ភ្នំពេញៈ តំណាង​អង្គការ​សុខភាព​ពិភពលោក​បាន​ជំរុញ​ឱ្យ​បុគ្គល​ម្នាក់ៗ​ត្រូវតែ​ចូលរួម​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​វិធានការ​រួមគ្នា​ឱ្យបាន​ត្រឹមត្រូវ បើ​មិន​ដូច្នេះ​ទេ​នឹង​ផ្តល់នូវ​ផលវិបាក​នៃ​ការស្លាប់​កាន់តែ​ច្រើន​នៅក្នុង​ស្ថានភាព​ជំងឺ​កូវីដ ​១៩ ដែល​មាន​សភាព​កាន់តែ​អាក្រក់​ទៅ​នៅក្នុង​ប្រទេស​កម្ពុជា​។

លោកស្រី លី អៃឡេន តំណាង​អង្គការ​សុខភាព​ពិភពលោក​បាន​សរសេរ​លើ​បណ្តាញ​ Twitter ​នៅ​ថ្ងៃ​ម្សិលមិញ​ថា ស្ថានភាព​នៃ​ជំងឺ​កូវីដ​ ១៩​ នៅក្នុង​ប្រទេស​កម្ពុជា ​គឺ​មិនទាន់​មាន​ការវិវត្ត​ទៅជា​ល្អប្រសើរ​នៅឡើយ តែ​ស្ថានភាព​វា​កាន់តែ​អាក្រក់​ទៅៗ​។

លោកស្រី​ថ្លែង​ថា​៖ «​ខ្ញុំ​សុំ​ជំរុញ​ឱ្យ​បុគ្គល​ទាំងអស់​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​រាល់​វិធានការ​រួម​គ្នា​។ សូម​ធ្វើ​អ្វីដែល​ត្រឹមត្រូវ ការមិន​គោរព​អនុលោម​តាមច្បាប់​ត្រឹមត្រូវ​គឺជា​ផលវិបាក​ដែល​នាំមក​នូវ​សោកនាដកម្ម​នៃ​ការស្លាប់​កាន់តែ​ច្រើន​»​។

លោកស្រី​បាន​បន្តទៀតថា ការអនុវត្ត​នូវ​វិធានការ​ចត្តាឡីស័ក​ឱ្យបាន​ត្រឹមត្រូវ​ពេញលេញ​អាច​ជួយ​ការពារ​ការរីករាលដាល​នៃ​វីរុស​នេះ ជួយ​សង្គ្រោះ​អាយុជីវិត​មនុស្ស និង​ធ្វើឱ្យ​ប្រទេស​មាន​សុវត្ថិភាព​។

លទ្ធផល​នៃ​ការធ្វើ​តេស្ត​អវិជ្ជមាន​ជំងឺ​កូវីដ​ ១៩ មិនមែន​មានន័យថា​បញ្ឈប់​ការធ្វើ​ចត្តាឡីស័ក​ ១៤ ​ថ្ងៃ​នោះទេ តែ​ [​យើង​] ​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ប្រឈម​ទាំងនេះ​ក្នុង​ជីវិត​ជាមួយគ្នា​»​។

លោកស្រី​បាន​បន្ថែមថា​៖ «​សូម​រក្សា​ភាពអស្ចារ្យ​នៃ​កម្ពុជា​អច្ឆរិយ​នេះ​ឱ្យមាន​សុវត្ថិភាព​! ​សូម​កោតសរសើរ​អស់ពី​ចិត្ត​ចំពោះ​ការប្តេជ្ញាចិត្ត​ និង​ភាព​ជា​អ្នកដឹកនាំ​កម្រិត​ខ្ពស់បំផុត រួមបញ្ចូល​មាន​ដូចជា វិធានការ​សុខភាព​សាធារណៈ សកម្មភាព​បុគ្គល និង​សាមគ្គីភាព​ដើម្បី​ការពារ​ការនាំ​ចូល និង​បញ្ឈប់​ការរីករាលដាល​នៃ​ជំងឺ​វីរុស​កូវីដ​ ១៩ ឆ្លង​ចូល​សហគមន៍​ទៀត​»​។

ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ ​ជា​ព្រឹត្តិការណ៍​ឆ្លង​ក្នុង​សហគមន៍​លើក​ទី​៣ ​ដែល​មាន​រយៈពេល​យូរ​ជាងគេ​ និង​បាន​បង្កឱ្យមាន​អ្នក​ឆ្លង​រហូតដល់​ជាង ១ ៧០០ ​នាក់​ ក្នុង​នោះ​វា​បាន​បង្កឱ្យ​មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូវីដ​ ១៩​ ក្នុង​ប្រទេស​កម្ពុជា​ចំនួន​ ១០ ​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃទី​ ២៧ ខែ មីនា ឆ្នាំ​ ២០២១​។

ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​ម្សិលមិញ​នេះ​បានប្រកាស​ពី​ចំនួន​អ្នក​ឆ្លង​វីរុស​កូវីដ​ ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​ មាន​ចំនួន ៨៦ ​នាក់​ ដែល​ធ្វើឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ក្នុង​ព្រឹត្តិការណ៍​នេះ​មាន​រហូត​ទៅដល់ ១ ៧០៨ នាក់​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​បានឱ្យ​ដឹងថា អ្នក​ដែល​ភាគច្រើន​កើតឡើង​នៅក្នុង​ខេត្ត​ព្រះសីហនុ​ចំនួន ៤៣ នាក់ រាជធានី​ភ្នំពេញ ២៥ នាក់​ ខេត្ត​ត្បូងឃ្មុំ ៣ នាក់ ខេត្តស្វាយរៀង ៣ នាក់ ខេត្តក្រចេះ ៣ នាក់ ខេត្តព្រៃវែង ២ នាក់ ខេត្តកំពង់ចាម ២ នាក់ ខេត្តកណ្ដាល ២ នាក់ ខេត្តសៀមរាប ២ នាក់ និង​ខេត្ត​កែប​ម្នាក់​។ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ២៨ ខែ មីនា ឆ្នាំ​ ២០២១ ​នេះ កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូវីដ​សរុប​ចំនួន ២ ២៣៣​ នាក់​ក្នុង​នោះ​អ្នក​ដែល​បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន ១ ១៦៦ នាក់​ អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន ១ ០៥៤ នាក់ និង​មាន​អ្នកស្លាប់​ចំនួន ១០ នាក់​។

នៅ​ថ្ងៃ​ម្សិលមិញ​នេះដែរ លោក​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ផ្តល់​ថវិកា​បន្ថែម​ចំនួន​ ១ ០៧០ ​លាន​រៀល ទៅ​ដល់​ខេត្ត​ចំនួន​ ១៥ និង​ផ្តល់នូវ​សម្ភារ (​ឃីត​) មួយចំនួន​ផងដែរ​ទៅដល់​ខេត្ត​ចំនួន​ ១២ ​ទៀត​សម្រាប់​រៀបចំ​ និង​ជួយ​ឧបត្ថម​ដល់​អ្នក​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក​ចាប់ពី​ថ្ងៃទី​ ២៨ ខែ​មីនា ដល់​ថ្ងៃទី​ ០៥ ខែ មេសា ឆ្នាំ​ ២០២១​។

យោងតាម​លិខិត​របស់​ក្រសួង​សុខាភិបាល​ដែល​បាន​ផ្សព្វផ្សាយ​ឱ្យដឹងថា លោកនាយក​រដ្ឋមន្ត្រី​បានផ្តល់​ថវិកា​សរុប​ចំនួន​ ១ ០៧០ ​លាន​រៀល ​សម្រាប់​ជួយ​ផ្គត់ផ្គង់​ទៅដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក​ក្នុង​ខេត្ត​ចំនួន​ ១៥ ​ខេត្ត ​ដែល​មាន​អ្នក​កំពុង​ធ្វើ​ចត្តាឡីស័ក​សរុប​ចំនួន​ ១២ ៨២៣ ​នាក់​។

ខេត្ត​ទាំងនោះ​មាន​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ ព្រះវិហារ ត្បូងឃ្មុំ ក្រចេះ តាកែវ កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ ស្ទឹងត្រែង ព្រះសីហនុ និង​ខេត្តសៀមរាប​។

ថវិកា​ដែល​ត្រូវបាន​ផ្តល់​បន្ថែម​ទៅដល់​ខេត្ត​ទាំងនេះ​មាន​ចាប់ពី​ ១០ ​លាន​រៀល​ ទៅដល់​ ៣០០ ​លាន​រៀល​។

ជាមួយ​គ្នា​នេះ​លោក​ ហ៊ុន សែន ក៏បាន​ផ្តល់នូវ​សម្ភារ​សម្រាប់​ប្រើប្រាស់​មួយចំនួន​ទៅដល់​ខេត្ត​ចំនួន​ ១២ ​ខេត្ត​ទៀត​ ក្នុងនោះ​មាន​ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ កោះកុង ពោធិ៍សាត់ ព្រះវិហារ ព្រៃវែង ត្បូងឃ្មុំ កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ និង ខេត្តសៀមរាប​សម្រាប់​ជួយ​ដល់​អ្នក​កំពុង​ធ្វើ​ចត្តាឡីស័ក​សរុប​ចំនួន ៩ ៥៨៦ ​នាក់​ ដែល​សម្ភារ​ទាំងនោះ​មាន​កន្ទេលជ័រ មុង ភួយ ខ្នើយ ស្រោមខ្នើយ សារុង និង​ក្រមា​។

ទន្ទឹមនឹង​នេះដែរ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បានចេញ​សេចក្តី​ណែនាំ​ទៅដល់​គ្រប់​អភិបាល​រាជធានី-ខេត្ត​ទាំងអស់​ត្រូវ​ចូលរួម​សហការ​ឲ្យ​បាន​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​សុខាភិបាល​ក្នុង​ការអនុវត្ត​ការផាកពិន័យ​អន្តរការណ៍​លើ​បុគ្គល​ ឬ​នីតិបុគ្គល​ដែល​មិន​អនុវត្ត​នូវ​កាតព្វកិច្ច​ពាក់​ម៉ាស់​ និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ស្រប​តាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។

លោក ស ខេង បាន​បញ្ជាក់ថា​៖ «​នៅក្នុង​ការចាត់ចែង​អនុវត្ត​ការងារ​ជាក់ស្តែង ប្រសិន​បើ​មាន​ជួប​ការលំបាក​ ឬ​បញ្ហា​ប្រឈម​ណាមួយ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី-ខេត្ត​ត្រូវរាយការណ៍ជូន​ក្រសួង​សុខាភិបាល និង​ចម្លងជូន​ក្រសួង​មហាផ្ទៃ​ជាបន្ទាន់​»​។ ​

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក​ គឹម សន្តិភាព​បាន​ឱ្យដឹង​នៅ​ថ្ងៃ​ម្សិលមិញ​ផងដែរ​ថា បុគ្គល​ដែល​កំពុង​ស្ថិតនៅតាម​ទីសាធារណៈ​ដែលមាន​មនុស្ស​ច្រើន​ ឬ​ទីកន្លែង​ដែល​មាន​ការជួបជុំ​មនុស្ស​ចាប់ពី​ ២ ​នាក់​ឡើង​ ទៅ​ត្រូវមាន​កាតព្វកិច្ច​ពាក់​ម៉ាស់​។ លោក​បាន​បញ្ជាក់ថា កាតព្វកិច្ច​ពាក់​ម៉ាស់​ត្រូវ​បាន​លើកលែង​សម្រាប់​បុគ្គល​ដែល​រស់នៅក្នុង​លំនៅឋាន​ឯកជន​ជាមួយ​គ្នា​ក្នុងអំឡុងពេល​នៃ​ការជួប​ជុំគ្នា​នៅក្នុង​លំនៅឋាន​នោះ​៕