ភ្នំពេញៈ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) បានបង្ហាញពីសកម្មភាពជួយជនរងគ្រោះដោយការជួញដូរមនុស្ស ប៉ុន្តែបានកត់សម្គាល់ពីការយកចិត្តទុកដាក់នៅមិនទាន់បានបំពេញតាមកម្រិតស្ដង់ដារអប្បបរមា ខណៈមនុស្សប្រមាណ ១៤៨២ នាក់បានទទួលប្រយោជន៍ពីគម្រោងនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ USAID បង្ហោះលើ Twitter កាលពីសប្ដាហ៍មុន។
បើតាមប្រកាស កម្មវិធីគម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា (Cambodia Countering Trafficking-in-Persons Program) គាំទ្រថវិកាពី USAID ដែលអនុវត្តដោយអង្គការWinrock International បានបង្ហាញថា ចាប់តាំងពីខែកញ្ញា ២០១៥ ដល់ខែកញ្ញា ២០១៨ មានជនរងគ្រោះពីការជួញដូរ ប្រមាណ ១៤៨២ នាក់ ត្រូវបានជួយសង្គ្រោះ និងជួយសម្រួលការរស់នៅរបស់គាត់។
ក្រៅពីនោះក៏បានបណ្ដុះបណ្តាលអ្នកផ្តល់សេវាដើម្បីជួយជនរងគ្រោះបានចំនួន ៣៣០៦ នាក់ តាមរយៈស្ថាប័នផ្តល់សេវាផងដែរ។ ជាមួយគ្នានេះ គម្រោងដដែលបានជួយគាំទ្រដល់អ្នកងាយរងគ្រោះប្រមាណ ៥២១៥ នាក់បញ្ចៀសពីការធ្វើចំណាកស្រុកបែបប្រថុយប្រថាន និងបានជួយទ្រទ្រង់ជីវភាពដោយបង្រៀនជំនាញដល់ពួកគាត់ព្រមទាំងបានកៀរគរពលរដ្ឋងាយរងគ្រោះ ឲ្យអភិវឌ្ឍជីវភាពរបស់ពួកគេតាមរយៈការបង្កើតក្រុមសន្សំលុយបានប្រមាណ ២២៧ ក្រុម។
លោក អៀង ប៊ុនថន អ្នកចាត់ការផ្នែកទំនាក់ទំនងនៅ Winrock International បានបញ្ជាក់ក្នុងប្រកាសនោះថា៖ «យើងបានផ្តល់ប្រឹក្សាផ្លូវចិត្ត យើងបានឲ្យគាត់បានរៀនជំនាញ ឧទាហរណ៍ គាត់រៀនជំនាញជាងម៉ូតូ អ៊ីចឹងពេលរៀនចប់យើងបើកហាង និងទិញសម្ភារជូនគាត់»។
លោកបានបន្ដថា តាមរយៈគម្រោងនេះ ក៏បានធ្វើការជាមួយអង្គការដៃគូដើម្បីផ្តល់ការគាំទ្រផ្នែកផ្លូវច្បាប់ដើម្បីជួយជនរងគ្រោះផងដែរ ក្នុងនោះមានជនល្មើស ៤២ នាក់ត្រូវបានកាត់ទោស។ រីឯជនរងគ្រោះ ១០៨ នាក់ត្រូវបានជួយឲ្យទទួលបានសំណងជំងឺចិត្ត និងសម្រួលឲ្យជនអន្តោប្រវេសន៍ដែលរងការកេងប្រវ័ញ្ចបានប្រមាណ ២៣៤ នាក់ឲ្យត្រឡប់មកកម្ពុជាវិញ។
លោក អៀង ប៊ុនថន បញ្ជាក់ថា៖ «ឧទាហរណ៍ពេលដែលកម្មករគាត់ទៅធ្វើការនៅក្រៅប្រទេស ហើយត្រូវបានក្រុមហ៊ុនកេងប្រវ័ញ្ចជួញដូរ យើងបានផ្តល់ប្រឹក្សាផ្លូវច្បាប់ដើម្បីឲ្យគាត់បានសំណងជំងឺចិត្ត...យើងបានចេញសំបុត្រយន្តហោះឲ្យគាត់ហើយបានជួយសម្របសម្រួលដូចជា ឯកសារជាដើម»។
យោងតាមរបាយការណ៍ជួញដូរមនុស្សរបស់អាមេរិកក្នុងឆ្នាំនេះ ដែលបានផ្សព្វផ្សាយកាលពីខែមិថុនាបង្ហាញថា រដ្ឋាភិបាលកម្ពុជា នៅមិនទាន់បានបំពេញតាមស្តង់ដារអប្បបរមាក្នុងការកាត់បន្ថយអំពើជួញដូរមនុស្សទេ ប៉ុន្តែបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយអំពើនេះ។
របាយការណ៍ បញ្ជាក់ថា៖ «រដ្ឋាភិបាលកម្ពុជាបានបង្ហាញពីការខិតខំប្រឹងប្រែងច្រើនជាងមុនបើប្រៀបធៀបឆ្នាំមុន។រដ្ឋាភិបាលកម្ពុជាបានបន្ថែមការប្រឹងប្រែងក្នុងការកាត់ទោសជនល្មើសជួញដូរមនុស្ស…ការបញ្ជូនពលរដ្ឋខ្មែរដែលត្រូវបានជួញដូរនៅបរទេសឲ្យវិលមកកម្ពុជាវិញ ហើយបន្ថែមការយកចិត្តទុកដាក់ផ្សព្វផ្សាយពីការកេងប្រវ័ញ្ចដោយអំពើជួញដូរមនុស្សក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច» ៕