
ឥឡូវនេះមានវត្តមាននៅលើ SINGMENG TV និង Splus ហើយ WIKI TV ជាទូរទស្សន៍អប់រំដំបូងគេនៅកម្ពុជាដែលមានគោលដៅផ្សព្វផ្សាយកម្មវិធីអប់រំ ដោយប្រើបច្ចេកវិទ្យាទំនើប ដែលបង្កើតឡើងដោយក្រុមហ៊ុនផុស្ការ (POSCAR Cambodia) ដោយបានទទួលលិខិតអនុញ្ញាតពីក្រសួងព័ត៌មាន លេខ ៣៧៣ ពមប្រក. ចុះថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០១៩ និងបានចុះកិច្ចព្រមព្រៀងស្តីពីគម្រោងផ្សព្វផ្សាយ ផលិត និងប្រើប្រាស់មាតិកាអប់រំរវាងនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃក្រសួងអប់រំ យុវជន និងកីឡាកាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២០។
ដើម្បីចូលរួមលើកស្ទួយទៅលើការសិក្សារបស់សិស្សានុសិស្សនៅក្នុងអំឡុងពេលនៃការផ្អាកគ្រឹះស្ថានសិក្សាបណ្តោះអាសន្នដោយសារការរីករាលដាលនៃមេរោគ Covid-19 ក្រុមហ៊ុន ខេមបូឌាន ស៊ីងម៉ឹង ធេលីមីឌា ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្គត់ផ្គង់សេវាកម្ម អ៊ីនធឺណិត ទូរទស្សន៍ ទូរស័ព្ទ និងមានសេវាកម្មជាច្រើនទៀតបានសហការជាមួយ WIKI TV ក្នុងការបន្ថែមប៉ុស្តិ៍ WIKI- TV ទៅលើប្រអប់ទូរទស្សន៍ស៊ីងម៉ឹង SINGMENG TV និងកម្មវិធីទូរទស្សន៍តាមរយៈទូរស័ព្ទដៃ Splus ដែលមានរូបភាពច្បាស់កម្រិត HD និងអាចទស្សនាសាឡើងវិញបានក្នុងរយៈពេល ៧ ថ្ងៃដែលមានតែ ១ គត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងនោះកម្មវិធីទូរទស្សន៍ WIKI- TV មាននៅលើទូរទស្សន៍ស៊ីងម៉ឹង SINGMENG TV លេខរៀងប៉ុស្តិ៍លេខ ១១៩ និងនៅលើកម្មវិធីទូរទស្សន៍តាមរយៈទូរស័ព្ទដៃ Splus ដែលសិស្សានុសិស្សអាចទាញយក (ដោនឡូដ) កម្មវិធីទូរស័ព្ទដៃបានលើទូរស័ព្ទស្មាតហ្វូន iOS និង Android តាមតំណភ្ជាប់នេះ http://- hyperurl.co/SplusMobileTV ឬគ្រាន់តែវាយពាក្យ Splus ហើយស្វែងរកនៅក្នុង App Store និង Play Store ជាការស្រេច។

កម្មវិធីសិក្សានឹងផ្សាយជារៀងរាល់ថ្ងៃជាមួយនឹងលោកគ្រូ អ្នកគ្រូដែលមានបទពិសោធបង្រៀនយូរឆ្នាំដែលមានមេរៀនដូចជា៖ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងអក្សរសាស្ត្រខ្មែរជាដើមដែលស្របទៅនឹងកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា។
សិស្សថ្នាក់ទី ៩ និងថ្នាក់ទី ១២ អាចមើលវីដេអូមេរៀនប្រចាំថ្ងៃដោយថ្នាក់ទី ៩ មានម៉ោងសិក្សាចាប់ពីម៉ោង ៧ ដល់ម៉ោង ៩ ព្រឹក និងថ្នាក់ទី ១២ ចាប់ពីម៉ោង ១ ដល់ម៉ោង ៣ រសៀលហើយបើខកខានមើល សិស្សអាចមើលការចាក់ផ្សាយឡើងវិញនៅម៉ោង ៤ រសៀលដល់ម៉ោង ៧ យប់សម្រាប់សិស្សថ្នាក់ទី ៩ ចាប់ពីម៉ោង ៧ ដល់ម៉ោង ១០ យប់សម្រាប់សិស្សថ្នាក់ទី ១២។
លោក ងន់ ម័រ សហស្ថាបនិក WIKI TV បានលើកឡើងថា WIKI- TV បានផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្សអាចសិក្សាជាមួយសាស្ត្រាចារ្យល្បីៗជាច្រើនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ WIKI TV គឺជាវេទិកាសិក្សាតាមប្រព័ន្ធអនឡាញដែលមានភាពងាយស្រួល និងប្រកបដោយគំនិតច្នៃប្រឌិតថ្មីបំផុតនៅប្រទេសកម្ពុជា។
លោកបានបន្ថែមទៀតថា៖ «នេះគឺជាឱកាសដ៏ល្អដើម្បីទទួលយកបទពិសោធថ្មីនៃការសិក្សាតាមបែបឌីជីថល»។ សូមបញ្ជាក់ថា WIKI TV កម្មវិធីទូរទស្សន៍បង្រៀនតាមអនឡាញនឹងចាក់ផ្សាយជាផ្លូវការលើទូរទស្សន៍ SINGMENG TV និង Splus ចាប់ពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២០ តទៅ៕