ភ្នំពេញៈ មន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា អង្គការយូណេស្កូនឹងចុះសិក្សាអំពីលក្ខណសម្បត្តិរបស់ទីក្រុងចំនួន ៣ របស់កម្ពុជាគឺទីក្រុងបាត់ដំបង ទីក្រុងកំពត និងទីក្រុងក្រចេះដែលអាចនឹងឈានទៅទទួលស្គាល់ជាទីក្រុងមានភាពច្នៃប្រឌិត។ ការលើកឡើងនេះបន្ទាប់ពីលោករដ្ឋមន្ត្រីក្រសួងនេះបានជួបពិភាក្សាគ្នាជាមួយគណៈប្រតិភូអង្គការយូណេស្កូស្ដីពីវិស័យទេសចរណ៍កាលពីសប្ដាហ៍មុន។
លោក តុប សុភ័ក អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃចន្ទថា ការជ្រើសរើសជាទីក្រុងមានភាពច្នៃប្រឌិតនេះដោយសារទីក្រុងបាត់ដំបងមានផ្ទះបុរាណជាង ៨០០ ខ្នង និងសំណង់អគារបុរាណជាច្រើនទៀតដែលបន្សល់តាំងពីសម័យបារាំងក្នុងទសវត្សរ៍ទី ៦០ ហើយក្រុងចំនួន ២ ទៀតគឺក្រុងក្រចេះ និងកំពតក៏មានផ្ទះបុរាណ និងសំណង់អគារបុរាណដូចគ្នានេះផងដែរ។
លោកបន្តថា ទីក្រុងទាំង ៣ នេះក៏ជាគោលដៅទេសចរណ៍ដ៏ល្អ បើប្រៀបធៀបទៅនឹងគោលដៅទេសចរណ៍ផ្សេងៗទៀត បន្ទាប់ពីតំបន់ប្រាសាទអង្គរ។
លោកបានថ្លែងថា៖ «ដូចជាសំណង់អគារបុរាណនៅសាលាខេត្តបាត់ដំបងគឺសល់ពីសម័យបារាំងមកដល់បច្ចុប្បន្ននេះហើយខាងក្រចេះ និងកំពតក៏សល់សំណង់អគារបុរាណមួយចំនួនដែរ ក៏ប៉ុន្តែគ្រាន់តែថាក្នុងចំណោមទាំង ៣ ក្រុងហ្នឹងមានតែបាត់ដំបងមានច្រើនជាងគេ»។
កាលពីថ្ងៃទី ៣១ ខែមករា លោក Sardar Umar Alam នាយកអង្គការយូណេស្កូប្រចាំកម្ពុជាបានដឹកនាំគណៈប្រតិភូជួបពិភាក្សាជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅឯទីស្ដីការក្រសួងទេសចរណ៍ដើម្បីពង្រឹងកិច្ចសហការរវាងស្ថាប័នទាំង ២ លើការងារទេសចរណ៍ និងទេសចរណ៍វប្បធម៌ អេកូទេសចរណ៍ទេសចរណ៍ទីក្រុង និងទេសចរណ៍ម្ហូបអាហាររួមទាំងការងារមួយចំនួនទៀត។
តាមទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ចុះផ្សាយនៅថ្ងៃទី ១ កុម្ភៈ បានឲ្យដឹងថា អង្គការយូណេស្កូបានគាំទ្រកម្ពុជាដើម្បីជ្រើសរើសទីក្រុងមួយចំនួនដាក់បញ្ចូលជាបណ្ដាញទីក្រុងមានភាពច្នៃប្រឌិត។
ហ្វេសប៊ុកនេះបានសរសេរថា «អង្គការ UNESCO សម្លឹងទីក្រុងមួយចំនួនរបស់កម្ពុជា ជាពិសេសទីក្រុងបាត់ដំបង ក្រចេះ និងកំពតដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការឆ្លើយតបតាមលក្ខណវិនិច្ឆ័យក្នុងការជាប់ជាបញ្ជីទីក្រុងមានភាពច្នៃប្រឌិតរបស់អង្គការ UNESCO»។
លោក តុប សុភ័ក បានបន្ថែមថា ការចុះសិក្សានិងវាយតម្លៃទីក្រុងទាំង ៣ នេះពីសំណាក់អង្គការយូណេស្កូគឺអាចច្រើនលើកច្រើនសា មុននឹងមានការទទួលស្គាល់ជាផ្លូវការ។
លោកថា៖ «ធម្មតាមុនមានការទទួលស្គាល់ គេ (យូណេស្កូ) ត្រូវការចុះសិក្សា និងវាយតម្លៃច្រើនលើកច្រើនសាណាស់មិនមែនយើងដាក់ទៅហើយគេអូខេ (យល់ព្រម) ភ្លាមទេ។ ឥឡូវនេះគឺស្ថិតក្នុងដំណាក់កាលគេសិក្សាវាយតម្លៃហើយគេទទួលស្គាល់ពេលណាគឺមិនទាន់ដឹងទេ»។
បណ្តាញទីក្រុងមានភាពច្នៃប្រឌិតរបស់យូណេស្កូត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៤ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមទីក្រុងនានាដែលបានកំណត់ភាពច្នៃប្រឌិតគឺជាកត្តាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព។
លោក តុប សុភ័ក បានបន្ថែមថា នេះគឺជាលើកដំបូងហើយដែលកម្ពុជាដាក់ទីក្រុងទាំង ៣ ដើម្បីឱ្យអង្គការយូណេស្កូសិក្សាវាយតម្លៃដាក់ចូលក្នុងបណ្ដាញទីក្រុងមានភាពច្នៃប្រឌិត។ លោកបានបញ្ជាក់ថា ប្រភេទទីក្រុងនេះគឺមានលក្ខណសម្បត្តិខុសគ្នាខ្លះទៅនឹងលក្ខណសម្បត្តិជាទីក្រុងបេតិកភណ្ឌពិភពលោក។
លោកថា៖ «គោលបំណងដើម្បីឱ្យមានការទទួលស្គាល់ជាទីក្រុងច្នៃប្រឌិតហ្នឹងទៅដើម្បីជាគុណប្រយោជន៍សម្រាប់ការផ្សព្វផ្សាយលើវិស័យទេសចរណ៍។
ប៉ុន្តែលក្ខណសម្បត្តិទីក្រុងបេតិកភណ្ឌពិភពលោកគឺមានធ្ងន់ (ច្រើន) ជាង Creative City Network នេះ»។
បើតាមទំព័រហ្វេសប៊ុកក្រសួងដដែល អង្គប្រជុំរបស់លោក ថោង ខុន ជាមួយមន្ត្រីអង្គការយូណេស្កូក៏បានឯកភាពគ្នាលើចំណុចការជំរុញការអភិវឌ្ឍវិស័យអេកូទេសចរណ៍តាមរយៈការរួមគ្នាសិក្សាកំណត់តំបន់អេកូទេសចរណ៍ទូទាំងប្រទេសផងដែរ។
ជាមួយគ្នានោះអង្គការយូណេស្កូបានគាំទ្រការដាក់ចេញឲ្យឆាប់រហ័សនូវផែនការមេអភិវឌ្ឍន៍ខេត្តសៀមរាបដែលក្រុមការងារអន្តរក្រសួងបាននិងកំពុងរៀបចំដោយផ្តោតលើតំបន់ ៦ ជាអាទិភាពគឺតំបន់ប្រាសាទអង្គរ ក្រុងសៀមរាប ទន្លេសាប ព្រែកទាល់ ភ្នំគូលែន បន្ទាយស្រី និងតំបន់សៀមរាបថ្មីដោយអង្គការ UNESCO នឹងផ្តល់អ្នកជំនាញការដើម្បីពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងផែនការនេះ៕