ភ្នំពេញៈ អង្គការសុខភាពពិភពលោក (WHO) ពីម្សិលមិញបានផ្ដល់ជំនួយសម្ភារសម្រាប់ការងារគ្រប់គ្រងគ្រោះមហន្តរាយដល់ក្រសួងសុខាភិបាលមួយចំនួន ក្នុងនោះរួមមានកុំព្យូទ័រយួរដៃ ម៉ាស៊ីនព្រីនធ័រពហុមុខងារ អាវកាក់ពាក់ក្រៅ និងមួកមានឡូហ្គោសង្គ្រោះបន្ទាន់ រួមនឹងម៉ាស៊ីនវាស់កំហាប់អុកស៊ីហ្ស៊ែននៅម្រាមដៃជាដើម។
ពិធីប្រគល់ទទួលអំណោយរបស់អង្គការសុខភាពពិភពលោកនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រគល់ជូនដោយលោកស្រី លី អៃឡែន តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជានាថ្ងៃទី ២៤ ខែឧសភា នៅទីស្តីការក្រសួងសុខាភិបាល។
បើតាមក្រសួងសុខាភិបាល WHO បានប្រគល់កុំព្យូទ័រយួរដៃ ចំនួន ២៥ គ្រឿង ម៉ាស៊ីនព្រីនធ័រពហុមុខងារចំនួន ២៩ គ្រឿង Bluetooth Speaker Microphone ចំនួន ៣ គ្រឿង អាវកាក់ពាក់ក្រៅមានឡូហ្គោសង្គ្រោះបន្ទាន់ក្រសួងសុខាភិបាលចំនួន ១៥ អាវ។ មួកមានឡូហ្គោសង្គ្រោះបន្ទាន់ក្រសួងសុខាភិបាលចំនួន ១៥ មួក និងម៉ាស៊ីនវាស់កំហាប់អុកស៊ីហ្ស៊ែននៅម្រាមដៃចំនួន ១២ កេស ស្មើនឹង ១ ២០០ គ្រឿង។
ក្រសួងសុខាភិបាលថា៖ «អង្គការសុខភាពពិភពលោកគឺជាដៃគូសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ដែលបានផ្តល់ជំនួយទាំងបច្ចេកទេស ថវិកា និងសម្ភារ បរិក្ខារវេជ្ជសាស្ត្រ។ ជាពិសេស ក្នុងការងារបង្ការ ទប់ស្កាត់ និងឆ្លើយតបនឹងជំងឺកូវីដ ១៩»។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលថ្លែងថា៖ «អំណោយដ៏ថ្លៃថ្លារបស់អង្គការសុខភាពពិភពលោកនាថ្ងៃនេះ នឹងត្រូវចែកជូនមន្ត្រីបង្គោលទទួលបន្ទុកការងារគ្រប់គ្រងគ្រោះមហន្តរាយនៅរាជធានី-ខេត្ត សម្រាប់ប្រើប្រាស់ក្នុងការប្រមូលទិន្នន័យគ្រោះមហន្តរាយដោយមនុស្សជាអ្នកបង្ក និងគ្រោះមហន្តរាយដោយធម្មជាតិ»។
លោករដ្ឋមន្ត្រីថ្លែងអំណរគុណ ចំពោះ WHO ជាពិសេស លោកស្រី លី អៃឡែន ដែលតែងតែសហការ សម្របសម្រួលផ្តល់ជំនួយទាំងបច្ចេកទេស និងថវិកាជំរុញលើកកម្ពស់សេវាសុខាភិបាលឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជីវិតរបស់ប្រជាជនកម្ពុជា។
តាមរយៈ WHO ប្រទេសកម្ពុជាបានទទួលវ៉ាក់សាំងការពារកូវីដ ១៩ កូវីស៊ែល ផលិតនៅប្រទេសឥណ្ឌាដោយទទួលអាជ្ញាប័ណ្ណផលិតពីក្រុមហ៊ុន AstraZeneca របស់ប្រទេសអង់គ្លេសចំនួន ៣២៤ ០០០ ដូសដែលជាជំនួយលើកដំបូងរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) កាលពីថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០២១៕