ភ្នំពេញៈ មន្ដ្រីជាន់ខ្ពស់នៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល (US Agency for Global Media) បានអះអាងកាលពីថ្ងៃសុក្រថាវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) គ្រោងបើកការិយាល័យផ្លូវការនៅកម្ពុជាឡើងវិញដើម្បីដំណើរការផ្សាយឲ្យកាន់តែទូលំទូលាយថែមទៀត។ នេះបើតាមមន្ត្រីនាំពាក្យក្រសួងព័ត៌មានកាលពីម្សិលមិញ។
លោក មាស សុភ័ណ្ឌ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្នុងដំណើរទស្សនកិច្ច ដើម្បីស្វែងយល់ពីស្ថានភាពនៃវិស័យព័ត៌មាននៅកម្ពុជាក៏ដូចជានៅទូទាំងអាស៊ីអាគ្នេយ៍ លោក Mehmood Kazmi ប្រធានផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្មនៃ US Agency for Global Mediaនិង លោក Chris Decherd ប្រធានវិទ្យុសំឡេងសហរដ្ឋអាមេរិកជាខេមរភាសាកាលពីថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៩ បានចូលជួបពិភាក្សាកិច្ចការមួយចំនួនជាមួយលោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន។
លោក សុភ័ណ្ឌ បានបន្តថា ក្នុងជំនួបនោះ លោក Mehmood Kazmi បានស្នើសុំឲ្យក្រសួងព័ត៌មានបន្តជួយអន្តរាគមន៍ដល់គម្រោងបើកដំណើរការការិយាល័យវិទ្យុ VOA ផ្លូវការនៅកម្ពុជាឡើងវិញជាមួយនឹងការសរសើរពីវឌ្ឍនភាពនៃវិស័យនេះក្នុងពេលបច្ចុប្បន្ន។
លោកបានថ្លែងដោយលើកយកសម្ដីផ្ទាល់របស់លោក Mehmood Kazmi មកបញ្ជាក់ថា៖ «យើងពិតជារីករាយនិងកោតសរសើរយ៉ាងខ្លាំងចំពោះវឌ្ឍនភាពលើវិស័យសារព័ត៌មាននៅកម្ពុជានាពេលបច្ចុប្បន្ន។ ឆ្លៀតក្នុងឱកាសនេះដែរ យើងសុំស្នើឲ្យក្រសួងព័ត៌មាន (កម្ពុជា) បន្តជួយគាំទ្រដល់យើងក្នុងការបើកដំណើរការការិយាល័យវិទ្យុ VOA ឡើងវិញនៅកម្ពុជា»។
កាលពីដើមឆ្នាំ ២០១៨ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានស្នើសុំឱ្យក្រសួងព័ត៌មានចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងវិទ្យុ VOA ដោយចោទវិទ្យុនេះថា មិនបានចុះបញ្ជីពន្ធ និងប្រតិបត្តិការដោយគ្មានអាជ្ញាប័ណ្ណ។ប៉ុន្មានខែបន្ទាប់មកវិទ្យុនេះបានសម្រេចបិទការិយាល័យរបស់ខ្លួននៅទីក្រុងភ្នំពេញនិងបានរិះគន់រដ្ឋាភិបាលកម្ពុជាថា រឹតត្បិតសេរីភាពសារព័ត៌មាន ប៉ុន្តែត្រូវបានអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាច្រានចោលដោយហៅការរិះគន់នោះថាគ្មានមូលដ្ឋាន។
ទោះជាបែបណាក្ដី លោក Mehmood Kazmi បានបញ្ជាក់ថា៖ «នៅពេលនេះ VOA បាននិងកំពុងធ្វើកិច្ចការនេះជាមួយ ខាងអគ្គនាយកដ្ឋានពន្ធដារ»។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មានបានស្វាគមន៍ចំពោះគោលបំណងរបស់លោក Mehmood Kazmi ដែលចង់បើកការិយាល័យវិទ្យុ VOA នៅកម្ពុជាឡើងវិញដោយលោកបានចាត់ទុកការវិលត្រឡប់មកជាថ្មីម្តងទៀតរបស់ VOA មកកម្ពុជា គឺ «ជាការល្អប្រសើរ»។
ទន្ទឹមនឹងនេះ លោក កាញារីទ្ធ បានថ្លែងថា ក្នុងរយៈពេលកន្លងមកនេះ ក្រសួងព័ត៌មាន តែងតែបានជួយសម្រួលនិងបង្កលក្ខណៈងាយស្រួលដល់ភ្នាក់ងារសារព័ត៌មានបរទេសទាំងអស់ក្នុងនោះក៏មានទីភ្នាក់ងារវិទ្យុ VOA ផងដែរក្នុងការចុះប្រមូលព័ត៌មាន ដែលបានកើតមាននៅកម្ពុជា។
យ៉ាងណាក្ដី លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា៖ «ប៉ុន្តែទាក់ទងនឹងបញ្ហាពន្ធដារជាមួយនឹងវិទ្យុ VOA គឺជារឿងផ្សេងដាច់ដោយឡែកពីក្រសួងព័ត៌មាន»៕