ភ្នំពេញ: នៅ​អគារ​ខ្ពស់​ជាងគេ​បំផុត​ក្នុង​រាជធានី​ភ្នំពេញ អ្នក​ប្រាថ្នា​ញ៉ាំ​អាហារ​លំដាប់​ប្រណីត​អាច​សាកល្បង​រស​ជាតិ​បង្អែម Mango Creme Brulee នៅ​ភោជនីយ​ដ្ឋាន Iza នៃ​សណ្ឋាគារ Rosewood ជាន់​ទី ៣៥ នៃ​អគារ​វឌ្ឍនៈ កាប់​ពីតាល់។

បង្អែម​នេះ ធ្វើឡើង​ពី​ផ្លែស្វាយ កិន​យ៉ាង​ទន់ល្មើយ រសជាតិ​ផ្អែម​ល្មម​ឆ្ងាញ់ អម​ដោយ​នំ​សូកូឡា​ស្រួយ។ មិន​ត្រឹមតែ​រសជាតិ​បង្អែម​ឆ្ងាញ់​ទេ ភ្ញៀវ​ក៏​អាច​ក្លែម​បរិយាកាស​ដោយ​ការ​គយ​គន់​ទេសភាព​រាជធានី​ភ្នំពេញ​ទាំង​មូល ពី​អគារ​ដ៏​ខ្ពស់​នេះ​ផង​ដែរ។

អ្នកនាង Hanny Wahyuni Gunawan នាយក​ផ្នែក​ទំនាក់ទំនង នៃ​ ​សណ្ឋាគារ Rosewood បាន​ឲ្យ​ដឹង​ថា៖ «ពី​មុន​យើង​បើក​ភោជនីយដ្ឋាន Iza ម្ហូប​ជប៉ុន​នេះ​តែ​ពេល​ល្ងាច​ប៉ុណ្ណោះ តែ​ដោយសារ​តែ​ភ្ញៀវ​ភាគ​ច្រើន​គាត់​ក៏​ចង់​ញ៉ាំ​អាហារ​ជប៉ុន​នេះ​នៅ​ពេល​ថ្ងៃ​ដែរ អ៊ីចឹង​បាន​ជា​យើង​សម្រេច​បើក​ពេល​ថ្ងៃ​បន្ថែម ដើម្បី​ឲ្យ ភ្ញៀវ​គាត់​មាន​ជម្រើស​ច្រើន»។

អ្នកនាង​បន្តថា៖ «នៅក្នុង​ហាង​ភោជនីយដ្ឋាន Iza ម្ហូប​ជប៉ុន​នេះ​ យើង​តុបតែង​រចនាប័ទ្ម​បែប​ជប៉ុន​ទាន់​សម័យ ដោយ​ភ្ញៀវ​អាច​ជ្រើសរើស​តុ​អង្គុយ អាច​មើល​ទេសភាព​ទីក្រុង​ភ្នំពេញ ឬមួយ​ក៏​អាច​អង្គុយ​ទល់​មុខ​ចុងភៅ ដែល​មាន​សិល្បៈ​ចម្អិន​ម្ហូប​ផ្ទាល់​តែម្ដង»។

ឈុត​អាហារ​ជប៉ុន ​ថ្ងៃត្រង់​មាន​តម្លៃ ១៦ ដុល្លារ។ អ្នក​ចូលចិត្ត​អាហារ​ជប៉ុន និង​ក្លែម​ទេសភាព​រាជធានី​ភ្នំពេញ​ ដ៏​ប្លែក​ភ្នែក​ពី​អគារ ៣៥ ជាន់​បាន​គឺ​នៅ ភោជនីយ​ដ្ឋាន Iza ស្ថិត​នៅ​ក្នុង​សណ្ឋាគារ Rosewood អាច​ទាក់​ទង​កក់​កន្លែង​តាម​ទូរស័ព្ទ​លេខ ០២៣ ៩៣៦ ៨៨៨៕