ភ្នំពេញ៖ ស្ថិតនៅលើដងវិថីប៉ាស្ទ័រ ភោជនីយដ្ឋានបម្រើអាហារម៉ាឡេស៊ី បានទាក់ទាញភ្ញៀវទាំងខ្មែរ និងបរទេស មកភ្លក្សអាហារ ជាពិសេសគឺបង្អែម ឆេនឌុល ដែលស្រដៀងទៅនឹងបង្អែមលតខ្មែរជាមួយរសជាតិឆ្ងាញ់ប្លែកមាត់។
ឈានជើងចូលភោជនីយដ្ឋាន ឆេនឌុល ហៅស៍ (Chendul House) ជញ្ជាំងពណ៌លឿងស្រស់ ត្រូវបានលម្អដោយផ្ទាំងគំនូរសហសម័យ អមដោយរូបភាពម្ចាស់ហាង គឺពិធីការិនីទូរទស្សន៍ សុខ សុគន្ធបុប្ផា កាន់ចានបង្អែម ឆេនឌុល។
សណ្តែកក្រហមជាមួយសរសៃលតខ្លីៗ នៅលើទឹកកកឈូសស្រូបទឹកស្ករ និងខ្ទិះដូង ជាមួយរសជាតិផ្អែមត្រជាក់ល្មមជួយបន្សាបកម្ដៅថ្ងៃ និងផ្ដល់ថាមពលស្រស់ស្រាយដល់អ្នកទទួលទាន។
កញ្ញា សុខ សុគន្ធបុប្ផា វ័យ ២៣ ឆ្នាំ ជាស្ថាបនិកហាង ឆេនឌុល ហៅស៍ បានប្រាប់ ភ្នំពេញប៉ុស្តិ៍ ថា៖ «តាមដើមឡើយ ខ្ញុំចង់បើកជាហាងលក់ម្ហូបថៃទេ ដោយសារជាប់សែស្រឡាយថៃដែរ (ឪពុកជាជនជាតិថៃ) តែក្រោយពីបានដើរទៅកាន់ប្រទេស ម៉ាឡេស៊ី ជាច្រើនដង រួចមកយល់ថា ខ្លួនពិតជាចូលចិត្តប្រទេសនេះ ដោយសារបរិយាកាស និងទំនោរនៃការរកស៊ីរបស់ប្រទេសនេះ រួមនឹងកត្តាផ្សេងៗជាច្រើន និងមានការជំរុញពីមិត្តភក្តិ ដែលជាជនជាតិម៉ាឡេស៊ីផងនោះ ក៏សម្រេចចិត្តបើកហាងនេះឡើងតែម្តងទៅ»។
អាហារម៉ាឡេស៊ីនៅ ឆេនឌុល ហៅស៍ សុទ្ធតែជាចំណូលចិត្តរបស់ម្ចាស់ហាង។ គ្រឿងផ្សំទាំងអស់ត្រូវបានទិញមកពីបងប្អូនខ្មែរអ៊ិស្លាម ដូចជា សាច់មាន់ និងគ្រឿងទេសមានសញ្ញា Halal។ រូបមន្តចម្អិនម្ហូប ត្រូវបានកញ្ញា បុប្ផា ស្វែងយល់តាមរយៈការរៀនពីអ៊ីនធឺណិត ការភ្លក្សរសជាតិដើមនៃអាហារនៅប្រទេស ម៉ាឡេស៊ី និងបទពិសោធចែករំលែកពីមិត្តភក្ដិរបស់កញ្ញា ដែលមានជំនាញខាងចុងភៅ។
ឆេនឌុល ហៅស៍ មានលក់អាហារម៉ាឡេស៊ីដូចជា Special Curry Mee ៤,៥០ ដុល្លារ, Prawn Mee (តូច ៣,៥០ ដុល្លារ និង ធំ ៤,៥០ ដុល្លារ), Curry Mee, Chicken Satay, Kuey Teow Soup តម្លៃ ៣,៥០ ដុល្លារ និង Assam Laksa តម្លៃ ៣,៨០ ដុល្លារ។
ក្នុងបញ្ជីរាយនាមអាហារ ក៏មានបង្អែមម៉ាឡេស៊ីដែលភ្ញៀវនិយមកុម្មង់ រួមមាន ការ៉េមម្នាស់ និងដូង តម្លៃ ២ ដុល្លារ បង្អែមផ្លែឈើលាយជាមួយទឹកជ្រលក់មានរសជាតិជូរហឹរផ្អែមលាយគ្នា Rojak តម្លៃ ២,៥០ ដុល្លារ និង ឆេនឌុល ៣ ជម្រើសរសជាតិ (រសជាតិដើម ២,៥០ ដុល្លារ រសជាតិការ៉េម ៣ ដុល្លារ និងរសជាតិកាហ្វេ ស ៣ ដុល្លារ)។
បង្អែមឆេនឌុល គឺជាបង្អែមដែលល្បីប្រចាំហាង ដោយសារវាមានរូបរាងស្រដៀងទៅនឹងបង្អែមលតខ្មែរដែរ។
យ៉ាងណាមិញ កញ្ញា សុខ សុគន្ធបុប្ផា បានបញ្ជាក់ថា៖ «សម្រាប់បង្អែមឆេនឌុល វាប្លែកហើយមានគ្រឿងផ្សំច្រើន គឺលក់ដាច់ជាពិសេសជនជាតិខ្មែរយើងតែម្តង។ នៅពេលដែលគាត់ឃើញបង្អែមគាត់លាន់មាត់ថាជាបង្អែមលតខ្មែរយើងតើ ប៉ុន្តែនៅពេលដែលគាត់ពិសាចូលទៅ គាត់បានប្រាប់ថា វាគឺឆ្ងាញ់ ហើយខុសពីលតខ្មែរយើង គ្រាន់តែមានសរសៃដូចគ្នាប៉ុណ្ណោះ»។
ម្ចាស់ហាងរូបស្រស់ ដែលឆ្លៀតពេលពីការងារនៅស្ថានីយទូរទស្សន៍ មកចូលផ្ទះបាយចម្អិនម្ហូបដោយផ្ទាល់ដៃនោះ បានឲ្យដឹងទៀតថា សរសៃលត ឆេនឌុល បាននាំចូលពីប្រទេស ម៉ាឡេស៊ី ផ្ទាល់ ហើយអ្វីដែលធ្វើឲ្យបង្អែមនេះកាន់តែឆ្ងាញ់ គឺដោយសាររសជាតិរបស់ទឹកស្ករ ខ្ទិះដូង និងគ្រឿងផ្សំខ្លះយកមកពីម៉ាឡេស៊ី លាយជាមួយគ្រឿងផ្សំក្នុងស្រុក។
ម្ចាស់ហាងវ័យក្មេង ដែលបានបញ្ចប់ការសិក្សានៅសាលាបច្ចេកទេសដុនបូស្កូកែប ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មានជំនាញ Web Master ក៏បានបង្ហើបពីការបែងចែកពេលវេលាចាត់ចែងហាង និងការងារជាពិធីការិនីយ៉ាងដូច្នេះថា៖ «ដោយសារតែអំណោយផលម៉ោងការងារនៅកន្លែងធ្វើការដូចនេះខ្ញុំមិនពិបាកក្នុងការបែងចែកការងារទេ ខ្ញុំចូលធ្វើការនៅពេលថ្ងៃត្រង់ដល់ល្ងាច ឬយប់ ដូចនេះពេលព្រឹកខ្ញុំទំនេរ ខ្ញុំត្រូវរៀបចំហាង និងធ្វើម្ហូបហើយបើកហាង រហូតដល់ម៉ោងធ្វើការ ទើបចេញទៅបន្ទាប់ពីចេញពីធ្វើការត្រូវមកមើលនឹងបិទហាង»។
ប្រជាប្រិយភាពរបស់ ឆេនឌុល ហៅស៍ ចំពោះភ្ញៀវខ្មែរ និងបរទេស គឺដោយតម្លៃសមរម្យចាប់ពី ២ ដុល្លារ រួមជាមួយបរិយាកាសល្អ និងអាហារ Halal សម្រាប់បងប្អូនអ៊ិស្លាមផងដែរ។
កញ្ញាបានលើកឡើងថា៖ «សម្រាប់បងប្អូនដែលចង់ប្លែកមាត់ និងចង់សាក ម្ហូបបែបម៉ាឡេស៊ី មិនបាច់ធ្វើដំណើរទៅដល់ម៉ាឡេស៊ីក៏បាន ដោយសារម្ហូបដែលយើងលក់ គឺមានរសជាតិដូចគ្នាទៅនឹងម្ហូបម៉ាឡេស៊ីតែម្តង»។
ឆេនឌុល ហៅស៍ (Chendul House) ស្ថិតនៅផ្ទះលេខ ២១៩ វិថី ប៉ាស្ទ័រ សង្កាត់ បឹងកេងកង ១ ខណ្ឌ ចំការមន រាជធានីភ្នំពេញ។ ហាងបើកបម្រើភ្ញៀវពីម៉ោង ១១ ព្រឹក ដល់ម៉ោង ៩ យប់។ ទូរស័ព្ទលេខ ០៩៦ ៦៦ ៥៣ ៥៣៩៕
វីដេអូ៖