ភ្នំពេញៈ អង្គការ UNHCR បានប្តេជ្ញាបន្តជួយគាំទ្រដល់ក្រសួងមហាផ្ទៃ ក្នុងការអនុវត្តភារកិច្ចទាក់ទងទៅនឹងការងារគាំពារជនភៀសខ្លួន និងជនស្វែងរកសិទ្ធិជ្រកកោនឲ្យបានល្អប្រសើរទៅតាមស្តង់ដាអន្តរជាតិ។
លោក Gluseppe de Vincentiis អ្នកតំណាងទើបតែងតាំងថ្មីនៃអង្គការ UNHCR ប្រចាំប្រទេស កម្ពុជា វៀតណាម និងឡាវនៅក្នុងពេលចូលជួបសម្តែងការគួរសមជាមួយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនារសៀលថ្ងៃអង្គារនៅស្តីការក្រសួងមហាផ្ទៃបានថ្លែងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលជារដ្ឋហត្ថលេខីនៃអនុសញ្ញាស្តីពីជនភៀសខ្លួនឆ្នាំ ១៩៥១ ដោយលោកថាក្នុងតំបន់អាស៊ានមិនមានប្រទេសច្រើនចូលរួមក្នុងអនុសញ្ញានេះទេ។ នេះបើតាមលោក ផាត សុផានិត អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
លោក សុផានិត បានថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបកាលពីថ្ងៃអង្គារថា៖ «ឯកឧត្តម ( Gluseppe de Vincentiis) ពិតជាកោតសរសើរហើយឯកឧត្តមប្តេជ្ញាបន្តជួយគាំទ្រ និងចែករំលែកនូវបទពិសោធផ្សេងៗជាមួយក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធក្រោមចំណុះក្រសួងមហាផ្ទៃ ដើម្បីធ្វើការងារពាក់ព័ន្ធនឹងការគាំពារ និងគាំទ្រជនភៀសខ្លួន និងជនស្វែងរកសិទ្ធិជ្រកកោននេះ ជាពិសេសការកសាងសមត្ថភាពដល់មន្ត្រីដែលបំពេញការងារនេះព្រមទាំងការងារផ្សេងៗទៀត»។
លោក Gluseppe de Vincentiis ក៏បានសាទរចំពោះវឌ្ឍនភាពរបស់កម្ពុជាក្នុងការរៀបចំប្រព័ន្ធអត្រានុកូលដ្ឋានដែលនេះគឺជាកិច្ចការមួយដ៏មានសារៈសំខាន់ និងជាការរួមចំណែកក្នុងការគ្រប់គ្រងក៏ដូចជាចុះបញ្ជីនូវចំនួនជនភៀសខ្លួន និងជនស្វែងរកសិទ្ធិជ្រកកោនប្រកបដោយប្រសិទ្ធភាព។
នៅក្នុងជំនួបនោះដែរលោក ស ខេង ក៏បានជម្រាបជូនលោក Gluseppe de Vincentiis ថា កម្ពុជាជាប្រទេសហត្ថលេខីនៃអនុសញ្ញាស្តីពីជនភៀសខ្លួនឆ្នាំ ១៩៥១ ហើយកម្ពុជាមានភារកិច្ចទទួល និងពិនិត្យរាល់សំណើជនទាំងឡាយណាដែលគេចចេញពីការធ្វើទុក្ខបុកម្នេញលើសិទ្ធិសេរីភាពក្រោមហេតុផលនយោបាយ ឬក៏ជនដែលរត់គេចពីសង្គ្រាម និងដែលស្ថិតក្រោមអនុសញ្ញាស្តីពីជនភៀសខ្លួននេះ។
លោក សុផានិត បញ្ជាក់ថា៖ «សម្តេចចាត់ទុកថា បើសិនជាគ្មានកិច្ចសហប្រតិបត្តិការល្អរវាង UNHCR នោះទេ ក៏យើងមិនអាចសម្រេចបាននូវលទ្ធផលល្អដូចដែលយើងទទួលបាននៅសព្វថ្ងៃនេះ...ជាទូទៅយើងតែងតែអនុវត្តយ៉ាងល្អប្រសើរដោយមានកិច្ចសហប្រតិបត្តិការជាមួយ UNHCR លើកិច្ចការជួយគាំពារជនភៀសខ្លួន និងជនស្វែងរកសិទ្ធិជ្រកកោន»។
លោក ស ខេង បានគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់លោក Gluseppe de Vincentiis ក្នុងការជួយគាំទ្រការបណ្តុះបណ្តាលសមត្ថភាពដល់មន្ត្រីដែលធ្វើការងារនេះឱ្យបំពេញការងារមានវិជ្ជាជីវៈច្បាស់លាស់ និងប្រកបដោយប្រសិទ្ធភាព។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមិនអាចទាក់ទងសុំអត្ថាធិប្បាយបន្ថែមបានទេ៕