សាមុយ: ក្តាមឆាការី គឺជាម្ហូបពិសេសមួយមុខ ចំណោមម្ហូបដទៃៗទៀតដែលល្បីឆ្ងាញ់ប្រចាំកោះសាមុយ។ សម្រាប់់មុខម្ហូបនេះជនជាតិថៃហៅថា Pu Pad Phong Ka Ree។ មុខម្ហូបនេះគឺអាចរកញ៉ាំបាននៅហាង Sabieng lae ដែលជាហាងលក់ម្ហូបសមុទ្រនៅតំបន់ Fisherman Village Koh Samui តែម្តង។
ភ្ញៀវទេសចរទាំងអស់ដែលមកលេងនៅទីនេះកម្ររំលងភ្លក្ស ក្តាមឆាការីក្នុងហាង Sabienglae នេះណាស់ដោយសារ វាមានរសជាតិឆ្ងាញ់ជាប់មាត់។
តែប្រសិនជាយើងមិនមានឱកាសទៅលេងកោះសាមុយញ៉ាំនោះទេគឺអាចសាកល្បងរៀនធ្វើនៅផ្ទះបានដោយសារ តែគ្រឿងផ្សំរបស់វាងាយស្រួល រកទិញនៅស្រុកខ្មែរយើង ដូចជា ក្តាមថ្ម ពងមាន់ ស្លឹកខ្ទឹម ម្ទេស ខ្ទឹមស ម្រេច ប្រេងឆា ប្រេងខ្ចង ទឹកស៊ីអ៊ីវ ទឹកស៊ុបមាន់ ម្សៅការី និងស្លឹកឃិនឆាយ។
របៀបធ្វើដំបូងគឺយើងយក ម្សៅការីលាយជាមួយម្រេច ទឹកស៊ីអ៊ីវ ប្រេងខ្ចង ពងមាន់ និងទឹកស៊ុបមាន់ ហើយកូរវាឲ្យចូលគ្នារួចទុកមួយឡែក។
បន្ទាប់មកចាក់ប្រេងឆាឲ្យក្តៅល្មម ទើបដាក់ខ្ទឹមសបំពងឲ្យឡើងប្រែពណ៌បន្តិច សឹមចាក់គ្រឿងផ្សំដែលយើងទើបតែលាយរួច ហើយកូរវាបន្តិចមុននឹងចាក់សាច់ក្តាមចូល ឆាច្របល់គ្នា ឲ្យឆ្អិនសាច់ក្តាម។ ពេលឆាឆ្អិន សឹមដាក់ស្លឹកឃិនឆាយ ស្លឹកខ្ទឹម និងម្ទេសហាន់ចូលជាការស្រេច។
សម្រាប់អ្នកដែលមិនបានចម្អិនម្ហូបនេះ ក៏អាចរកញ៉ាំនៅតាមភោជនីយដ្ឋានថៃនានាក្នុងទីក្រុងភ្នំពេញផងដែរ៕