កណ្តាលៈ អង្គការទស្សនៈពិភពលោក (World Vision) កាលពីថ្ងៃពុធបានចេញសេចក្តីប្រកាសព័ត៌មានមួយថា កាលពី ១៩ ឆ្នាំមុនកុមារនៅស្រុកខ្សាច់កណ្តាលដែលបានរៀនចប់ថ្នាក់បឋមសិក្សាមានចំនួនតែ ៣៨ ភាគរយប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នកុមារនៃស្រុកនេះបានរៀនចប់ថ្នាក់បឋមសិក្សាមានការកើនឡើងដល់ ៩៩ ភាគរយ។
លោកស្រី ពិន ទិត្យវាសនា ប្រធានប្រតិបត្តិជាន់ខ្ពស់នៃ WV ប្រចាំកម្ពុជាបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ពីថ្ងៃពុធថា កត្តាសំខាន់ដែលធ្វើឱ្យមានការកើនឡើងនេះដោយសារមានការចូលរួមពីអាណាព្យាបាលសិស្សគ្រូបង្រៀននាយកសាលា អាជ្ញាធរ និងមួយជ្រុងទៀតពីអង្គការទស្សនៈពិភពលោក។
លោកស្រីបន្តថា អាណាព្យាបាលសិស្សពីមុនគិតថា ការបញ្ជូនកូនទៅរៀនមិនមានប្រយោជន៍នោះទេ។ ពួកគាត់គិតថា បើកូនពួកគាត់ទំនេរហើយជួយរកប្រាក់ឱ្យពួកគាត់គឺមានប្រយោជន៍ជាង។ «តែយើងឃើញថាគាត់ផ្លាស់ប្តូរគឺឥឡូវ នៅពេលដែលកូនគាត់គ្រប់អាយុចូលរៀន ៦ ឆ្នាំគឺគាត់បញ្ជូនមកបឋមសិក្សាតែម្តង ហើយគាត់យល់ថាកូនសំខាន់នៅពេលដែលគាត់ចេះដឹងគឺអនាគតរបស់គាត់ក៏ប្រសើរដែរ»។
លោកស្រីបញ្ជាក់ថា មួយជ្រុងទៀតគឺគ្រូបង្រៀន និងនាយកសាលាដែលគិតគូរខ្លាំង និងបានផ្លាស់ប្តូរទៅលើរបៀបនៃការបង្រៀន។ ការផ្លាស់ប្តូរនេះឆ្លើយតបទៅនឹងកម្មវិធីអប់រំរបស់រដ្ឋាភិបាលដែលបានដាក់បញ្ចូលការអប់រំបែបសិស្សមជ្ឈមណ្ឌលដែលធ្វើឱ្យសិស្សចូលចិត្តរៀនជាងមុន។
លោកស្រី ទិត្យវាសនា ថ្លែងថា៖ «និយាយទៅសាលាបើយើងមើលឥឡូវទាំងគុណភាពនៃការបង្រៀន របៀបគ្រូប្រើតិចនិកក្នុងការបង្រៀនហើយបរិស្ថានជុំវិញការរៀបចំអី ធ្វើឱ្យសិស្សគាត់ចង់រៀនតែម្តង។ គាត់ចំណាយពេលច្រើនជាមួយកុមារ។ គាត់មានបណ្ណាល័យ។ អ៊ីចឹងគាត់ចេះតាមដានជាមួយនឹងសៀវភៅតាមដានរបស់កុមារ»។
លោកស្រីបន្ថែមថា នៅពេលមានវគ្គបច្ចេកទេសថ្មីៗទាក់ទងការលើកកម្ពស់ការរៀនសូត្ររបស់សិស្ស និងការបង្រៀនរបស់គ្រូ អាជ្ញាធរខេត្តតែងផ្តល់វគ្គបណ្តុះបណ្តាលដល់ថ្នាក់មូលដ្ឋានដោយអញ្ជើញគ្រូនៅបឋមសិក្សាចូលរៀន។
បើតាមលោកស្រី ទិត្យវាសនា អង្គការទស្សនៈពិភពលោកព្យាយាមស្វែងយល់ពីបរិបទភាពខ្លាំងសមត្ថភាព និងធនធាននៅក្នុងតំបន់ដែលស្រុកនេះមានស្រាប់ បន្ទាប់មកជួយសម្របសម្រួលឱ្យរដ្ឋបាលស្រុក ចេះប្រើធនធាន និងមានផែនការ និងកិច្ចសហការជាមួយមន្ទីរដើម្បីផ្តល់វគ្គបណ្តុះបណ្តាលដល់ថ្នាក់មូលដ្ឋាន។
សេចក្តីប្រកាសព័ត៌មានរបស់ WV បញ្ជាក់ថាកុមារអាយុពី ៣ ខែដល់ជិត ២ ឆ្នាំដែលទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់មានចំនួនកើនឡើងពី ៣៨% ក្នុងឆ្នាំ ២០១៦ ដល់ ៧៨% ក្នុងឆ្នាំ ២០១៩។ ក្នុងរយៈពេល ១៩ ឆ្នាំកន្លងមកនេះ WV ម្ចាស់ជំនួយ និងអ្នកទំនុកបម្រុងបានវិនិយោគថវិកាជាង ៥ លានដុល្លារ ដើម្បីជួយឲ្យកុមារក្នុងសហគមន៍ក្នុងស្រុកនេះមានសុខភាព និងសុខុមាលភាព និងអាចបន្តការរៀនសូត្រយ៉ាងហោចណាស់ចប់ថ្នាក់ទី ៩។
លោក ទៀក ឃុន មេឃុំសន្លុងប្រាប់ភ្នំពេញប៉ុស្តិ៍ថាលោកសង្កេតឃើញជាក់ស្តែងការរៀនចប់ថ្នាក់បឋមសិក្សារបស់កុមារពិតជាមានការកើនឡើងដូចអ្វីដែលអង្គការទស្សនពិភពលោកបានលើកឡើងនោះមែន ពីព្រោះអាណាព្យាបាលម្នាក់ៗខិតខំប្រឹងប្រែងឱ្យកូនបានចូលរៀនគ្រប់ៗគ្នា។ «អត់មានកូនអ្នកណាដែលថាអត់បានចូលសាលារៀន ហើយអត់មានកូនអ្នកណារៀនឈប់មុនបឋមទេ។ ប៉ុន្តែវាតិចណាស់ អ្នកដែលឈប់មុនតិចភាគរយណាស់»។
លោកថាដោយសារជីវភាពរបស់ឪពុក ម្តាយមានភាពធូរធារទើបជំរុញឱ្យមានកំណើនបែបនេះ។ «ដូចជាកូនក្មេងដែលឪពុកម្តាយពិបាកហ្នឹង ក៏យើងខិតខំជំរុញឱ្យទៅរៀនដែរ។ ដូចខាងអាជ្ញាធរអ៊ីចឹង យើងបញ្ជាក់តាំងពីធ្វើសំបុត្រកំណើត។ យើងបំពេញសំណុំបែបបទឱ្យគាត់មានប្រើមួយចប់ដើម្បីឲ្យកូនទៅចូលរៀន»៕