ភ្នំពេញៈ អង្គការ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា WMC ដាក់​ឲ្យ​ប្រើប្រាស់​នូវ​គេហទំព័រ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ដែល​មាន​ឈ្មោះ CrosscheckWMC ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​នៅ​លើ​បណ្តាញ​សង្គម ដោយ​អាច​ឲ្យ​សាធារណជន​ធ្វើការ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ដែល​មាន​ប្រភពព័ត៌មាន​ជាច្រើន ដើម្បី​កំណត់​ថា តើ​ព័ត៌មាន​នោះ​ពិត ឬ​មិន​ពិត​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន WMC ឲ្យ​ដឹងថា គេហទំព័រ​ផ្ទៀងផ្ទាត់​ព័ត៌មាន​នេះ​គឺជា​ការចាប់ផ្តើម​ថ្មី​មួយ​នៅ​ប្រទេស​កម្ពុជា និង​ក្លាយ​ជា​ជំហាន​ដំបូង​ដ៏សំខាន់ ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ដែល​គេ​ស្គាល់​ថា​ «​ព័ត៌មាន​ក្លែងក្លាយ​» ​ដែល​កំពុង​រីក​រាលដាល​ខ្លាំង​ក្នុងសង្គម​។

លោកស្រី អ៊ុង ច័ន្ទថុល នាយិកា​ប្រតិបត្តិ WMC ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​គេហទំព័រ​ថ្មី​នៅ​សណ្ឋាគារ Era រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ៧ ​ខែកុម្ភៈ​ថា​គោលបំណង​របស់​គេហទំព័រ​គឺ​ដើម្បី​ផ្ទៀងផ្ទាត់​ព័ត៌មាន (Cross-checkWMC) ដោយ​ផ្តល់ជូន​សាធារណជន​កម្ពុជា​នូវ​ព័ត៌មាន​ដែល​បាន​ផ្ទៀងផ្ទាត់ និង​ត្រឹមត្រូវ​ព្រម​ទាំង​លើកកម្ពស់​ការអនុវត្ត​ក្រមសីលធម៌​របស់​អ្នកសារព័ត៌មាន​កម្ពុជា​ផងដែរ​។

លោកស្រី​បន្ត​ថា​៖ «​ការបង្កើត​គេហទំព័រ​ផ្ទៀងផ្ទាត់​ព័ត៌មាន (CrosscheckWMC) គឺជា​ការផ្ទៀងផ្ទាត់​ព័ត៌មាន​ដំបូង​គេ​នៅ​កម្ពុជា និង ជា​ការបេ្តជ្ញាចិត្ត​ផ្សព្វផ្សាយ​ព័ត៌មាន​ត្រឹមត្រូវ​ដែល​យើង​រំពឹងថា ជា​ការលើក​កម្ពស់​ការឆ្លើយតប​ទៅនឹង​ដំណោះស្រាយ​ជា​និរន្តរភាព​ទៅនឹង​ព័ត៌មាន​មិន​ពិត និង​ជាការ​ទទួល​ខុសត្រូវ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​ប្រទេសមួយ​នេះ​»​។

លោក យិប ឆេងលាប ប្រធាន​កម្មវិធី​ផ្ទៀងផ្ទាត់​ព័ត៌មាន (Crosscheck) ដែល​បានធ្វើ​បទបង្ហាញ​ពី​ការបើក​ដំណើរការ គេហទំព័រ​នេះ​លើកឡើង​ថា ព័ត៌មាន​តាម​បណ្តាញ​សង្គម​ទាំង​ព័ត៌មាន​ពិត និង​ព័ត៌មាន​មិន​ពិត​កំពុង​ត្រូវបាន​ផ្សព្វផ្សាយ​យ៉ាង​លឿន និង​ទូលំទូលាយ​បំផុត​ដែល​ធ្វើឲ្យ​សាធារណជន​កំពុង​ជួប​ការលំបាក​យ៉ាង​ខ្លាំង​ដើម្បី​កំណត់ថា តើ​ព័ត៌មាន​ណា​ពិត ព័ត៌មាន​ណា​មិន​ពិត​?

លោក​បញ្ជាក់​ថា​៖ «CrosscheckWMC នឹង​បង្ហាញ​រាល់​ព័ត៌មាន​ដែល​លោកអ្នក​ស្វែងរក​នៅក្នុង​គេហទំព័រ​នេះ ថា​ពិត ឬ​មិន​ពិត និង​គួរ​ទុកចិត្ត​បាន​ដល់​កម្រិត​ណា​? យើង​មាន​សញ្ញា​ចំនួន ៣ ដែល​នឹង​បង្ហាញ​បញ្ជាក់​ចំពោះ​ព័ត៌មាន​ទាំងនោះ​ដូចជា​នៅពេល​មាន​បង្ហាញ​ពណ៌​ខៀវ​បញ្ជាក់​ថា ព័ត៌មាន​ដែល​លោកអ្នក​កំពុង​ស្វែងរក​គឺ​មាន​ទិន្នន័យ​ដែល​អាច​ជឿ​ទុកចិត្ត​បាន​។ បើ​បង្ហាញ​ពណ៌​ទឹកក្រូច​នោះ ទិន្នន័យ​នៃ​ព័ត៌មាន​ទាំងនេះ​អាច​ជឿ​ទុកចិត្ត​បាន​ត្រឹម​ ៥០ ភាគរយ​ប៉ុណ្ណោះ​។ ប៉ុន្តែ​បើ​វា​បង្ហាញ​សញ្ញា​ពណ៌​ក្រហម​នៅ​ពីក្រោយ​នោះ​បាន​ន័យថា​ព័ត៌មាន​ដែល​លោកអ្នក​កំពុង​ស្វែងរក​នេះ​គឺជា​ព័ត៌មាន​ក្លែងក្លាយ​»​។

លោក មឿន ឈានណារិទ្ធ សាស្ត្រាចារ្យ​ផ្នែក​ព័ត៌មាន និង​ជា​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​បាន​ថ្លែងថា ក្រសួង​ព័ត៌មាន​ក៏កំពុង​តែ​យកចិត្ត​ទុកដាក់​ខ្លាំង ចំពោះ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ ជាពិសេស​បង្ក​ភាពវឹកវរ​ដល់​សង្គម​។ លោក​បន្តថា ថ្មីៗ​នេះ​ព័ត៌មាន​មិន​ពិត​កំពុង​តែមាន​សម្ទុះ​ខ្លាំង​ឡើង​ស្រប​ពេល​ដែលមាន​ផ្ទុះ​នូវ​ជំងឺ​ប្រភេទ​ថ្មី​នៅ​ប្រទេស​ចិន​ដែល​នាំ​ឲ្យ​ជន​ឆ្លៀត​ឱកាស​មួយចំនួន​បាន​បំផុស​នូវ​ព័ត៌មាន​មិន​ពិត ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់​ពួកគេ​។

លោក​បាន​បន្ថែមថា​៖ «​ដោយសារ​តែ​ថ្មីៗ​នេះ​មាន​អ្នក​រាយការណ៍​នៅ​ទំព័រ​ហ្វេសប៊ុក​ថា អ្នក​ផ្ទុក​វីរុស​នៅ​ខេត្ត​ព្រះសីហនុ​កំពុង​ស្នាក់នៅ​មន្ទីរ​ពេទ្យរុស្ស៊ី​។ បើ​គាត់​រាយការណ៍​អ៊ីចឹង​មែន ហើយ​មិន​បាន​ទប់ស្កាត់​ទាន់​ពេល​ទេ​នោះ​នឹង​ធ្វើឲ្យ​មាន​ភាពចលាចល​ពេញ​មន្ទីរ​ពេទ្យរុស្ស៊ី​នេះ​»​។

កញ្ញា អៀ សុនិតា វ័យ​ ១៩ ​ឆ្នាំ​ ជា​និស្សិត​នៅ​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សារគមនាគមន៍ (DMC) នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គេហទំព័រ​នេះ​គ្រាន់តែ​ជា​កត្តារួម​ចំណែក​មួយ​ប៉ុណ្ណោះ​ក្នុង​ការទប់ស្កាត់​នូវ​ព័ត៌មាន​មិន​ពិត​ដែល​ត្រូវមាន​ការចូលរួម​បន្ថែមទៀត​ពី​សំណាក់​រដ្ឋាភិបាល អ្នកប្រើប្រាស់ ជាពិសេស​អ្នក​សារព័ត៌មាន​ខ្លួនឯង​ផ្ទាល់​៕