ភ្នំពេញ: ប្រជាប្រិយភាពក្នុងការទទួលទានសាលាដ បានកើនឡើងច្រើន ហើយក្នុងចំណោមនោះ ហាង Vego សាលាដ មានអាយុកាលជិត ១ ទសវត្សរ៍មកហើយ តាំងពីពេល ដែលមានតែភ្ញៀវបរទេស ហើយប្រជាជនខ្មែរពុំទាន់ពេញនិយមបរិភោគសាលាដ។
អ្នកស្រី ទូច សុភា ម្ចាស់ហាង Vego Salad បានរំឭកថា៖ «កាលពី ៨ ឆ្នាំមុន ហាងរបស់ខ្ញុំគឺលក់ដាច់ខ្លាំងទៅលើភ្ញៀវបរទេសតែប៉ុណ្ណោះ រហូតដល់ថ្នាក់តម្រង់ជួរចាំចូលញ៉ាំ សូម្បីតែការដឹកជញ្ចូនក៏យើងដឹកមិនទាន់ជូនភ្ញៀវដែរ»។
ម្ចាស់ហាងរូបនេះបន្តថា៖ «ក៏ប៉ុន្តែរយៈពេល ៥ ឆ្នាំចុងក្រោយនេះ គឺយើងទទួលការគាំទ្រច្រើនពីភ្ញៀវខ្មែរ ដោយគាត់ចាប់ផ្តើមយល់ដឹងពីសុខភាព យល់ដឹងច្រើនពីអត្ថប្រយោជន៍ការញ៉ាំបន្លែ ហើយអ្នកខ្លះទៀតគាត់ទៅហាត់ប្រាណចប់ គាត់ត្រូវការញ៉ាំបន្លែ ដើម្បីជួយថែរក្សាគីឡូរបស់គាត់ ហើយពេលខ្លះគាត់ទទួលការណែនាំពីគ្រូកីឡាឲ្យញ៉ាំសាលាដជាដើម»។
អ្នកស្រីបញ្ជាក់ថា៖ «ចំពោះបន្លែដែលខ្ញុំប្រើប្រាស់លក់សព្វថ្ងៃនេះគឺយើងប្រើបន្លែធម្មជាតិស្រស់ពីប្រជាកសិករដែលគាត់ដាំដុះខ្លួនឯងផ្ទាល់ ដែលគាត់លក់មកឲ្យខាងខ្ញុំ អ៊ីចឹងទៅបន្លែភាគច្រើនគឺដាំនៅតាមបណ្តាខេត្តនានានៅកម្ពុជាយើង។ បន្លែដែលយើងលក់ គឺខ្ញុំបានកុម្ម៉ង់ថ្មីស្រស់ៗរាល់ថ្ងៃតែម្តង»។
ភ្ញៀវមិនដែលញ៉ាំសាលាដសោះ អ្នកស្រី ទូច សុភា ណែនាំឲ្យញ៉ាំសាលាដចានដំបូងដែលភ្ញៀវអាចរើសបានបន្លែ ៤ មុខ គ្រាប់ធញ្ញជាតិ ១ មុខ និងពងមាន់ ១ ក្នុងតម្លៃ ៤,៩៥ ដុល្លារ។
ចង់ថែរាងមែនទេ? Vego Salad ស្ថិតនៅផ្លូវ ៥១ ក្រោយវត្តលង្កា ទាក់ទងតាមទូរស័ព្ទលេខ ០១១៩៨៤ ៥៩៦៕