
ភ្នំពេញ: ស្ថិតនៅក្នុងហាងកាហ្វេ ហ៊ុមព័ទ្ធដោយរុក្ខជាតិបៃតង យុវតីរូបស្រស់ម្នាក់កំពុងញញឹមបណ្ដើរ ដៃម្ខាងអង្អែលសត្វបង្កួយបណ្ដើរ។ តបនឹងម្រាមដៃដ៏ទន់របស់នាង សត្វបង្កួយយពណ៌ស្លែប្រផេះបិទភ្នែកដេកស្ងៀម ទាំងមាត់វាហាក់បីដូចជាញញឹមទទួលក្ដីស្រឡាញ់ពីមនុស្ស។
ទាំងនេះគឺជាទិដ្ឋភាពនៅហាង ល្មូន កាហ្វេ (Reptile Cafe) ដែលអ្នកអាចមកក្រេបកាហ្វេ និងភេសជ្ជៈហើយឆ្លៀតលម្ហែកាយ ទស្សនា និងលេងជាមួយសត្វប្លែកៗជាច្រើន ពិសេសពពួកល្មូន។
បង្កើតឡើងដោយ ម្ចាស់ហាង ដែលរូបលោកផ្ទាល់ជាអ្នកស្រឡាញ់សត្វទាំងនេះ ហាង ល្មូន កាហ្វេ បានដំណើរការជិតមួយខែហើយ ជាមួយវត្តមានភ្ញៀវទាំងស្រី ទាំងប្រុស គ្រប់វ័យ សូម្បីតែកុមារ ដែលចង់ឃើញពពួកសត្វទាំងនេះផ្ទាល់ភ្នែក។
ស្ថាបនិក ល្មូន កាហ្វេ លោក ជា រ៉ាទី បានរៀបរាប់ឲ្យដឹងថា៖ «កាលពី ២ ឆ្នាំមុន ខ្ញុំបានចិញ្ចឹមសត្វបង្កួយអ៊ីហ្គ័នណា ហើយខ្ញុំក៏មានអារម្មណ៍ថា ស្រឡាញ់សត្វនេះ»។
បុរសមកពីខេត្តបន្ទាយមានជ័យ វ័យ ៣២ ឆ្នាំ ដែលបញ្ចប់ការសិក្សាផ្នែកព័ត៌មានវិទ្យា និងធ្លាប់បរាជ័យជំនួញលក់គ្រឿងបន្លាស់កុំព្យូទ័រ រូបនេះបានរំឭកឲ្យដឹងទៀតថា៖ «ក្រោយមក ខ្ញុំក៏មានគំនិតចង់បើកហាងលក់កាហ្វេ ប៉ុន្តែដើម្បីឲ្យមានអ្វីប្លែក និងទាក់ទាញចំណាប់អារម្មណ៍អតិថិជន ខ្ញុំក៏នឹកឃើញ បើកហាង ល្មូន កាហ្វេ នេះឡើង ដើម្បីតាំងបង្ហាញនូវប្រភេទសត្វទាំងនេះឲ្យភ្ញៀវបានស្គាល់ អាចលេង និងថតរូបជាមួយពួកវា»។

ហាង ល្មូន កាហ្វេ មានសត្វពស់ ៤ ប្រភេទ បង្កួយយក្ស អណ្ដើក ព្រមទាំងសត្វល្អិត និងសត្វស្លាបផងដែរ ដូចជា អាពីង ខ្យាដំរី កាំប្រមា កណ្ដុរ កន្លាតធំក្រហម (ពូជស៊ីបន្លែ) និងសេកជាច្រើនពណ៌។
លោក ជា រ៉ាទី បាននិយាយថា៖ «ហាងកាហ្វេរបស់ខ្ញុំ ទទួលបានការចាប់អារម្មណ៍ច្រើន ព្រោះកន្លែងយើងជាកន្លែងថ្មីបែបធម្មជាតិ ដែលអាចញ៉ាំកាហ្វេបណ្ដើរ គយគន់ និងអាចសែលហ្វ៊ីជាមួយសត្វល្មូនបណ្ដើរ»។
អ្នកនិយមសត្វចិញ្ចឹមប្លែកៗរូបនេះ បានថ្លែងពីអតិថិជនរបស់លោកថា៖ «ពួកគាត់មានស្នាមញញឹមពោរពេញដោយក្តីស្រឡាញ់ចំពោះសត្វចិញ្ចឹម មានតែពួកគាត់ទេ ដែលយល់ពីអារម្មណ៍មួយនេះ»។
ភេសជ្ជៈនៅ ល្មូន កាហ្វេ មានតម្លៃពី ៥៥០០ រៀល ទៅ ៨៥០០ រៀល ដែលនេះជាតម្លៃថោកសមរម្យ ខណៈហាងមានបរិយាកាសខ្យល់ធម្មជាតិ ព្រោះពពួកសត្វ និងល្មូនទាំងនេះមិនត្រូវការម៉ាស៊ីនត្រជាក់ឡើយេ។
ល្មូន កាហ្វេ ចាប់បើកពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៨ យប់។ ទាក់ទងតាម ទូរស័ព្ទលេខ ០៩៦ ៨៨៨ ៦៨៨៧៕