ភ្នំពេញៈ ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ ​ទទួលបន្ទុក​សិទ្ធិ​មនុស្ស​ ប្រចាំ​កម្ពុជា​ (UNOHCHR) នឹង​ធ្វើ​ពិធី​ផ្សព្វផ្សាយ​ជា​ផ្លូវការ​ នូវ​របាយការណ៍​ស្ដីពីតុលាការ​ប្រជា​​ជន ការបង្ការ​ និង​ការឆ្លើយតប​ទៅ​នឹង​ការកាត់ទោស​ដោយ​មហា​ជន ដែល​រៀបចំ​ឡើង​នៅ​ថ្ងៃទី ១៨ ខែ​ កក្កដា នៅ​​សណ្ឋាគារ​សាន់វ៉េ រាជធានី​ភ្នំពេញ។

នៅក្នុង​លិខិត​អញ្ជើញ​មួយ​របស់​ UNOHCHR បញ្ជាក់ថា ពិធី​ផ្សព្វ​​ផ្សាយ​ជា​ផ្លូវការ​នេះ គឺមាន​ការចូលរួម​ពី​លោក ហ្រ្វាន​សេ​ស្កូ ម៉ូ​តា មន្ត្រី​ជំនា​ញ​សិទ្ធិ​មនុស្ស​ប្រចាំ អាស៊ី​ប៉ាស៊ីហ្វិក ម​ជ្ឈិម​បូព៌ា និង​អា្រហ្វិកខាង​ជើង ​របស់​អង្គការ​សហ​ប្រជាជាតិ រួមទាំង​តំណាង​ជាន់ខ្ពស់ ​មកពី​គណៈ​កម្មា​​​​​ធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ក្រសួង​មហាផ្ទៃ​ក្រសួង​យុត្តិធម៌ និង​សហភាព​អឺរ៉ុប។

របាយ​ការណ៍​នេះ នឹង​បង្ហាញ​អំពី​លទ្ធផល​នៃ​ការ​ចងក្រង​ជា​ឯកសារ ​រយៈពេល​ជាង​ ២ ឆ្នាំពាក់ព័ន្ធ​នឹង​ករ​ណី​នៃ​ការ​កាត់​ទោស​​ដោយ​មហាជន ការ​ឆ្លើយ​តប​របស់រ​ដ្ឋ និង​មូល​ហេតុ​សំខា​ន់ៗ ដែល​នាំឱ្យ​កើតមាន​ករណី​កាត់ទោស​ដោ​យ​មហា​ជន​នេះដើម្បី​ផ្ដល់​អនុសាសន៍​មួយចំនួន​ ដល់​រដ្ឋាភិបាល​ ដើម្បី​បង្ការ​ករណីនេះ ​និង​ប្រយុទ្ធ​ប្រឆាំង​នឹង​និ​ទ្ទណ្ឌភាព។

ទង្វើ​កាត់ទោស​ដោយ​មហាជន​ ត្រូវបាន​គេ​ចាត់ទុកថា គឺជា​សកម្មភាព​រំលោភ​សិទ្ធិ​មនុស្ស រួម​មាន​សិទ្ធិ​រស់រាន​​មាន​ជីវិតសិទ្ធិ​ទទួល​បាន​ការជំនុំ​ជម្រះ​ប្រកប​ដោយ​យុត្តិធម៌ សិទ្ធិ​ទទួលបាន​ការ​សន្ម​តជាមុន​ថា​ គ្មាន​ទោស និង​សេរីភាព​រួចផុត​ពី​ការ​ធ្វើ​ទារុណកម្ម​ និង​ការប្រព្រឹត្ត​មិន​គប្បី ហើយ​វា​គឺ​ជាការ​ប្រព្រឹត្ត​បទ​ល្មើស​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ​ដែល​ត្រូវ​ប្រឈម​នឹង​ការផ្ដន្ទា​ ទោស​តាម​ផ្លូវ​ច្បាប់​ដែរ។

ទោះបីជា​យ៉ាងណា នៅ​កម្ពុជា​គេ​សង្កេ​តឃើញថា ការប្រើប្រាស់​តុលា​​​​​​​​​​ការ​មហាជន ឬ​ប្រជាជន​អនុវត្ត​ច្បាប់​ដោយ​ខ្លួនឯង​តាម​រយៈ​ការវាយដំ​ និង​សម្លាប់​ជនណាម្នាក់ ​ដោយ​មិន​រង់ចាំ​ការកាត់ក្ដី​ពី​តុលាការ គឺ​បាន​កើត​ឡើង​ទៅលើ​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​លួច បង្កឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍បុគ្គ​ល​​ដែល​ជាប់​ចោទ​ ចេះ​អំពើ​អាប​ធ្មប់ និង​បុគ្គល​ប្រព្រឹត្ត​ករណី​ឃាតកម្ម​ជាដើម​។

ជាក់​ស្ដែង​កាល​ពី​អំឡុង​ឆ្នាំ ២០១​៣ នៅ​ស្រុក​ព្រៃឈរ ខេត្ត​កំពង់​ចាម មាន​ករណី​​មហាជន​ជាង ៥០០ នាក់ បាន​ចោម​រោម​ព្រួត​គ្នា​វាយ​សម្លាប់​បុរស​ម្នាក់ ដោយសារ​ខឹងសម្បា​នឹង​ទង្វើ​របស់​បុរស​រូបនោះ ដែល​បាន​កាប់សម្លាប់​យ៉ាង​សាហាវ​ទៅលើ​ប្រពន្ធ​ និង​កូន​ស្រី​ចុង​របស់ខ្លួន ខណៈ​នគរ​បាល​បាន​ត្រឹម​ទទួល​ស្គាល់​ថា ខ្វះ​កម្លាំង​ក្នុង​ការ​ទប់ស្កាត់​កម្លាំង​មហា​​ជន​នៅ​ពេល​នោះ។

កាលពី​ថ្ងៃទី ២២ ខែ វិច្ឆិកា ​ឆ្នាំ ២០១៨ សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​កាត់​ទោស​បុរស​ចំនួន ៣ នាក់ ​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់​ចំនួន ៣ ឆ្នាំ ក្រោយ​ពី​បុរ​ស​ទាំងនោះ ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន ដោយ​សារបាន​ចូលរួ​ម​​នៅក្នុង​សកម្ម​ភាព​ព្រួត​គ្នា​វាយ​ធ្វើឱ្យ​លោក ស៊ុយ សារ៉េត សាស្ដ្រាចារ្យ​សាកល​វិទ្យា​ល័យ​កម្ពុជា ​រងរបួស​ធ្ងន់ ក្រោយ​មាន​ការ​ ចោទប្រកាន់​ឱ្យ​យល់ច្រឡំ​ថា លោក ស៊ុយ សារ៉េត បាន​បើក​រថយន្ត​បុក​រះ​សម្លាប់​មនុស្ស​អស់​ជាច្រើន​នាក់​ និង​ព្យាយាម​បើក​រថយន្ត​រត់​គេច​ខ្លួន។

ភ្នំពេញ​ប៉ុស្ដិ៍ ​មិនអាច​សុំ​ការ​ អធិប្បាយ​​ពី​លោក ជិន ម៉ា​លីន អ្នក​​នាំពាក្យ​ក្រសួងយុត្តិធម៌​បានទេ​ដោយ​លោក​​ថ្លែង​ថា ជាប់​រវល់។

កន្លង​មកមូលហេតុ​នាំឱ្យ​មា​ន​ការ​កាត់​ទោស​ដោយ​មហា​ជន ត្រូវបាន​គេលើក​ឡើង​ថា គឺ​​ដោ​យ​​​​សារ​ប្រជា​ពលរដ្ឋ​ខ្វះ​ទំនុកចិត្ត​ លើ​មន្ត្រី​នគរបាល​និង​តុលាការ។

លោក ស៊ឹង សែន​ករុណា អ្នក​​នាំពាក្យ​សមាគម​អាដហុក​ បាន​លើក​ឡើង​ថា មូលហេតុ​ដែល​នាំ​ឱ្យ​ពលរដ្ឋ​ខ្វះ​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​តុលាការ​ ហើយ​បែរ​នាំគ្នា​ទៅប្រើ​ប្រាស់​តុលាការ​មហាជន​វិញគឺ​ដោយសារ​ពួក​​គាត់​ តែង​សង្កេតឃើញ​អំពី​ការប្រព្រឹត្ត​អំពើ​ពុក​រលួយ ​នៅក្នុង​ប្រព័ន្ធ​តុលាការ ព្រោះ​កន្លង​មក អ្នក​ដែលមាន​លុយ​ ឬមាន​​អំណាច​ខ្លះ ​នៅពេល​ប្រព្រឹ​ត្ត​បទល្មើស តែង​ត្រូវបាន​ដោះ​លែង​ និង​មិន​ប្រឈម​នឹង​ការផ្ដន្ទា​ទោស​ឡើយ ហើយ​ម្យ៉ាង​ទៀត ពលរដ្ឋ​ខ្លះ​ នៅ​ពុំទា​ន់​ដឹង​ច្បាប់ ថា​ការចូល​រួម​ប្រើ​​ប្រា​ស់​កម្លាំង​មហាជន​ ក្រៅ​ប្រព័ន្ធ​តុលា​ការ​នេះគឺជា​រឿង​ខុសច្បា​ប់​។ ​«អ៊ីចឹង​យើង​ត្រូវធ្វើ​វីដេអូ​អប់រំ​ខ្លីៗ អំពី​បទល្មើស​ទាំងអស់​ហ្នឹ​ង ដូច​យើង​ឃើញ​កាល​ពី​ពេល​​​​​​​ថ្មីៗខាង UN គាត់​ធ្វើតាម​បណ្ដា​ញ​សង្គម​ហ្វេសប៊ុក ហើយ​អាហ្នឹង​ ជា​រឿង​ល្អ​មែន​ទែន​ ដើម្បី​ជាការ​រួម​ចំណែក​មួយ»៕