ភ្នំពេញៈ ដោយផ្ទុកនូវជាតិសរសៃ និងប្រូតេអ៊ីនខ្ពស់អាចជួយឲ្យអ្នកបរិភោគមិនសូវឃ្លានអាហារ សណ្តែកខៀវ គឺជាបង្អែមមួយប្រភេទដែលប្រជាជនខ្មែរចូលចិត្តទទួលទានជាអាហារសម្រន់ ឬបង្អែមលាងមាត់។
និយាយដល់បង្អែមសណ្តែកខៀវភ្លាមអ្នករស់នៅម្តុំសាលាសន្ធរម៉ុក និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញច្បាស់ជានឹកដល់ផ្ទះលក់សណ្តែកខៀវដ៏ល្បីឈ្មោះជាង ២០ ឆ្នាំរបស់លោកពូ ហួត ស្រេង អាយុ ៧០ ឆ្នាំដែលមានទីតាំងនៅជិតសាលាសង្កាត់ទឹកល្អក់ទី ១ ជាមិនខាន។
ជាអ្នកលក់បង្អែមសណ្តែកខៀវតាំងពីផ្ទះឈើរហូតដល់ផ្ទះថ្ម លោក ហួត ស្រេង បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ឲ្យដឹងថា៖ «ខ្ញុំប្រកបអាជីពលក់បង្អែមនេះជាង ២៥ ឆ្នាំហើយតាំងពីកូននៅតូចៗ ឥឡូវម្នាក់ៗរៀនចប់បានការងារធ្វើអស់ហើយ ហើយឥឡូវលក់តែម្នាក់ឯងពេលណាកូនទំនេរអ៊ីចឹងបានគេមកជួយលក់»។
និយាយដល់ការលក់បង្អែមតែម្នាក់ឯងរាល់ថ្ងៃ ម្ចាស់បង្អែមសណ្តែកខៀវវ័យ៧០ ឆ្នាំរូបនេះបានរំឭកថាកាលពីប្រមាណ ៦ ឆ្នាំមុនមុខរបរលក់បបរសណ្តែកខៀវនេះគឺលក់ដាច់ខ្លាំងណាស់ត្រឹមម៉ោង ៤ ល្ងាចគឺលក់អស់ហើយ។ ពេលនោះលោកពូជាមួយនឹងប្រពន្ធលក់សឹងតែមិនទាន់តម្រូវការភ្ញៀវអ្នកធ្វើការ សិស្សមកពីសាលាសន្ធរម៉ុកសាលាតិចណូ និងសាលាភូមិន្ទភ្នំពេញជាដើម។ សព្វថ្ងៃបង្អែមនៅតែលក់ដាច់ផងដែរ ប៉ុន្តែលោក ស្រេង លក់តែម្នាក់ឯង ព្រោះភរិយាបានចែកឋានទៅ ៦ ឆ្នាំហើយ។
ដោយល្បីឈ្មោះក្នុងការធ្វើបង្អែមឆ្ងាញ់ជាទូទៅក្នុង ១ ថ្ងៃលោកពូ អាចលក់បង្អែមសណ្តែកខៀវ សណ្តែកក្រហមនេះបានជាង ៣០០ កែវ។
លោកពូ បញ្ជាក់ថា៖ «ភ្ញៀវដែលមកញ៉ាំបង្អែមតែងតែសរសើរថា ឆ្ងាញ់ ធូរថ្លៃ តម្លៃតែ ១ ពាន់រៀលទេ»។
អ្នកលក់វ័យ ៧០ ឆ្នាំដែលមានចំណូលចិត្តញ៉ាំបង្អែមសណ្ដែកខៀវស្នាដៃម្ដាយតាំងពីវ័យកុមារធ្លាប់បានប្រកបមុខរបរជាច្រើនដូចជា អ្នកលក់ទឹក រត់កង់ឌុប និងរត់រទេះសេះរហូតដល់ឆ្នាំ ១៩៩០ ទើបលោកសម្រេចងាកមកធ្វើបង្អែមសណ្តែកខៀវលក់។
កាលណោះក្នុង ១ កែវ តម្លៃតែ ២០០ រៀលហើយលោក ស្រេង ចាប់ផ្តើមភ្លាមទទួលបានការគាំទ្រច្រើន និងបានបង្កើនចំនួនលក់កាន់តែច្រើន និងបន្តល្បីឈ្មោះមកដល់សព្វថ្ងៃ។
សណ្តែកខៀវ សណ្តែកក្រហម ក្នុងមួយចានតម្លៃត្រឹម ១០០០ រៀល។ នំប៉ោង និងឆាខ្វៃត្រឹមតែ ៥០០ រៀល។ ហាងលក់បង្អែមជាងពីរទសវត្សរ៍នេះចាប់លក់ពីម៉ោង ៧ ព្រឹករហូតដល់ម៉ោង ៧ ល្ងាចស្ថិតនៅផ្ទះលេខ ២០០ ផ្លូវ ១៣៨ សង្កាត់ទឹកល្អក់ទី ២ ខណ្ឌទួលគោក និងទាក់ទងតាមទូរស័ព្ទ លេខ ០១២ ៦៣ ២១ ៤២៕
វីដេអូ៖