ភ្នំពេញៈ វិទ្យុ​សម្លេង​សហរដ្ឋអាមេរិក (VOA) ​បាន​កំពុង​ធ្វើ​ទំនាក់ទំនង​ជាមួយ​វិទ្យុ​ក្នុង​ស្រុក​ ២ ដើម្បី​ពិភាក្សា​លើ​នីតិវិធី​ជួល​ម៉ោង​ផ្សាយ​ឡើងវិញ ក្រោយពី​ទទួល​បាន​ការអនុញ្ញាត​ពី​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​នាពេល​ថ្មីៗ​កន្លងមកនេះ​។ យោងតាម​ប្រភពពី​វិទ្យុ​សំបុក​ឃ្មុំ និង​វិទ្យុ​ ១០២​។

លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​ FM ១០៥ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា ខាង​តំណាង​វិទ្យុ​ VOA ​បាន​ណាត់ជួប​ដើម្បី​ពិភាក្សាគ្នា​អំពី​ការជួល​ម៉ោង​ផ្សាយ​ព័ត៌មាន​របស់​វិទ្យុ​ VOA ឡើងវិញ​។

លោក សូណង់ដូ ថ្លែង​ថា​៖ «​ខាង​វីអូអេ​ទំនាក់ទំនង​មក​ខ្ញុំ​ដែរ ហើយ​ទាល់តែ​វីអូអេ​មក​ជួប​ខ្ញុំ​ និង​ជួល​វិទ្យុ​ខ្ញុំ ទើប​ខ្ញុំ​អាច​ទាក់ទង​ទៅ​ឯកឧត្តម ខៀវ កាញារីទ្ធ​។ ឥឡូវ​ហ្នឹង​ណាត់​គ្នា​ជួប​ហើយ​គឺ​ក្នុង​ថ្ងៃ​ ១០ ​ទៅ​ថ្ងៃ​ ១៥ ខែ​ ១២​ ហ្នឹង​»​។

«​បន្ទាប់ពី​ការជួបពិភាក្សា​គ្នា​នាពេល​ខាង​មុខ​នេះហើយ ទើប​ខ្ញុំ​អាច​រៀបចំ​បែបបទ​ឯកសារ​ដើម្បី​ស្នើសុំ​ទៅ​ក្រសួង​ព័ត៌មាន​បាន​»​។

ជាមួយ​គ្នា​នេះ​ដែរ​លោកស្រី ស៊ុន ដាណែត នាយិកា​វិទ្យុ​ FM ១០២ ​បាន​ឲ្យ​ដឹង​ដូចគ្នា​ថា ខាង​តំណាង​វិទ្យុ​ VOA ​មាន​គម្រោង​ជួបគ្នា​ដែរ ដើម្បី​ពិភាក្សា​ជ្រើសរើស​យក​ម៉ោង​ណាខ្លះ​ដើម្បី​ផ្សាយ​ព័ត៌មាន​របស់គេ​។

លោកស្រី​បាន​ឲ្យ​ដឹងថា វិទ្យុ​ ១០២ ​ធ្លាប់​ផ្សាយ​កម្មវិធី​ព័ត៌មាន​របស់​ VOA ១ ​ថ្ងៃ​មាន ១ ​ម៉ោង​កន្លះ មុន​ពេល​ដែល​វិទ្យុ​នេះ​ត្រូវបាន​ហាមឃាត់​។

លោកស្រី ដាណែត ថ្លែងថា​៖ «​គាត់​ (VOA) ​ចង់​យក​ម៉ោង​ណា អ៊ីចឹង​ទាល់តែ​យើង​ជួបគ្នា​សិន​»​។

លោកស្រី Bridget Ann Serchak នាយិកា​ផ្នែក​ទំនាក់ទំនង​សាធារណៈ​នៃ​សម្លេង​សហរដ្ឋអាមេរិក (VOA) ​កាលពី​ម្សិលមិញ​មិនបាន​ឆ្លើយ អ៊ីមែល​នៅ​ឡើយ​ទេ ជុំវិញ​ការផ្សាយ​នេះ​។

កាលពី​ថ្ងៃទី​ ១៥ ​វិច្ឆិកា ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​សម្រេច​ឱ្យ​វិទ្យុ​សម្លេង​សហរដ្ឋអាមេរិក​អាច​ជួល​ម៉ោង​ផ្សាយ​ព័ត៌មាន​បន្ត​តាមរយៈ​វិទ្យុ​ក្នុងស្រុក​ទាំង​ ២ ​នេះ​ឡើងវិញ​។ ការសម្រេច​នេះ​គឺ​ធ្វើ​ឡើង​ក្រោយពី​ជំនួប​រវាង​លោក ខៀវ កាញារីទ្ធ និង​លោក W.Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​។

Murphy បាន​អះអាង​ថា នោះ​គឺ​ដើម្បី​ចង់ឱ្យ​សហរដ្ឋអាមេរិក និង​កម្ពុជា​អាច​ធ្វើការ​ជាមួយ​គ្នា​ក្នុង​ការស្ដារ​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា​ឱ្យមាន​សេរីភាព​ពេញលេញ​។

លោក មាស សុភ័ណ្ឌ មន្ត្រី​នាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​ដែរ​ថា មូលហេតុ​ដែល​ក្រសួង​អនុញ្ញាត​ឱ្យ​វិទ្យុ​សម្លេង​សហរដ្ឋអាមេរិក​អាច​ជួល​ម៉ោង​ផ្សាយ​បន្ត​នូវ​វិទ្យុ​សំបុក​ឃ្មុំ​ និង​វិទ្យុ​ស្ដ្រី​នៅពេល​នេះ​ គឺ​ដោយសារ​វិទ្យុ​បរទេស​នេះ​បាន​បំពេញ​លក្ខខណ្ឌ​ស្របតាម​ច្បាប់​ពេញលេញ​ឡើងវិញ ដូចជា​ការចុះបញ្ជី​ការិយាល័យ​តំណាង​ស្របច្បាប់​នៅ​ទីក្រុង​​ភ្នំពេញ និង​ក្រសួង​បាន​ទទួល​ស្គាល់​កាលពី​ខែ​មិថុនា​។

លោក សុភ័ណ្ឌ ថ្លែង​បន្ត​ថា​នីតិវិធី​បន្ត គឺ​វិទ្យុ​ VOA ​ត្រូវបំពេញ​បែបបទ​ទៅតាម​ច្បាប់​ និង​លិខិតបទដ្ឋាន​គតិយុត្ត​ផ្សេងៗ ហើយ​ស្នើសុំ​មក​ក្រសួង​ព័ត៌មាន ដើម្បី​ទទួល​បាន​ការអនុញ្ញាត​ជួល​ម៉ោង​ផ្សាយ​ពី​វិទ្យុ​ក្នុងស្រុក​។ ប៉ុន្តែ​មន្ត្រី​អ្នកនាំពាក្យ​រូបនេះ​អះអាង​ថា ដោយឡែក​សម្រាប់​វិទ្យុ​អាស៊ីសេរី​គឺ​ក្រសួង​មិន​អនុញ្ញាត​ឡើយ ដោយសារ​វិទ្យុ​នេះ​បាន​ប្រើប្រាស់​ពាក្យ​មិន​សមរម្យ​មួយចំនួន​ចំពោះ​រដ្ឋាភិបាល​ដូចជា​ពាក្យ​ «​របប​ក្រុងភ្នំពេញ​» ​ជាដើម​។

លោក​បន្ថែមថា ក្រសួង​នឹង​ពិចារណា​ឡើងវិញ ប្រសិន​បើ​វិទ្យុ​អាស៊ីសេរី​អាច​ផ្លាស់ប្ដូរ​​ឥរិយាបថ និង​ចង់​ទទួល​បាន​ភាពស្របច្បាប់​ដូច​វិទ្យុ​ VOA​។

លោក សុភ័ណ្ឌ ថ្លែងថា​៖ «​ខាង​ក្រសួង​នឹង​ពិនិត្យ​មើល​ឥរិយាបថ​របស់​វិទ្យុ​ហ្នឹង ហើយ​លក្ខខណ្ឌ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ដែល​វិទ្យុ​អាស៊ីសេរី​ត្រូវបំពេញ​កាតព្វកិច្ច​»​។

លោក មឿន ឈានណារិទ្ធិ សាស្ដ្រាចារ្យ​សារព័ត៌មាន​បាន​ថ្លែងថា កន្លងមក​ស្ថាប័ន​សារព័ត៌មាន​មួយចំនួន​ដែល​ត្រូវបាន​បិទ​ឈប់​ដំណើរការ​នៅ​កម្ពុជា​គឺ​ដោយសារ​ទទួលរងគ្រោះ​ថ្មបាក់​ដែល​បង្កឡើង​ពី​ការប្រែប្រួល​ស្ថានភាព​នយោបាយ​ដែល​មាន​ភាពអាប់អួរ​។

លោក​ថា​៖ «​ប្រសិនបើ​អាច​ផ្សព្វផ្សាយ​ព័ត៌មាន​បាន​កាន់តែ​ពេញលេញ ដែល​តំណាង​ឱ្យ​សំឡេង​ទាំងអស់​ហ្នឹង ទាំង​នៅក្នុង​សហគមន៍ និង​ប្រទេស វា​គឺជា​ការល្អ ហើយ​ក៏​ជា​សញ្ញា​មួយ​លូតលាស់​ឡើងវិញ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​ កម្ពុជា​»៕