ភ្នំពេញ: បាយ​មាន់​ស្រែ ខ្ចប់​ស្លឹក​ឈូក ដែល​ផ្ដើម​ចេញ​ពី​ការ​លក់​តាម​អនឡាញ ពេល​នេះ​មានការ​រំលេច​រូបរាង​លក់​តាម​ហាង​ហើយ។

ដោយសារតែ​មានការ​ពេញនិយម​កុម្ម៉ង់​ច្រើន​ពី​អតិថិជន ទើប​ម្ចាស់​បាយ​មាន់​ស្រែ សម្រេច​ចិត្ត​បើក​ជា​ហាង​លក់ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​អស់​រយៈពេល​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ។

បាយ​មាន់​ស្រែ​ខ្ចប់​ស្លឹក​ឈូក​មិន​ត្រឹមតែ​ល្បីតៗគ្នា​ថា​ឆ្ងាញ់​នោះទេ សូម្បីតែ​ការ​វេច​ខ្ចប់​វិញ​ក៏​ខុសពី​គេ​ដែរ ពី​ព្រោះ​ម្ចាស់​ហាង​បាយ​មាន់​ស្រែ​នេះ​ចូលចិត្ត​ការ​វេច​ខ្ចប់​បែប​ខ្មែរ និង​ធម្មជាតិ។

ភាព​ច្នៃប្រឌិត​ខុសប្លែក​ពី​គេ​នេះ​បានរួម​ចំណែក​ក្នុងការ​ទាក់ទាញ​ភ្ញៀវ។ ការ​ទទួល​ទាន​អាហារ​ពី​កញ្ច្រែង​ក្រាល​ស្លឹក​ឈូក​បាន​ផ្ដល់នូវ​បរិយាកាស​ប្លែក ខុស​ពី​ការ​ញ៉ាំ​បាយ​ដាក់​ក្នុង​ចាន។

អ្វីដែល​រឹតតែ​ពិសេស​នោះ​គឺ​សាច់មាន់​តែម្តង។ សាច់មាន់​ស្រែ​ត្រូវបាន​យកមក​ប្រឡាក់​គ្រឿង​រូបមន្ត​អាថ៌កំបាំង និង​ពិសេស​ប្រចាំ​ហាង។

នៅទីនេះ ភ្ញៀវ​មាន​ជម្រើស​បាយ​សាច់មាន់​ចៀន មាន់ស្ងោរ និង​ស្លាបមាន់។ ភ្ញៀវ​ក៏​អាច​កុម្ម៉ង់​បាន​តាម​ចំណង់​ចំណូលចិត្ត ដោយ​ក្នុង​មួយ​កញ្ច្រែង​មាន​តម្លៃ ១២០០០ រៀល អម​ដោយ​ជ្រក់ ទឹក​ស៊ុប និង​ពង​ទាខ។

តោះ! ចង់​ញ៉ាំ​បាយ​ក្តៅៗ​ដាក់​ពីលើ​ស្លឹក​ឈូក​ទ្រាប់​កញ្ច្រែង​ទេ?

ចាប់អារម្មណ៍ សូម​ទៅ​ហាង​ដែល​ស្ថិតនៅ​លើផ្លូវ ២៥៣ សង្កាត់​ទឹកល្អក់ ៣ ចូល​តាម​ការ៉ាស់​សាំង​កាល់តិច ម៉ុងឌីយ៉ាល់ ប្រហែល ១៥០ ម៉ែត្រ បត់​ស្ដាំ​ប្រហែល ៣០ ម៉ែត្រ នៅ​ខាងស្ដាំ​ដៃ។ ទូរស័ព្ទ​លេខ០៦៩ ២៥៧ ៥៥៤៕