ភ្នំពេញ៖ ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID នៅ​កម្ពុជា​បាន​ប្រកាស​ផ្ដល់​ថវិកា​ដោយ​មិន​បាន​ប្រាប់​ពី​ចំនួន​ថវិកា ដើម្បី​គាំទ្រ​គម្រោង​ថ្មី​មួយ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស សម្រាប់​រយៈពេល ៥ ឆ្នាំ ដើម្បី​ដោះស្រាយ​បញ្ហា​ឫសគល់​នៃ​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២១ នេះ។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បន្ត​ថា គម្រោង​ដែល​ដំណើរការ​សកម្មភាព​ការងារ​ដោយ​អង្គការ Winrock International និង​ដៃគូ​របស់​អង្គការ​នេះ នឹង​ធ្វើ​ការងារ​គាំទ្រ​ដល់​ការ​ការពារ​ក្រុម​ជន​រងគ្រោះ និង​ក្រុម​មនុស្ស​ងាយ​រងគ្រោះ​បន្ថែម​ទៀត ពី​ការ​ជួញដូរ និង​ការ​រំលោភ​ធ្វើ​បាប ការពារ​ក្រុម​មនុស្ស​ប្រឈម​នឹង​គ្រោះថ្នាក់​មិន​ឲ្យ​ធ្វើ​ចំណាក​ស្រុក​ដែល​មាន​គ្រោះថ្នាក់ ហើយ​ជួយ​ជន​រងគ្រោះ​ដោយ​ការ​ជួញដូរ​មនុស្ស។

ទោះ​ជា​យ៉ាង​ណា​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទីភ្នាក់ងារ USAID នៅ​កម្ពុជា មិន​បាន​បញ្ជាក់​ពី​ទំហំ​ថវិកា​ដែល​ត្រូវ​ផ្តល់​នោះ​ទេ។

លោកស្រី Veena Reddy នាយិកា​ទីភ្នាក់ងារ USAID នៅ​កម្ពុជា​ថ្លែង​ថា ការ​ជួញដូរ​មនុស្ស គឺ​ជា​ឧស្សាហកម្ម​ធំ​បំផុត​មួយ ក្នុង​ចំណោម​ឧស្សាហកម្ម​ធំ​បំផុត​ទាំង​ឡាយ​ក្នុង​ពិភព​លោក ហើយ​វា​ប៉ះពាល់​ដល់​មនុស្ស​ដែល​ងាយ​រងគ្រោះ​បំផុត នៅ​ក្នុង​សង្គម។

លោក​ស្រី​បន្ត​ថា ចំនួន ៧០% នៃ​ជន​រងគ្រោះ​ដែល​ត្រូវ​បាន​រក​ឃើញ គឺ​ជា​ស្ត្រី និង​កុមារី ហើយ​អំពើ​ដ៏​គួរ​ឲ្យ​ខ្លាច​នេះ បំផ្លាញ​នីតិរដ្ឋ​ធ្វើ​ឲ្យ​ខូច​ដល់​ពាណិជ្ជកម្ម​អន្តរជាតិ បន្ត​ធ្វើ​ឲ្យ​មាន​វិសមភាព​យេនឌ័រ ហើយ​គំរាម​កំហែង​ដល់​សន្តិសុខ​ពិភព​លោក។

លោកស្រី​ថ្លែង​ថា៖ «គម្រោង​រយៈពេល ៥ ឆ្នាំ​នេះ បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ការពារ​ប្រជាជន​កម្ពុជា​ពី​បញ្ហា​នោះ»។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិកា​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​អចិន្ត្រៃយ៍​របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ថ្លែង​ថា ការ​ផ្តល់​ជំនួយ​របស់ USAID មក​កម្ពុជា​នេះ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​រួម​របស់​ពិភព​លោក ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ការ​ជួញដូរ​មនុស្ស ដោយ​ប្រទេស​ណា​មួយ​ក៏​មាន​សិទ្ធិ​ក្នុង​ការ​ទទួល​ជំនួយ​នេះ​ដែរ។

លោកស្រី​ថា ជំនួយ​នេះ​មិនមែន​ផ្តល់​ឱ្យ​ដោយ​ត្រង់​មក​រដ្ឋាភិបាល​នោះ​ទេ គឺ​ត្រូវ​បាន​ផ្តល់​ទៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​យក​ទៅ​ប្រើប្រាស់​ក្នុង​វិស័យ​ណា​មួយ។ ប៉ុន្តែ​ទោះបី​ប្រើប្រាស់​ក្នុង​រូបភាព​ណា​មួយ ក៏​មិន​អាច​ប្រើប្រាស់​ខុស​ពី​គោល​នយោបាយ និង​ច្បាប់​ដែល​កំណត់​រួម​គ្នា​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ជាមួយ​នឹង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នោះ​ដែរ។

លោកស្រី ជូ ប៊ុនអេង ថ្លែង​ថា៖ «យើង​បាន​ជួប​ជាមួយ Winrock International ដែល​ជា​អ្នក​ទទួល​ជំនួយ​នេះ ដើម្បី​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ទៅ​លើ​ភាព​ខ្វះ​ចន្លោះ ដែល​អាច​បំពេញ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​បាន ហើយ​បើ​ប្រាស់​មិន​ចំ​គោលដៅ​ពិត​ប្រាកដ​ក៏​មិន​ទទួល​បាន​ផល​អ្វី​ដែរ»។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ទីភ្នាក់ងារ USAID និង​អង្គការ Winrock International នឹង​ធ្វើ​ការ​ជាមួយ​សង្គម​ស៊ីវិល និង​ដៃគូ​ខាង​រដ្ឋាភិបាល​កម្ពុជា ពិសេស​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​ក្នុង​ខេត្ត​ក្រុង​ចំនួន ៨ គឺ​ក្រុង​ភ្នំពេញ ខេត្ត​កោះកុង ខេត្ត​ព្រះសីហនុ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ចាម និង​ខេត្ត​ព្រៃវែង។

ការ​ផ្តល់​ថវិកា​ឲ្យ​នៅ​ថ្ងៃ​នេះ គឺ​ជា​ការ​ពង្រឹង​បន្ថែម​លើ​ការ​ជួយ​គាំទ្រ​របស់​ទីភ្នាក់ងារ USAID នៅ​ក្នុង​រយៈពេល​ជិត ២០ ឆ្នាំ​មក​នេះ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា ៕