិការ​នឹង​ធ្វើការ​សន្ទនា​ជាមួយ​គណៈប្រតិភូ​របស់​រដ្ឋាភិបាល​ និង​ការធ្វើ​បទបង្ហាញ​សង្ខេប​ដោយ​អង្គការ​សង្គម​ស៊ីវិល ស្ថាប័ន​សិទ្ធិមនុស្សជាតិ និង​ដោយ​ក្របខ័ណ្ឌ​ត្រួតពិនិត្យ​ឯករាជ្យ​។ គណៈកម្មាធិការ​នឹង​បន្តការងារ​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការប្រាស្រ័យ​ទាក់ទង​អន្តររដ្ឋ​ដែល​បាន​ដាក់​ជូនទៅ​គណៈកម្មាធិការ​នៅក្នុង​ឆ្នាំ​ ២០១៨»​។

កាលពី​ថ្ងៃទី​ ៥ វិច្ឆិកា ឆ្នាំ​ ២០១៩ ​នេះ​ក្រសួង​មហាផ្ទៃ​បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​មួយ​ដើម្បី​ប្រមូល​ព័ត៌មាន និង​ធាតុ​ចូល​ស្ដីពី​សិទ្ធិមនុស្ស ជនជាតិភាគតិច និង​អន្តោប្រវេសន៍​នៅ​កម្ពុជា​សម្រាប់​ចងក្រង​ជា​ទិន្នន័យ​ដាក់​ទៅ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ដែល​ត្រៀម​ទៅ​ចូលរួម​សម័យប្រជុំ​របស់​គណៈកម្មាធិការ​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការលុបបំបាត់​ការរើសអើង​ពូជសាសន៍​។ ក្នុង​កិច្ចប្រជុំ​នោះ​កម្ពុជា​ក៏​នឹង​ឡើង​ថ្លែង​ការពារ​របាយការណ៍​របស់​ខ្លួន​ចំនួន​ ១៥ ​ចំណុច​ស្ដីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។

លោក​ ជិន ម៉ាលីន អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បានលើក​ឡើង​កាលពី​ថ្ងៃទី ២៦ វិច្ឆិកា ថា វា​ជា​យន្តការ​ធម្មតា ដោយសារ​តាមនីតិវិធី​របស់​អង្គការ​សហប្រជាជាតិ​គឺ​រាល់​រដ្ឋ​ជា​សមាជិក​នៃ​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ការលុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​ពូជសាសន៍​ត្រូវ​ដាក់​របាយការណ៍​ស្ដីពី​ការអនុវត្ត​តាមអនុសញ្ញា​នេះ​ទៅ​អង្គការ​សហប្រជាជាតិ ដើម្បី​ពិនិត្យ​។ អង្គការសហប្រជាជាតិ​ក៏​នឹង​ត្រូវ​អញ្ជើញ​តំណាង​ឱ្យ​ប្រទេស​មួយចំនួន​ទៅ​ចូលរួម​ធ្វើ​បទបង្ហាញ​ និង​សួរដេញដោល​អំពី​របាយការណ៍​របស់​រដ្ឋ​ទាំងនោះ​។

លោក​បន្តថា កម្ពុជា​បញ្ជូន​គណៈប្រតិភូ​ចំនួន​ ៧ ​រូប​ដែល​មកពី​ក្រសួង​ និង​ស្ថាប័ន​ចំនួន​ ៥ គឺ​ក្រសួងមហាផ្ទៃ ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រសួងយុត្តិធម៌ ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ដើម្បី​ឡើង​ការពារ​របាយការណ៍​របស់​ខ្លួន​នៅក្នុង​សម័យប្រជុំ​របស់​គណៈកម្មាធិការ​ UN ​នេះ​រយៈពេល​ ២ ​ថ្ងៃ​គឺ​ថ្ងៃទី​ ២៨ ​ដល់​ថ្ងៃទី​ ២៩ ខែវិច្ឆិកា​នេះ​។

លោក​ថ្លែងថា​៖ «​គណៈប្រតិភូ​កម្ពុជា​នឹង​ធ្វើ​បទបង្ហាញ​ខ្លឹមសារ​សង្ខេប​ពាក់ព័ន្ធ​នឹង​របាយការណ៍​របស់​យើង​ទៅ​ដល់​គណៈកម្មាធិការ​អំពី​ការវិវឌ្ឍ​ជា​វិជ្ជមាន​ពាក់ព័ន្ធ​នឹង​ទិដ្ឋភាព​ការងារ​ហ្នឹង​ (​ការទប់ស្កាត់​ការរើសអើង​ពូជសាសន៍​) ព្រមទាំង បញ្ហា​ប្រឈម និង​ទិសដៅ​ទៅមុខ​។ គណៈកម្មាធិការ​នឹង​ចោទ​ជា​សំណួរ​មួយចំនួន​ឱ្យ​យើង​ឆ្លើយ រួមទាំង​ផ្ដល់​អនុសាសន៍​ដើម្បី​ឱ្យ​យើង​យកទៅ​អនុវត្ត​បន្ត​ក្នុង​ការធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ការទប់ស្កាត់​ការរើសអើង​ពូជសាសន៍​»​។

លោក​ ជិន ម៉ាលីន បន្ថែម​ថា​នៅពេល​ធ្វើ​បទបង្ហាញ​ជូន​គណៈកម្មាធិការ​អង្គការ​សហប្រជាជាតិ​នេះ គណៈប្រតិភូ​របស់​កម្ពុជា​នឹង​លើកឡើង​អំពី​ការរៀបចំ​ក្របខ័ណ្ឌ​ច្បាប់ និង​គោលនយោបាយ​របស់​កម្ពុជា​ក្នុង​ការលើកតម្កើង​សិទ្ធិ​លើ​គ្រប់​វិស័យ​ទាំងអស់​របស់​ក្រុម​ជនជាតិដើម​ភាគតិច ក្រុម​និគមជន​វៀតណាម និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ដូចជា​សិទ្ធិ​សង្គមកិច្ច សេដ្ឋកិច្ច វប្បធម៌ សិទ្ធិ​ពលរដ្ឋ និង​នយោបាយ​ជាដើម​។

មន្ត្រី​រដ្ឋាភិបាល​រូបនេះ​បញ្ជាក់​ថា របាយការណ៍​ដែល​កម្ពុជា​ដាក់​ទៅ​គណៈកម្មាធិការ​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការលុបបំបាត់​ការរើសអើង​ពូជសាសន៍ រួមទាំង​អនុសាសន៍​មួយ​ចំនួន​ដែល​កម្ពុជា​ត្រូវ​ទទួល​យកមក​អនុវត្ត​បន្ថែមទៀត​នឹង​ត្រូវ​ចេញផ្សាយ​នៅ​ក្រោយពី​បញ្ចប់​សម័យប្រជុំ​នេះ​៕