ភ្នំពេញ៖ ដោយមានសាវតារជីដូនបម្រើការក្នុងផ្ទះបាយរាជវាំង និងម្ដាយជាអ្នកចម្អិនអាហារដ៏ចំណានស្រាប់ មេចុងភៅល្បី លោក លូ ម៉េង នៅចងចាំមិនភ្លេចពីរសជាតិគុយទាវឆ្ងាញ់ ដែលលោកបានទទួលទានមុនពេលទៅសាលារៀន។
បទពិសោធជីវិតដ៏ដិតដាមក្នុងផ្ទះបាយគ្រួសារបានធ្វើឲ្យអតីតចុងភៅសណ្ឋាគារលំដាប់ផ្កាយ និងឆ្លងកាត់ការបណ្ដុះបណ្ដាលនៅសិង្ហបុរី និងម៉ាឡេស៊ី ជាង ១ ទសវត្សរ៍រូបនេះ ក្លាយជាស្ថាបនិកហាងជាច្រើន រួមទាំងភោជនីយដ្ឋាន អ៊ុយគុយទាវ ដែលជំនាញធ្វើគុយទាវនេះស្រាប់។
មេចុងភៅដែលធ្លាប់ទទួលពានលើឆាកអន្តរជាតិរូបនេះ បានសរសេរថា៖ «ម្ដាយរបស់ខ្ញុំតែងតែចម្អិនម្ហូបឆ្ងាញ់ៗ ហើយគាត់ពូកែធ្វើម្ហូបណាស់ ដែលនេះជាឥទ្ធិពលដ៏ខ្លាំងក្លាមកលើខ្ញុំ។ ពេលខ្ញុំមានអាយុ ៨ ឆ្នាំ ខ្ញុំធ្លាប់ជួយគាត់ធ្វើគុយទាវ ហើយខ្ញុំចាំបានរសជាតិវាឆ្ងាញ់ខ្លាំងណាស់។ ខ្ញុំគិតថា ដោយសារតែម្ដាយខ្ញុំ ខ្ញុំអាចញ៉ាំគុយទាវឆ្ងាញ់មុនពេលទៅរៀន។ នេះជារឿងដែលដិតដាមយ៉ាងជ្រៅក្នុង DNA របស់ខ្ញុំ»។
លោក លូ ម៉េង បានលើកឡើងថា អ៊ុយគុយទាវ បានផ្សារភ្ជាប់ជាមួយដួងចិត្តលោក ហើយលោកតែងតែមានទស្សនវិស័យមួយនៅពេលចាប់ផ្តើមធ្វើជាមេចុងភៅ គឺការធ្វើយីហោម្ហូបអាហារ ដែលនឹងទាក់ទងជាមួយកម្ពុជាសម្រាប់ប្រជាជនកម្ពុជា។
លោក លូ ម៉េង បានលើកឡើងថា៖ «ខ្ញុំចង់ឲ្យប្រជាជនកម្ពុជាទាំងអស់មានមោទនភាពចំពោះបេតិកភណ្ឌរបស់ពួកគេតាមរយៈអាហារ ដែលរំឭកពួកគេពីវ័យកុមារភាព ឬការចម្អិនអាហាររបស់អ្នកម្ដាយ»។
នៅក្នុងចានមានសំណេរ «គុយទាវភ្នំពេញ» សរសៃគុយទាវតូចមានទឹកស៊ុបថ្លា អមដោយគល់ខ្ទឹម ចំណិតសាច់ សាច់ជ្រូកចិញ្ច្រាំ ប្រហិត គ្រឿងក្នុងជ្រូក ឆ្អឹងស៊ុប និងបង្គា បង្ហើរក្លិនយ៉ាងឈ្ងុយមុនពេលលើកមកដល់តុអាហារ។
គុយទាវភ្នំពេញ ដែលចាប់តាំងពីបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំមុន ត្រូវបានក្រុមហ៊ុនអាល់មិនគ្រុប ដែលគ្រប់គ្រងយីហោ អ៊ុយ គុយទាវ បានចែកចាយសិទ្ធិប្រកបអាជីវកម្មរបស់ខ្លូនជាលើកដំបូង កាលពីល្ងាចថ្ងៃសុក្រ ទី ២១ ខែកុម្ភៈ ក្រោមវត្តមានរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ។
ក្នុងពិធីប្រគល់វិញ្ញាបនបត្រអនុញ្ញាតឲ្យប្រើប្រាស់ម៉ាកសមូហភាព «គុយទាវភ្នំពេញ» លោកបានលើកឡើងពីការផ្សារភ្ជាប់ឈ្មោះអាហារនេះ ជាមួយប្រព័ន្ធគ្រប់គ្រងត្រួតពិនិត្យគុណភាព និងស្តង់ដាអនាម័យស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដើម្បីជួយទាក់ទាញភ្ញៀវទេសចរឲ្យស្គាល់រសជាតិមុខម្ហូបខ្មែរ ដែលមានប្រវត្តិជាយូរលង់មកហើយ។
គុយទាវ ភ្នំពេញ មាននៅសាខា អ៊ុយគុយទាវ ភោជនីយដ្ឋានយ៉ីសាង គ្រឿងហ្គាដិន និងវើលដាយនីង របស់អាល់ម៉ិនគ្រុប៕