ភ្នំពេញៈ របាយការណ៍​សិក្សា​ស្រាវជ្រាវ​មួយ​របស់​អង្គការ កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) បាន​អះអាង ថា វិបត្តិ​កូវីដ​១៩ គឺជា​កត្តា​ជំរុញ​ឲ្យ​កម្ពុជា​បង្កើត​កម្មវិធី​គាំពារ​សង្គម​ទ្រង់ទ្រាយ​ធំ ហើយ​ថា​កម្ពុជា​អាច​ចំណាយ​ថវិកា​ត្រឹមតែ​ក្រោម ១,៥ ភាគរយ​ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ខ្លួន ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​ឲ្យ​មក​នៅក្រោម ៣ ​ភាគរយ​។

របាយការណ៍​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​មាន​ចំណងជើង​ថា «​បំពេញ​តម្រូវការ​នៃ​សេវា​គាំពារ​សង្គម​នៅ​កម្ពុជា​» បាន​ឲ្យ​ដឹងថា កម្ពុជា​បាន​អនុវត្ត​កម្មវិធី​ផ្ដល់​សាច់ប្រាក់​ដល់​ជនក្រីក្រ និង​ងាយ​រងគ្រោះ​ដោយសារ​កូវីដ​ ១៩​។ បើទោះបី​ជា​ការអន្តរាគមន៍​គ្រា​មាន​អាសន្ន​នេះ បច្ចុប្បន្ននេះ​នៅ​មាន​កម្រិត និង​បាន​ផ្ដល់នូវ​សំណាញ់​សុវតិ្ថភាព​សង្គម​ទ្រង់ទ្រាយ​ធំ​តិចជាង​ ១ ​ឆ្នាំ​ក៏ដោយ កម្មវិធី​នេះ​បង្ហាញ​ពី​ការរីកចម្រើន​កម្រិត​នយោបាយ និង​កម្រិត​ស្ថាប័ន​ដែល​អាច​ត្រួសត្រាយ​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​កម្មវិធី​អចិន្រៃ្តយ៍​មាន​ប្រសិទ្ធភាព និង​ប្រកប​ដោយ​មហិច្ឆតា​។

របាយការណ៍​លើកឡើង​ថា កម្ពុជា​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល ១៥ ​ឆ្នាំ​ចុង​ក្រោយនេះ និង​បាន​រក្សា​មិន​ឲ្យ​មាន​វិសមភាព​ប្រាក់ចំណូល​កម្រិត​ធំ​។ អត្រា​ភាពក្រីក្រ​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ពី​ប្រមាណ ៥០ ភាគរយ​នៃ​ពលរដ្ឋ​សរុប​នៅ​ឆ្នាំ ២០០៧ មក​នៅ​ទាប​ជាង ១០ ភាគរយ​នៅ​ឆ្នាំ​ ២០១៦​។

ក៏ប៉ុន្តែ​កម្ពុជា​មិនទាន់​មាន​សេវា​គាំពារ​សង្គម​មូលដ្ឋាន​ថ្នាក់ជាតិ​ដែលមាន​ប្រសិទ្ធភាព សម្រាប់​ជួយ​ដល់​ពលរដ្ឋ​កម្ពុជា​ដែល​រស់នៅក្នុង​ភាពក្រីក្រ​ទេ ហើយ​ការបង្កើត​ឡើង​នូវ​ជំនួយ​សង្គម​មាន​ភាពយឺតយ៉ាវ​។ នៅ​ឆ្នាំ ២០១៧ កម្ពុជា​បាន​អនុម័ត​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ដែល​ឧបត្ថម្ភ​ប្រាក់​ដល់​ពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​ដូចជា ចាស់ជរា ជន​មាន​ពិការភាព​ធ្ងន់ធ្ងរ ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​មាន​កូន​តូច សិស្ស​បឋមសិក្សា និង​មធ្យមសិក្សា​។ ក្របខ័ណ្ឌ​គោលនយោបាយ​នេះ​បង្ហាញ​ពី​ការពិចារណា​ហ្មត់ចត់ និង​ការប្ដេជ្ញាចិត្ត​ផ្នែក​នយោបាយ​យ៉ាងច្បាស់​លាស់​។ ប៉ុន្តែ​មិនទាន់​មាន​ផែនការ និង​ធានា​សេវា​គាំពារ​សង្គម​សម្រាប់​អ្នកក្រីក្រ​នៅ​វ័យ​ធ្វើការ​។ នេះ​បើតាម​របាយការណ៍​ដដែល​។

របាយការណ៍ UNDP លើកឡើង​ថា មាន​គំរូ​ ២ ​ក្នុង​ការផ្ដល់​ការគាំពារ​សង្គម នោះ​គឺ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​សុទ្ធ និង​ការបញ្ចូល​គ្នា​រវាង​ការផ្ដល់​សាច់ប្រាក់​ជាមួយ​ការផ្ដល់​ធន និង​ជំនាញ​ផ្សេងទៀត​។

របាយការណ៍​សរសេរ​ថា​៖ «​មិន​ថា​កម្ពុជា​ជ្រើសរើស​យក​មក​អនុវត្ត​នូវ​ការជួយ​គាំទ្រ​សង្គម​តាម​គំរូ​មួយណា យើង​ប៉ាន់ប្រមាណ​ថា ការចំណាយ​នឹង​មាន​ប្រមាណ ៨០ ​លាន​ដុល្លារ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​បាន​ពាក់កណ្ដាល ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា​កន្លះ​លាន​នាក់​អាចបំពេញ​តម្រូវការ​ជីវភាព​រស់នៅ​បាន​»​។

បើទោះបី​ជា​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជា​កម្មវិធី​បណ្ដោះអាសន្ន​ក៏ដោយ វា​នឹង​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​បាន​យ៉ាងច្រើន​ទាំង​នៅ​តំបន់​ជនបទ និង​នៅ​ទីក្រុង​។ ប្រសិន​បើ​កម្មវិធី​នេះ​បន្ត​ក្នុង​រយៈពេល​កាន់តែ​យូរ ផែនការ​គាំពារ​សង្គម​គ្រាអាសន្ន​ឆ្លើយតប​នឹង​កូវីដ​១៩​នេះ អាច​ជួយ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ជាង​ ១ ​លាន​នាក់​ចាកចេញ​ពី​ភាពក្រីក្រ និង​ជួយ​ឲ្យ​ជីវភាព​រស់នៅ​របស់​មនុស្ស​ជាច្រើន​នាក់​ទៀត​មាន​ភាពប្រសើរ​ឡើង​។

របាយការណ៍ UNDP សរសេរ​ថា​៖ «​នេះ​បង្ហាញ​ពី​គោលជំហរ​នយោបាយ​ដែល​មិន​ធ្លាប់មាន​ពីមុនមក ហើយ​ក៏​បង្ហាញ​ពី​ការរីកចម្រើន​កម្រិត​ស្ថាប័ន ឆ្ពោះ​ទៅ​កាន់​កម្មវិធី​មួយ​ដែល​មាន​ភាព​អចិន្រៃ្តយ៍ និង​ប្រកប​ដោយ​មហិច្ឆតា រួមទាំង​ការឆ្ពោះ​ទៅ​កាន់​ការបង្កើតឡើង​នូវ​កិច្ចគាំពារ​សង្គម​ជា​មូលដ្ឋាន​ថ្នាក់ជាតិ​»​។

កាលពី​ឆ្នាំ​ ២០១៨ ថវិកា​អតិរេក​របស់​កម្ពុជា​មាន​ចំនួន​ប្រមាណ ១៥០ ​លាន​ដុល្លារ​។ ប្រសិន​បើ​ថវិកា​នេះ​ត្រូវបាន​យកមកប្រើ​សម្រាប់​សំណាញ់​សុវត្ថិភាព​សង្គម នោះ​វា​ស្ទើរតែ​អាច​លុបបំបាត់​នូវ​ចន្លោះប្រហោង​នៃ​ភាពក្រីក្រ​។

លោក Nick Beresford តំណាង​អង្គការ UNDP មានប្រសាសន៍​តាមរយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា របាយការណ៍​នេះ​បង្ហាញថា ប្រព័ន្ធ​គាំទ្រ​មួយ​ដែល​ផ្អែកលើ​កិច្ចគាំពារ​សង្គម​ជា​មូលដ្ឋាន​ថ្នាក់ជាតិ​មាន​ប្រសិទ្ធភាព​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​ឲ្យ​មក​នៅក្រោម ៣ ​ភាគរយ ​ក្នុង​ចំណោម​ប្រជាជន​ទាំងអស់​។ នៅក្នុង​ពេល​ធម្មតា​នេះ កម្ពុជា​មាន​លទ្ធភាព​ក្នុង​ការសម្រេច​ [​កាត់បន្ថយ​ភាពក្រីក្រ​] ​បាន​។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ជារួម​រាជរដ្ឋាភិបាល​បាន​យកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ទៅលើ​ជីវភាព​របស់​ជនក្រីក្រ និង​ជន​ងាយ​រងគ្រោះ​។ បច្ចុប្បន្ននេះ​កម្ពុជា​កំពុង​ជួយ​ដល់​ពលរដ្ឋ​ដែល​រងផលប៉ះពាល់​ពី​វិបត្តិ​កូវីដ ហើយ​បន្ទាប់ពី​កូវីដ​ផុត​ទៅ រដ្ឋាភិបាល​នឹង​វិនិយោគ​ទៅលើ​វិស័យ​កសិកម្ម​ដើម្បី​ជួយ​ដល់​កសិករ​។ លោក​បន្តថា កម្មវិធី​លម្អិត​នៃ​ការគាំពារ​សង្គម​មានចែង​ក្នុង​គោលនយោបាយ​ដែល​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា កំពុង​អនុវត្ត​៕

វីដេអូ៖