សៀមរាបៈ ធ្លាប់តែញ៉ាំនំខួបកំណើតជានំដុតមានគ្រីមមែនទេ? តោះ! ទៅសាកភ្លក្សនំរសជាតិប្លែកធ្វើពីចាហួយ និងរសជាតិទឹកដោះគោនៅទឹកដីអង្គរ ជាស្នាដៃស្ត្រីមេផ្ទះស្ថិតនៅក្នុងភូមិតាវៀន ឃុំសាលាកំរើក ក្រុងសៀមរាប វិញម្ដងមើល!
ហាង VT Cake មានលក់នំបែបខួបកំណើតធ្វើពីចាហួយមានស្នូលជាប្រភេទទឹកដោះគោ ស្លឹកតើយ និងស្ត្រប៊ើរី ប៉ុន្តែបើសិនជាភ្ញៀវចង់កុម្ម៉ង់ឲ្យមានគ្រីមក៏បាន ព្រមទាំងរចនាម៉ូដបានតាមតម្រូវការរបស់អតិថិជនក្នុងតម្លៃចាប់ពី ១០ ដុល្លារឡើងទៅ។
សម្រាប់នំខ្នាតតូចមានការរចនាជារូបតុក្កតាគួរឲ្យស្រឡាញ់ ម៉ូដខុសៗគ្នា និងត្រូវបានខ្ចប់ក្នុងប្រអប់ប្រកបដោយអនាម័យ និងសោភណភាពក្នុងតម្លៃត្រឹមតែ ១ ដុល្លារប៉ុណ្ណោះ។
អ្នកនាង អ៊ុំ ឡៃស៊ីម មានវ័យ ៣១ ឆ្នាំជាម្ចាស់ហាងបានប្រាប់ពីមូលហេតុ ដែលធ្វើឲ្យខ្លួនបើកហាងនំទាំងខ្លួនរវល់ធ្វើការផ្ទាល់ខ្លួនថា៖ «ដំបូងខ្ញុំចង់បើកហាងលក់អាហារដែរ ព្រោះខ្ញុំជំនាញក្នុងការធ្វើម្ហូបស្រាប់ ប៉ុន្តែខ្ញុំយល់ថាបើធ្វើម្ហូបលក់នៅសល់យើងត្រូវចាក់ចោល និងមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ធ្វើទេ បើសិនជាយើងធ្វើនំវិញ យើងអាចឆ្លៀតពេលបាន ហើយអាចទុកក្នុងទូទឹកកកបានយូរជាងអាហារ»។
នំខួបកំណើត ១ ត្រូវបានចំណាយពេលរហូតដល់ ២ ម៉ោងកន្លះដោយត្រូវរង់ចាំរហូតដល់ចាហួយរឹងទើបធ្វើការរចនាម៉ូដ លេងពណ៌បែបឃ្យូតៗ និងខុសៗគ្នាទៅតាមចំណង់ចំណូលចិត្តអតិថិជន។
ម្ចាស់ហាងនំខេករូបនេះក៏បានបញ្ជាក់ថា ខ្លួនបានរូបមន្តមកពីបងស្រីដែលរស់នៅក្នុងទីក្រុងភ្នំពេញ ហើយខិតខំកែច្នៃរហូតទទួលបានរសជាតិមួយដែលប្លែកខុសពីគេ ធ្វើឲ្យអតិថិជនញ៉ាំបានឆ្ងាញ់មាត់ ហើយមិនធ្វើឲ្យឈឺពោះទេ។
ហាង VT Cake ដែលជាឈ្មោះអក្សរតំណាង កូនស្រី-ប្រុសរបស់ម្ចាស់ហាង (វិទូ និង វត្តី) នោះទើបតែបើកបានប្រមាណ ២-៣ ខែ ហើយអ្នកនាង អ៊ុំ ឡៃស៊ីម នៅពុំទាន់បើកជាហាងធំនៅឡើយទេ។
ម្ចាស់ហាងដែលគ្រាន់តែឆ្លៀតពេលទំនេរពីអាជីពចម្បងមកធ្វើនំនៅក្នុងផ្ទះ ដើម្បីបន្ថែមចំណូលលើកស្ទួយជីវភាពនោះបានបង្ហើបថា មានភ្ញៀវកុម្ម៉ង់ជាហូរហែទាំងភ្ញៀវនៅសៀមរាប និងតាមបណ្ដាខេត្តនានា ជាពិសេសនៅរាជធានីភ្នំពេញតែម្តង។
អ្នកនាង អ៊ុំ ឡៃស៊ីម បានបរិយាយបន្តទៀតថា៖ «ក្នុង ១ ថ្ងៃមានភ្ញៀវកុម្ម៉ង់នំខួបកំណើតយ៉ាងតិចក៏ ២ នំដែរ ប៉ុន្តែចំពោះនំតូចៗមានតម្លៃ ១ ដុល្លារវិញ មានការកុម្ម៉ង់ច្រើនរហូតដល់ថ្ងៃខ្លះគ្មានពេលធ្វើឲ្យភ្ញៀវផង»។
យ៉ាងណាអ្នកនាងបញ្ជាក់ថា៖ «ប៉ុន្តែខ្ញុំមានគម្រោងបើកហាងរួចហើយកំពុងតែរកទីតាំងដែលសមស្របជាមួយការដាក់លក់នំ»។
ក្រៅពីអាជីវកម្មលក់នំខេកចាហួយ ហាងក៏មានទទួលបង្រៀនសិស្សពីរបៀបធ្វើនំ ដោយនៅពេលរៀនចប់ក៏មានបន្ថែមការបង្រៀនធ្វើនំខ្មែរផងដែរ។ ប៉ុន្តែបើសិស្សចង់ចេះមុខវិជ្ជាម្ហូបក៏អាចប្តូរពីការធ្វើនំមករៀនផ្នែកចម្អិនម្ហូបមួយមុខទៀតបាន។
អ្នកនាង អ៊ុំ ឡៃស៊ីម បានបន្តថា៖ «ចំពោះតម្លៃនំវិញ ខ្ញុំមិនយកថ្លៃទេ បើប្រៀបជាមួយនំនៅក្រុងភ្នំពេញវិញគឺតម្លៃសមរម្យមែនទែន។ ខ្ញុំសុំត្រឹមតែចំណេញតិចតួចប៉ុណ្ណោះ ហើយខាងខ្ញុំមានការដឹកជញ្ជូនគ្រប់ខេត្តក្រុង ដែលបានធ្វើការកុម្ម៉ង់ផងដែរ»។
ហាង VT Cake នៅក្រុងសៀមរាបមានលេខទំនាក់ទំនង ០១២ ៤៩៤១ ៦៥ និង ០៦៩ ៤៩ ៤១ ៦៥៕