ភ្នំពេញៈ បន្ថែម​ពី​លើ​អាជីព​សម្ដែង​ភាពយន្ត​ដែល​កំពុង​លេចធ្លោ តារាភាពយន្ត​ខ្មែរ​រូបសង្ហា​លោក ជា លាងឈែ បាន​ដាក់ទុន​បើក​ហាង​កាហ្វេ «​ត្នោត​ខ្មែរ​» ដោយ​យក​ឈ្មោះ​តាម​រុក្ខជាតិ​ដ៏រឹងមាំ និង​ពោរពេញ​ដោយ​ប្រយោជន៍​ដល់​មនុស្ស​។

តារា​ត្រេ​មុខ​កូរ៉េ​លោក ជា លាងឈែ តួ​ប្រុស​ក្នុង​រឿង «​រវាង​យើង​» បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពី​មូលហេតុ​ធ្វើឲ្យ​លោក​បើកហាង​កាហ្វេ​នេះ​ថា​៖ «​ពី​ដំបូង​ខ្ញុំ​មិន​បាន​គិតថា បើក​ហាង​កាហ្វេ​នោះ​ទេ ប៉ុន្តែ​ដោយសារ​តែ​មិត្តភក្តិ​គាត់​បាន​បើកហាង​កាហ្វេ ហើយ​គាត់​មាន​ការងារ​ច្រើន​ពេក​មិន​អាច​ឆ្លៀតពេល​មក​ហាង​បាន ហើយ​ក៏​សម្រេចចិត្ត​ថា​បិទ ហើយ​ខ្ញុំ​ក៏​សុំ​ទិញ​វិញ​ទាំងអស់ និង​បាន​ជួល​បុគ្គលិក​គាត់​មក​ធ្វើការ​ផង​ដែរ ដើម្បី​បើក​ជា​ហាង​កាហ្វេ​ជា​ប្រ៊េន​ដ៍​របស់​ខ្លួនឯង​»​។

ក្រៅពី​កាហ្វេ​ត្នោត​ខ្មែរ​លោក​ក៏​មាន​រចនា​អាវ ត្នោតខ្មែរ លក់​ដែរ​។ ហុង មិនា

កាហ្វេ ត្នោតខ្មែរ មាន​ការរចនា​ស្លាក​យីហោ​រូប​ដើមត្នោត និង​ផ្លែ​ត្នោត​នៅ​លើ​កំប៉ុង​កាហ្វេ​ជាមួយ​តម្លៃ​សមរម្យ ដោយ​ប្រភេទ​ភេសជ្ជៈ​ក្តៅ (​កាហ្វេ​ខ្មៅ Americano កាពូឈីណូ ឡាតេ តែបៃតង និង​សូកូឡា​) តម្លៃ​ត្រឹម​តែ ១,២៥ ដុល្លារ ភេសជ្ជៈ​ទឹកកក (​កាហ្វេ​ត្នោត​ខ្មែរ កាពូឈីណូ ឡាតេ តែ​បៃតង និង​សូកូឡា​) តម្លៃ ១,៥០ ដុល្លារ និង​ភេសជ្ជៈ​ក្រឡុក (​កាហ្វេ​ត្នោត​ខ្មែរ ទឹកផាសិន តែបៃតង និង​សូកូឡា​) តម្លៃ ១,៧៥ ដុល្លារ ។

ក្រោយ​ប្ដូរ​ទីតាំង​ពី​ម្ដុំ​ទួលគោក​មក​កន្លែង​ថ្មី​ក្នុង ​១ ​ថ្ងៃ​កាហ្វេ ត្នោត​ខ្មែរ អាច​លក់​បាន ៥០ ​ទៅ ៦០ ​កែវ និង​កំពុង​បន្ត​កៀងគរ​ភ្ញៀវ​ជាមួយ​រសជាតិ​ឈ្ងុយឆ្ងាញ់ តម្លៃ​សមរម្យ និង​បរិយាកាស​អង្គុយ​មាន​ផាសុកភាព​។

លោក ជា លាងឈែ បាន​បញ្ជាក់​ថា​៖ «​ដោយ​ប្តូរ​ទីតាំង​មក​កន្លែង​ថ្មី ទើប​ធ្វើឲ្យ​បាត់​ភ្ញៀវ​ចាស់ៗ​។ ទីតាំង​ថ្មី​ទើប​ដំណើរការ​រយៈពេល ៤ ​ខែ​ប៉ុណ្ណោះ​ដូច​ទៅ​នឹង​ការ​បើកហាង​លើក​ដំបូង​ដែរ ត្រូវ​ប្រើ​ពេល​យូរ​ទៀត​ទើប​មាន​ភ្ញៀវ​ច្រើន​ដូច​កាល​នៅ​កន្លែង​ចាស់​»​។

ហាង​កាហ្វេ​ត្នោតខ្មែរ​មាន​ការរចនា​បែប​សាមញ្ញ មាន​ផាសុកភាព​។ហុង មិនា

លោក​ប្រាប់​ពី​គោលបំណង​នៅ​ថ្ងៃ​ខាង​មុខ​ពី​ហាង​កាហ្វេ​ទៀត​ថា​៖ «​នៅពេល​ដែល​ខ្ញុំ​រៀបចំ​ហាង​ឲ្យ​មាន​ភាពរឹងមាំ​ទាំង​គុណភាព និង​រសជាតិ​ដែល​ជា​របស់​ខ្លួនឯង​ទាំង​គ្រឿងផ្សំ​ដូចជា​ទឹកកក​ជាដើម​គឺ​ត្រូវ​ផលិត​ជា​ប្រ៊េនដ៍​ខ្លួនឯង​ប្រើ​ចំពោះ​តែ​ក្នុង​ហាង​កាហ្វេ​នោះ ខ្ញុំ​នឹង​ចាប់ផ្តើម​ដាក់​លក់​ប្រ៊េនដ៍​បន្ត​ទៅ​ឲ្យ​អ្នក​ដែល​ចង់​បើក​ហាង​កាហ្វេ​ឈ្មោះ​បញ្ជាក់​ពី​សមិទ្ធផល​ខ្មែរ ដើម្បី​ចែកចាយ​ឲ្យ​ប្រជាជន​ខ្មែរ​យើង​បាន​ស្គាល់​ឲ្យ​ច្រើន​ជាង​នេះ​»​។

កាហ្វេ ត្នោតខ្មែរ ស្ថិត​នៅ​លើ​ផ្លូវ ២៧១ ជិតស្តុប​បឹងទំពុន​៕

វីដេអូ៖