ភ្នំពេញៈ កញ្ច្រែងម្ទេសពណ៌ក្រហមឆ្អិនឆ្អៅនៅពីមុខអ្នកជំនាញបុកល្ហុងពីប្រទេសថៃដែលកំពុងញាប់ដៃបន្ថែមសរសៃល្ហុង និងក្តាមដោយគ្រាន់តែមើលក៏ទប់ទឹកមាត់មិនបាន។
ហាង «តុង តុង បុកឥតល្ហែ» មានលក់បុកល្ហុងរសជាតិបែបថៃ បុកមី បុកងាវ និងអាហារជាច្រើនមុខទៀតតម្លៃពី ៥០០០៛ ទៅ ២០០០០៛។
ក្រៅពីប្រភេទបុកល្ហុងក៏មានលក់ជាប្រភេទអាហារថ្ងៃត្រង់ជាច្រើនមុខមានតម្លៃសមរម្យ។ សម្រាប់អ្នកចង់កាត់ស្ត្រេសក៏អាចឆ្លៀតមកក្រេបស្រាក្រឡុកជួបជុំមិត្តភក្ដិក្រោយសម្រាកពីការងារនៅពេលល្ងាចទៀតផង។
លោក តុង មានវ័យ ២៥ ឆ្នាំជាម្ចាស់ហាង តុង តុង បុកឥតល្ហែ បានប្រាប់ពីមូលហេតុនៃការបើកហាងបុកល្ហុងនេះឡើងថា៖ «ខ្ញុំមើលឃើញថានៅទីនេះប្រជាជនភាគច្រើនចូលចិត្តញ៉ាំបុកល្ហុង ប៉ុន្តែមិនទាន់មានហាងបុកល្ហុងណាមានរសជាតិមួយដែលដូចទៅនឹងបុកល្ហុងនៅថៃទេ ហើយអាជីពនេះវាជាជំនាញរបស់ខ្ញុំស្រាប់»។
ម្ចាស់ហាងបុកល្ហុងរសជាតិបែបថៃរូបនេះបានទៅរស់នៅប្រទេសថៃតាំងពីខ្លួននៅតូច និងធ្លាប់បានធ្វើការក្នុងហាងបុកល្ហុងមួយកន្លែងមុននឹងនាំយកបទពិសោធរបស់ខ្លួនជាច្រើនឆ្នាំត្រឡប់មកប្រទេសកំណើតវិញ ហើយសម្រេចចិត្តបើកហាងនេះឡើង។
លោក តុង ម្ចាស់ហាងបានរៀបរាប់បន្ថែមថា៖ «ដំបូងខ្ញុំមិនបានបើកហាងអីទេ គឺជួលកន្លែងគេនៅតាមផ្លូវ ប៉ុន្តែដោយសារតែមានភ្ញៀវមកញ៉ាំច្រើនពេករហូតដល់អត់មានកន្លែងឲ្យគាត់អង្គុយ ទើបសម្រេចចិត្តជួលផ្ទះគេ ដើម្បីបើកហាងតែម្តងទៅ ហើយខ្ញុំក៏មានគម្រោងបើកហាងមួយទៀតដែរ នៅពេលឆាប់ៗនេះ»។
ចំពោះឈ្មោះហាងដ៏ប្លែក «តុង តុង បុកឥតល្ហែ» នេះត្រូវបានដាក់ដើម្បីទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវកាន់តែច្រើន ជាពិសេសបុរសៗតែម្ដង។
តុង តុង បុកឥតល្ហែ ទើបតែបានរយៈពេល ៧ ខែតែម្ចាស់ហាងសង្កេតឃើញថា សម្ទុះភ្ញៀវគាំទ្រអាចដោយសារតែរសជាតិឆ្ងាញ់ប្លែក និងការរចនាស្លឹកចេកធ្វើជាទ្រនាប់ចាន។
លោក តុង បានបង្ហើបថា៖ «អាចថាមកពីបុកល្ហុងយើងឆ្ងាញ់ហើយបានជាមានភ្ញៀវមកច្រើនបែបនេះ។ ១ ថ្ងៃអាចចូលរយនាក់មានអ្នកខ្លះរកផ្លូវមិនឃើញខលមកសួរក៏មានថែមទាំងមានលោកជំទាវមកគាំទ្រ។ កាលមិនទាន់បានបើកហាងគាត់បានឲ្យគេមកទិញ តែពេលបើកហាងមានកន្លែងអង្គុយត្រឹមត្រូវ គាត់បានអញ្ជើញមកពិសាខ្លួនឯងពិតជាកិត្តិយសរបស់ហាងណាស់»។
តុង តុង បុកឥតល្ហែ ស្ថិតនៅផ្លូវលេខ ៤៥៦ ខាងលិចផ្សារបឹងត្របែកចម្ងាយប្រហែល ២០០ ម៉ែត្រ ទាក់ទងទូរស័ព្ទលេខ ០៩៨ ៦៧ ៥២៩៦ និង ០៧០ ៧០ ០០ ៥៧៕
វីដេអូ៖