ភ្នំពេញ: ហាង​តូច​ល្មម​ទើប​បើក​ជិត​មួយ​សប្ដាហ៍​ដែល​អាច​ទទួល​ភ្ញៀវ​ត្រឹម​ប្រមាណ​តែ ១០ ​នាក់​ស្ត្រី​វ័យ ៣៩ ឆ្នាំ​រូតរះ​ស្រុស​នំ​បញ្ចុក​រហ័សរហួន ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការអង្គុយ​រង់ចាំ​របស់​ភ្ញៀវ​ទាំង​ក្នុង និង​ក្រៅ​តាម​លេខ​រៀង​។

ពោតបារាំង ស្លឹក​ជីរនាងវង និង​ត្រកួន​ស្រុសទឹកក្ដៅ រួច​ស្រោច​ទឹក​ស៊ុប​ក្នុង​ចាន​នំ​បញ្ចុក សាច់​ត្រី ប្រហិត ឈាមជ្រូក ២ ​ដុំ និង​សាច់ជ្រូក ២ ចំណិត ជើងមាន់​មួយ​យ៉ាង​មាន​សោភណភាព បន្ថែម​ទឹក​កាពិ​ពេញ រំលេច​ពណ៌​ឆោម​ជាមួយ​ម្ទេស​ក្រហមឆ្អៅ ក្រូចឆ្មារ​មួយ​ចំណិត​បង្កើន​រសជាតិ​កាន់តែ​ជាប់ចិត្ត​។

លោក កឹម សុគន្ធារឹទ្ធ វ័យ ២៤ ឆ្នាំ​ជា​ម្ចាស់​ហាង​ចូល​ហ៊ុន​ជាមួយ​បងស្រី​ជីដូនមួយ​កញ្ញា រ័ត្ន សុគន្ធា វ័យ ៣៩ ឆ្នាំ​ដែល​កំពុង​មមាញឹក​ក្នុង​ការស្រុស​នំ ថា​៖ «​ដោយសារ​តែ​បងស្រី​ជីដូនមួយ​ចូលចិត្ត​ញ៉ាំ​នំ​បញ្ចុក​ស្រុស ហើយ​គាត់​ឧស្សាហ៍​ឡើង​ចុះ​វៀតណាម ឆ្លងតាម​ការញ៉ាំ​នៅ​ស្រុក​គេ​ទើប​គាត់​យក​មក​បំបែក​ជា​រូបមន្ត​ខ្លួនឯង​»​។

ភ្ញៀវ​អង្គុយ​រង់ចាំ​ចូល​ភ្លក្ស​នំបញ្ចុក​ស្រុស និង​ទឹក​តើយ​ប្ដូរ​និស្ស័យ​។ រូបថត ហេង ជីវ័ន

41 នំបញ្ចុក​ស្រុស​មាន​លក់​នំ​បញ្ចុក​ស្រុស​ ២ ​រសជាតិ​មាន​សម្ល​ខួក្តាម​រសជាតិ​ប្លែក​ពី​គេ និង​មាន​រសជាតិ​សាច់​ត្រី​ដែល​ម្ចាស់​ហាង​លោក កឹម សុគន្ធារឹទ្ធ បាន​អះអាង​ថា​វា​ពិត​ជា​ឆ្ងាញ់​ប្លែក​ពី​កន្លែង​ដទៃ​ដោយសារ​តែ​ជា​រូបមន្ត​ម្ចាស់​ដើម និង​កែច្នៃ​ឲ្យ​រសជាតិ​កាន់តែ​ឆ្ងាញ់​ជាប់មាត់​។ ឯ​តម្លៃ​ក្នុង​ ១ ​ចាន ៥ ០០០ រៀល​ប៉ុណ្ណោះ​។

ក្រៅពី​មាន​លក់​នំ​បញ្ចុក ហាង 41 នំ​បញ្ចុក​ស្រុស​ក៏​មាន​លក់​ភេសជ្ជៈ​ជាច្រើន​មុខ​ដែរ ជាពិសេស​ស្លឹកតើយ​ប្តូរ​និស្ស័យ​ដែល​ភ្ញៀវ​ចូលចិត្ត​កុម្ម៉ង់​មក​ពិសា​ជាមួយ​នំបញ្ចុក​ដោយ​ទឹក​ស្លឹកតើយ​មាន​ពណ៌​ខៀវ ប៉ុន្តែ​ពេល​ចាក់ទឹក​ក្រូចឆ្មារ​ចូល​ទៅ​រួច​កូរទឹក​ស្លឹកតើយ​ក៏​ប្រែ​ជា​ពណ៌​ស្វាយ​ចាស់​។

ក្នុង​ ១​ ​ថ្ងៃ​ហាង​តូចចង្អៀត​មាន​​ទីធ្លា​សម្រាប់​ដាក់​ត្រឹម​តែ ៤ ទៅ ៥ តុ តែ​ទទួល​ភ្ញៀវ​រហូត ៣០០ ​នាក់​ដោយ​ម្ចាស់​ហាង​លោក កឹម សុគន្ធារឹទ្ធ បាន​សន្និដ្ឋាន​ថា អាច​មកពី​ការបញ្ចុះ​តម្លៃ​រហូត​ដល់ ៥០ ​ភាគរយ​ក្នុង​ឱកាស​បើក​សម្ពោធ​ ៤ ​ថ្ងៃ​ដំបូង​។

សម្រាប់​ហាង 41 នំ​បញ្ចុកស្រុស​មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ​លេខ ៣៣០ ខាង​លិច​គុក​ទួលស្លែង និង​ទូរស័ព្ទ​លេខ ០៩៨ ២២២ ១១០៕

វីដេអូ៖