ភ្នំពេញៈ អង្គការ​សុខភាព​ពិភពលោក WHO បាន​ដាក់ឱ្យ​ដំណើរការ​ «​យុទ្ធសាស្ត្រ​សកល​ដើម្បី​ពន្លឿន​ការលុបបំបាត់​ជំងឺមហារីក​មាត់ស្បូន​» ដោយ​ផ្ដោត​សំខាន់​លើ​ការចាក់​វ៉ាក់សាំង ការពិនិត្យ និង​ព្យាបាល ខណៈ​ដែល​នៅ​កម្ពុជា​ជំងឺ​នេះ​ឈរ​នៅ​លំដាប់​ទី​ ១ ក្នុង​ចំណោម​ប្រភេទ​មហារីក​ទាំងអស់​។

WHO កាលពី​ថ្ងៃទី​ ១៧ ​ខែ​វិច្ឆិកា​បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​មួយ​ឈ្មោះថា «​យុទ្ធសាស្ត្រ​សកល ដើម្បី​ពន្លឿន​ការលុបបំបាត់​ជំងឺមហារីក​មាត់ស្បូន​» ដើម្បី​កាត់បន្ថយ និង​ឈានទៅ​លុបបំបាត់​ជំងឺមហារីក​ស្បូន​។ យុទ្ធសាស្ត្រ​នេះ ផ្ដោតលើ​ជំហាន​ចំនួន​ ៣ រួមមាន​ការចាក់​វ៉ាក់សាំង ការពិនិត្យ និង​ការព្យាបាល​។ ប្រសិនបើ​កិច្ចការ​ទាំង​ ៣ ​នេះ​អាច​សម្រេចបាន WHO ប៉ាន់ប្រមាណ​ថា វា​អាច​កាត់បន្ថយ​ជំងឺមហារីក​មាត់ស្បូន​​បាន​រហូត​ដល់​ ៤០ ​ភាគរយ ហើយ​អាច​កាត់បន្ថយ​មរណភាព​ពាក់ព័ន្ធ​នឹង​ជំងឺ​នេះ​បាន​ប្រមាណ​ ៥ លាន​នាក់​ នៅ​ឆ្នាំ​ ២០៥០​។

លោក Tedros Adhanom Ghebreyesus អគ្គលេខាធិការ ​WHO ថ្លែង​ដូច្នេះ​ថា​៖ «​ការលុបបំបាត់​ជំងឺមហារីក​ប្រភេទ​ណាមួយ​ពី​មុន​មក​ហាក់​ដូចជា​សុបិន​ដែល​មិន​អាច​សម្រេចបាន ប៉ុន្តែ​ឥឡូវនេះ​យើង​មាន​ឧបករណ៍​ដែល​ផ្ដល់នូវ​លទ្ធផល​ល្អ​ និង​ជាក់លាក់​ដើម្បី​ធ្វើឱ្យ​សុបិន​នេះ​ក្លាយជា​ការពិត​។ ប៉ុន្តែ​យើង​អាច​លុបបំបាត់​ជំងឺមហារីក​មាត់ស្បូន​ដែលជា​បញ្ហា​សុខភាព​សាធារណៈ​បាន ប្រសិនបើ​យើង​ភ្ជាប់​អំណាច​នៃ​ឧបករណ៍​ដែល​យើង​មាន​ទៅនឹង​ការប្ដេជ្ញាចិត្ត​មិន​ចុះ​ញ៉ម ដើម្បី​ពង្រីក​ការប្រើប្រាស់​នៅ​ទូទាំង​សកលលោក​»​។

ជំងឺ​មហារីក​មាត់ស្បូន​ជា​ជំងឺ​ដែល​គេ​អាច​ទប់ស្កាត់ និង​ព្យាបាល​បាន ប្រសិន​បើ​វា​ត្រូវបាន​ពិនិត្យឃើញ​នៅ​ដំណាក់កាល​ដំបូង និង​មានការ​ព្យាបាល​បាន​ដិតដល់​។ ប៉ុន្តែ​វា​ជា​ជំងឺមហារីក​លំដាប់​ទី ​៤ សម្រាប់​ស្ត្រី​នៅលើ​សកលលោក​។ ប្រសិនបើ​មិនមាន​វិធានការ​ទេ ជំងឺ​នេះ​អាច​កើតមាន​ចន្លោះ​ពី​ ៥៧ ​ម៉ឺន​ទៅ​ ៧០ ​ម៉ឺន​ករណី នៅ​ចន្លោះ​ពី​ឆ្នាំ​ ២០១៨ ដល់​ឆ្នាំ​ ២០៣០ ​ដោយ​អត្រា​អ្នកស្លាប់​អាច​មាន​ពី​ជាង ៣១ ​ម៉ឺន ទៅ​ ៤០ ​ម៉ឺន​នាក់​។ អត្រា​មរណភាព​អាច​កើនឡើង​ ២ ​ដង​នៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍​។

WHO ថ្លែងថា ការរាតត្បាត​សកល​នៃ​ជំងឺ​កូវីដ​ ១៩ ធ្វើឱ្យ​​មាន​បញ្ហា​ប្រឈម​ក្នុង​ការទប់ស្កាត់​មរណភាព​បណ្ដាល​មកពី​ជំងឺមហារីក​ដោយសារ​តែ​មាន​ការរំខាន​ដល់​សេវា​ចាក់​វ៉ាក់សាំង ពិនិត្យ និង​ការព្យាបាល​ការបិទ​ព្រំដែន​ដែល​កាត់បន្ថយ​លទ្ធភាព​ទទួល​បាន​ការផ្គត់ផ្គង់​ការរារាំង​ដល់​ការធ្វើ​ដំណើរ​របស់​វិស្វករ​ជីវសាស្ត្រ​ជំនាញ​ដើម្បី​ថែទាំ​សម្ភារ​ដែលមាន​។ កូវីដ​ ១៩ ក៏​រារាំង​ស្ត្រី​នៅ​ទីជនបទ​ក្នុង​ការធ្វើ​ដំណើរ​មក​មន្ទីរពេទ្យ​ដើម្បី​ទទួល​ការព្យាបាល​។ ការបិទ​សាលារៀន​ក៏​បង្អាក់​ដល់​ការចាក់​វ៉ាក់សាំង​នៅតាម​សាលារៀន​ផងដែរ​។ នេះ​បើតាម WHO​។

WHO ជំរុញ​ឱ្យ​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក​ធានា​បាន​ថា ការចាក់​វ៉ាក់សាំង ការពិនិត្យ និង​ព្យាបាល​អាច​បន្ត​ប្រកប​ដោយ​សុវត្ថិភាព ដោយ​មាន​ការប្រុងប្រយ័ត្ន​ចាំបាច់​។

លោកស្រី​វេជ្ជបណ្ឌិត Princess Nothemba Simelela ជំនួយការ​អគ្គលេខាធិការ WHO ​ថ្លែងថា​៖ «​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក​មាត់ស្បូន​ក៏​ជា​ការប្រយុទ្ធ​ប្រឆាំង​ដើម្បី​សិទ្ធិ​ស្ត្រី​ផងដែរ​។ ការឈឺចាប់​ដែល​មិនចាំបាច់​បង្កឡើង​ដោយ​ជំងឺ​ដែល​អាច​បញ្ចៀស និង​ព្យាបាល​បាន​នេះ បង្ហាញ​ពី​ភាពអយុត្តិធម៌​ដែល​ប៉ះពាល់​ដល់​សុខភាព​របស់​ស្ត្រី​នៅ​ជុំវិញ​ពិភពលោក​។ បើ​យើង​រួមគ្នា យើង​អាច​បង្កើនបាន​នូវ​ប្រវត្តិសាស្ត្រ​ដើម្បី​ធានា​ឱ្យបាន​នូវ​អនាគត​មួយ​ដែល​គ្មាន​ជំងឺ​មាហារីក​មាត់ស្បូន​»​។

លោក​វេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ជំងឺមហារីក​ដែល​ស្ថិតនៅក្នុង​មន្ទីរពេទ្យ​កាល់ម៉ែត​ឱ្យ​ដឹង​កាលពី​ថ្ងៃទី​ ១៧ វិច្ឆិកា ​ថា តាម​ការប៉ាន់​ប្រមាណ​របស់ WHO ជំងឺមហារីក​មាត់ស្បូន​គឺជា​ជំងឺមហារីក​ទី​ ១ ក្នុងចំណោម​មហារីក​ប្រភេទ​ផ្សេងទៀត​នៅ​កម្ពុជា​។ ក្នុង​មួយ​ឆ្នាំៗ ស្ត្រី​កម្ពុជា​ដែល​កើត​ជំងឺ​នេះ​មាន​ចំនួន​ចន្លោះ​ពី​ ១ ៥០០ ​នាក់ ទៅ​ ២ ៥០០ ​នាក់​ ក្នុង​ចំណោម​ពលរដ្ឋ​ប្រមាណ​ ១៦ ​លាន​នាក់​។ ក្នុងចំណោម​អ្នក​កើត​ជំងឺ​នេះ​ ៦០ ​ភាគរយ​បានទទួល​មរណភាព​។

លោក​ថា​៖ «​ភាគច្រើន​បងប្អូន​ស្ត្រី​គាត់​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ ច្រើនតែ​នៅ​ដំណាក់កាល​ធ្ងន់ធ្ងរ​ដែល​ការព្យាបាល​ឱ្យ​ជាសះស្បើយ​ជួប​ការលំបាក​។ មាន​បងប្អូន​ខ្លះ ដែល​គាត់​បាន​មក​ព្យាបាល​នៅ​ដំណាក់កាល​ដំបូងៗ ហើយ​ការព្យាបាល​របស់គាត់​ទទួល​បាន​ជោគជ័យ​ទៅតាម​ហ្នឹង​»​។

លោក​បញ្ជាក់ថា មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​បានទទួល​ព្យាបាល​ជំងឺ​នេះ​តាំងពី​ឆ្នាំ​ ២០០៣ ខណៈ​មន្ទីរពេទ្យ​កាល់ម៉ែត​ចាប់ផ្ដើម​ព្យាបាល​ជំងឺ​នេះ​នៅ​ឆ្នាំ ២០១៨​។ ប៉ុន្តែ​ក្រៅពីនេះ​ក៏​មាន​មន្ទីរពេទ្យ​ឯកជន​ផ្សេងៗ​ដែល​ទទួល​ពិនិត្យ​ជំងឺ​នេះដែរ​។

លោក​ផ្ដាំ​ដល់​ស្ត្រី​ដែល​កើត​ជំងឺ​នេះ ឱ្យ​ប្រញាប់​ទៅ​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​ជា​ជាង​ការព្យាបាល​តាម​ការយល់​ឃើញ​ ឬ​តាម​ការនិយាយ​តៗ​គ្នា ដែល​ធ្វើឱ្យ​ជំងឺ​នេះ​វិវត្ត​ពី​ដំណាក់កាល​ស្រាល​ទៅ​ធ្ងន់ធ្ងរ​ព្យាបាល​មិនជា​។ សម្រាប់​ស្ត្រី​ដែល​មិនទាន់​កើត​ជំងឺមហារីក​មាត់ស្បូន លោក​ស្នើឱ្យ​ពួកគាត់​ទៅពិនិត្យ​កោសិកា​មាត់ស្បូន​ម្ដង​ក្នុង​ ១ ​ឆ្នាំ​ចាប់​តាំងពី​ពួកគាត់​មាន​គ្រួសារ​រហូត​ដល់​អាយុ ៧០ ឆ្នាំ​។ ការធ្វើ​បែបនេះ​គឺ​ដើម្បី​ពិនិត្យមើល​ការវិវត្ត​ដំណាក់កាល​ដំបូង​នៃ​ជំងឺ​នេះ​ដែល​នៅ​ដំណាក់កាល​នេះ​គេ​អាច​ព្យាបាល​ជាសះស្បើយ​ស្ទើរតែ​ ១០០ ​ភាគរយ​។

លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា​៖ «​បងប្អូន​ដែល​មាន​កូនស្រី​ចាប់ពី​អាយុ​ ១០ ​ឆ្នាំ​ឡើងទៅ​សូម​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺមហារីក​មាត់ស្បូន ព្រោះ​ ១ ​ជីវិត​ចាក់​តែ​ ៣ ​ដង​ទេ ហើយ​អាច​ការពារ​បាន​ ១ ​ជីវិត​។ អ៊ីចឹង​ការចាក់​វ៉ាក់សាំង​លើ​កុមារី​តូចៗ​ហ្នឹង​មាន​ប្រសិទ្ធភាព​ខ្ពស់​មែនទែន ជាពិសេស​អ្នក​នៅ​លីវ​។ មុននឹង​មាន​គ្រួសារ​គួរតែ​នាំគ្នា​ចាក់​វ៉ាក់សាំង​ការពារ​មហារីក​មាត់ស្បូន​ទៅ​»៕