ភ្នំពេញ៖ Al''tacos លក់អាហារសម្រន់រសជាតិដើមពីរដ្ឋកាលីហ្វ័រនីញ៉ាខាងត្បូង បានទាក់ទាញអតិថិជនឆៀងចូលសាកភ្លក្សអាហារវប្បធម៌ម៉ិកស៊ិកនៅម្ដុំបឹងកេងកង ១។
គ្រឿងផ្សំទាំងអស់មិនត្រឹមតែត្រូវបានធ្វើឡើងដោយស្នាដៃផ្ទាល់នោះទេ តែអាហារចិញ្ចើមផ្លូវម៉ិកស៊ិកនេះជាសមិទ្ធផលនៃក្ដីនឹករឭកផងដែរ ពីព្រោះវាជាស្នាដៃកូនខ្មែរកាត់អាមេរិកមកពីរដ្ឋកាលីហ្វ័រនីញ៉ាខាងត្បូង។
លោក អេលែន តាន់ កូនកាត់ខ្មែរ-អាមេរិក ជាស្ថាបនិក Al''tacos ប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ឪពុកខ្ញុំបានចេញពីកម្ពុជាក្នុងឆ្នាំ ១៩៨០ បានទៅរស់នៅរដ្ឋកាលីហ្វ័រនីញ៉ាខាងត្បូង ហើយខ្ញុំនៅទីនោះ និងត្រឡប់មករស់នៅកម្ពុជាធ្វើការនៅមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា និងបើក Al''tacos»។
ស្ថាបនិកនៃ Al''tacos ដែលគេស្គាល់ថាជាគូស្នេហ៍ចម្រៀងស្រីឯករាជ្យ អេដា បានបន្ដថា៖ «ខ្ញុំធ្លាប់បានចូលរៀននៅសាលាធ្វើម្ហូបមុនពេលត្រឡប់មកកម្ពុជា។ ខ្ញុំខានញ៉ាំ តាកូ អំឡុងពេលខ្ញុំមកនៅកម្ពុជា ហើយមិនត្រឹមតែចង់ញ៉ាំដោយខ្លួនឯងទេ ប៉ុន្តែខ្ញុំក៏ចង់ចែករំលែកបទពិសោធដល់ប្រជាជននៅកម្ពុជាផងដែរ ហើយខ្ញុំក៏គិតថា រសជាតិវានឹងមានប្រជាប្រិយភាពចំពោះប្រជាជនកម្ពុជា ទើបខ្ញុំបើកហាងនេះ ( Al''tacos )»។
តូបអាហាររំលេចពណ៌លឿង និងខៀវ អះអាងពីការប្រើគ្រឿងផ្សំគ្មានជាតិគីមី ដែលភាគច្រើនជាផលិតផលកសិករកម្ពុជា និងមិនប្រើប្លាស្ទិក។
នៅក្នុង ១ ខែ Al''tacos បានលក់ប្រភេទអាហារសម្រន់នាំរូបមន្ដមកពីរដ្ឋកាលីហ្វ័រញ៉ាខាងត្បូង បានរហូតដល់ទៅ ៤ ០០០ ដុំ ដែលអតិថិជនកម្ពុជា មានចំនួនប្រមាណ ៧៥ ភាគរយ នៃភ្ញៀវទាំងអស់។
Al''tacos មានលក់ តាកូ និងណាឆូ ជាមួយជម្រើសសាច់ជាច្រើនប្រភេទ ដូចជា សាច់គោកូរ៉េ សាច់មាន់ និងតៅហ៊ូ ទាំងសម្បកទន់ និងសម្បកស្រួយសម្រាប់ជ្រើសរើសដូចគ្នា។ តាកូ មានតម្លៃ ៦ ២០០ រៀល និងណាឆូ តម្លៃ ១២ ៣០០ រៀល នំពោតស្រួយ តម្លៃ ៤ ១០០ រៀល និងជ្រក់ប៉េងប៉ោះ ២ ១០០ រៀល។
Al''tacos ក៏មានជាប្រភេទ តាកូ ២ រួមជាមួយភេសជ្ជៈ ១ កំប៉ុង (៣,២៥ ដុល្លារ) តាកូ ២ ភេសជ្ជៈ ១ កំប៉ុង និងនំពោតស្រួយ ជ្រក់ប៉េងប៉ោះ (៤ ដុល្លារ)។ ក្រៅពីនេះ ក៏មានសាច់សម្រាប់បន្ថែម ២ ៧០០ រៀល គ្រឿងផ្សំ ២ ១០០ រៀល និង TORTILLA ២ ១០០ រៀលផងដែរ។
Al''tacos មាន ២ សាខា និងបើកជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៩:៣០ នាទីព្រឹក ដល់ ៩ យប់។ សាខាទួលគោក នៅផ្ទះ ៩៧ C ផ្លូវ ៥៩០ ទូរស័ព្ទ ០៨១ ៨២២ ២៦២។ សាខាបឹងកេងកង ១ នៅផ្ទះ ២២ ផ្លូវ ២៧៨ និងទូរស័ព្ទ ០៨១ ៨២២ ៦៥២៕