ភ្នំពេញ៖ ម៉ាណឺកាំង​ស្លៀក​ឈុត​កានីវ៉ាល់​ តាម​វប្បធម៌​អាមេរិក​ឡាទីន ឈរ​នៅ​ច្រក​ចូល​នៃ​ភោជនីយដ្ឋាន​អគារ​កញ្ចក់​​ដែល​​បាន​ស្វាគមន៍​ភ្ញៀវ​ជាតិ និង​អន្តរជាតិ មក​ភ្លក្ស​សាច់​អាំង​ប្រេស៊ីល​ដល់​ទៅ ១៥ ប្រភេទ​​ និង​អាហារ​ប៊ូហ្វេ​ដ៏​សម្បូរ​បែប ក្នុង​បរិយាកាស​ប្រកប​ដោយ​ផាសុកភាព​។

Amigos Brazilian Steakhouse ជា​ភោជនីយដ្ឋាន​បង្កើត​ឡើង​ដោយ​​សម្លាញ់ ២ រូប​គឺ​លោក​ មីឆែល ភីតធឺរ និង ដានីញ៉ែល លីរ៉ា (Daniel Lira) ជាមួយ​បទពិសោធ​​វិស័យ​​ម្ហូប​អាហារ​​នៅ​កម្ពុជា​តាំង​ពី​ឆ្នាំ ​២០១១។​

ក្រោយ​ពី​ហែល​ឆ្លង​បទពិសោធ​សប្បាយ និង​ទុក្ខ​រួមគ្នា​មក អ្នក​ទាំង ២ ​ក៏​​សម្រេច​រំលេច​ចំណង​​មិត្តភាព​តាមរយៈ​ការ​ដាក់​ឈ្មោះ​ហាង​ថា Amigos ជា​ភាសា​ឡាទីន​ដ៏​ស្រួល​ចាំ និង​​មាន​ន័យ​ថា «ពួក​ម៉ាក» ជា​ភាសា​ខ្មែរ។

បើក​ដំណើរការ​ក្នុង​​ខែ​វិច្ឆិកា កាល​ពី​ឆ្នាំ​មុន ភោជនីយដ្ឋាន​ផ្ដល់​សេវា​​កាត់​ និង​របៀប​បម្រើ​ស្តេក​ដល់​​ភ្ញៀវ​​ជា​លក្ខណ​​ពិសេស​បែប​ប្រេស៊ីល​ពិត​ប្រាកដ​។ យ៉ាងណា​មិញ សម្រាប់​​ប៊ូហ្វេ​មាន​អាហារ​ចម្រុះ​ជាតិសាសន៍​តម្រូវ​ភ្ញៀវ​​មាន​រសនិយម​ខុសៗ​គ្នា​។​

លោក​​ មីឆែល ជា​ម្ចាស់​ហាង​ផង និង​ចុង​ភៅ​ផង​នោះ បាន​រៀប​រាប់​​បន្ត​ទៀត​ថា៖ «​ហាង​នៅ​ប្រេស៊ីល​ តែងតែ​មាន​ប៊ូហ្វេ​គួប​ផ្សំ​ ដូច​គ្នា​នឹង​ទីនេះ​ដែរ។ ដំបូង​ Amigos បាន​ឲ្យ​​​ភ្ញៀវ​រីករាយ​ជាមួយ​នឹង​ប៊ូហ្វេ​។ ក្រោយ​មក​ក្នុង​ពេល​ ដែល​អតិថិជន​កំពុង​ទទួល​ទាន​ប៊ូហ្វេ​ បុគ្គលិក​​របស់​ពួក​យើង​ នឹង​បម្រើ​សាច់​ដែល​មាន​ដោត​ចង្កាក់​ពី​មួយ​​មុខ​ទៅ​មួយ​មុខ​ជា​ប្រចាំ​ទៅ​តាម​តុ​ ដោយ​ប្រាប់​ឈ្មោះ​ និង​រសជាតិ​សាច់​ដល់​អតិថិជន​មុន​ពេល​កាត់​ចំណែក​​បម្រើ​ភ្ញៀវ»។

បុគ្គលិក​​ណែនាំ​ប្រាប់ភ្ញៀវ​​នូវ​ប្រភេទ​សាច់នីមួយៗ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

បច្ចុប្បន្ន​ស្តេក​សាច់​អាំង​មាន ១៥ ប្រភេទ សម្រាប់​ឲ្យ​ភ្ញៀវ​ជ្រើសរើស ដែល​សាច់​ទាំង​នោះ​​ត្រូវ​បាន​នាំ​មក​ពី​អាមេរិក អូស្រ្តាលី និង​នូវែលសេឡង់។

អាហារ​ពេល​ថ្ងៃ​ត្រង់​តម្លៃ​ចាប់​ពី ​៩,៩៥ ដុល្លារ (​សាច់ ៦ ប្រភេទ) ​និង​​អាហារ​ពេល​ល្ងាច​ចាប់​ពី​ ១៦,៥០ ដុល្លារ​ រហូត​ដល់​ ​ឈុត​ ២៩,៩៥ ដុល្លារ (​​សាច់់​ ១៥ ប្រភេទ)។

តម្លៃ​នេះ​ត្រូវ​បាន​រាប់​បញ្ចូល​ទាំង​ម្ហូប​ប៊ូហ្វេ​រួច​ជា​ស្រេច ជាមួយ​ជម្រើស​ម្ហូប​ក្ដៅៗ សាលាដ សាច់​ Cold Cuts បង្អែម និង​ផ្លែ​ឈើ​ជាច្រើន​មុខ។

រីឯ​ជម្រើស​សាច់​រួមមាន​​ Beef Rib, Beef Hump, Rump Steak, Sirloin Steak, ស្តេក​ខ្ទឹមស សាច់​គោ​ស្តេក​​បែប​ចិន ថ្លើមទា​ឆ្អើរ សាច់​ភ្លៅ​ជ្រូក​ឆ្អើរ ស្លាប​មាន់ សាច់​ក្រក​សាច់​ជ្រូក ត្រីដូរី​សាច់​សុទ្ធ បេះដូង​មាន់ ជើង​ចៀម បង្គា សាច់​ជ្រូក ៣ ជាន់ និង​សាច់​សាស៊ីវ។

ម្ហូប​​​ពេញ​និយម​ជាង​គេ​សម្រាប់​​អតិថិជន​ក្នុង​ស្រុក ​គឺ​នំប៉័ង​ឈីស​ប្រេស៊ីល និង​សាច់ Beef Rib។​ ឯ​ភ្ញៀវ​បរទេស ​គឺ​ចូលចិត្ត​បែប​ស្តេក​។

បុគ្គលិក​ចាប់ផ្ដើម​កាត់សាច់​បម្រើតាមតុ​នីមួយៗ។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

រយៈពេល ១០ ឆ្នាំ​នៃ​អាជីវកម្ម​ភោជនីយដ្ឋាន​អ្នក​ជំនួញ​ប្រេស៊ីល​ទាំង ២​ នេះ​ពុំ​ធ្លាប់​ជួប​ការ​លំបាក ដូច​វិបត្តិ​ជំងឺ​កូវីដ​បច្ចុប្បន្ន​នេះ​ទេ។

ម្ចាស់​ហាង​វ័យ ៤៣ ឆ្នាំ​បាន​ឲ្យ​ដឹង​ថា៖ «កាល​ពី​មុន​ មួយ​ខែៗ​យើង​មាន​ភ្ញៀវ​ជាង​ ២ ០០០​ នាក់​ តែ​ពេល​នេះ​មាន​ត្រឹមតែ​ ២០០ ​ប៉ុណ្ណោះ​។ ប៉ុន្តែ​យើង​ក៏​ព្យាយាម​អូស​ទាញ​ភ្ញៀវ​ឲ្យ​ត្រលប់​មក​វិញ ​ដោយ​ការ​បញ្ចុះ​តម្លៃ ​និង​ជាពិសេស​នោះ​គឺ​អនាម័យ»​។​

រីឯ​លោក ​ដានីញ៉ែល​ ខិតខំ​​​រក្សា​ភ្ញៀវ​ជា​ម៉ូយ​ប្រចាំ​របស់​ហាង​​​​លោក​។

ម្ចាស់​ហាង​​វ័យ​ ៣៦ ​ឆ្នាំ ​រូប​នេះ​បាន​បន្ត​ថា៖​ «ពួក​យើង​តែងតែ​ឲ្យ​បុគ្គលិក​ ឬ​ពេល​ខ្លះ​ពួក​យើង​ផ្ទាល់​ទៅ​សួរ​មតិ​យោបល់​ពី​ភ្ញៀវ​គ្រប់​រូប ទាំង​រសជាតិ​អាហារ​ និង​បរិយាកាស​ក្នុង​ហាង​ ដើម្បី​រក្សា​គុណភាព​របស់​វា​ ហើយ​បើ​មាន​អី​កែ​តម្រូវ​ យើង​នឹង​ធ្វើ​ភ្លាម​»។

បន្ទប់​​អាហារ​ប្រណីត ​សម្រាប់ទទួលទាន​​​​លក្ខណៈកម្មវិធីឯកជន​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ដោយ​មាន​ការ​សំណូមពរ​ពី​អតិថិជន​​ឲ្យ​មាន​ការ​បើក​ហាង​មួយ​ទៀត​​មាន​ទីតាំង​ធំ​ទូលាយ​សម្រាប់​រៀបចំ​​កម្មវិធី​នានា ​ដែល​យ៉ាងហោច​ណាស់​អាច​ទទួល​ភ្ញៀវបាន​ ​២០០ ​នាក់​​នោះ ម្ចាស់​ហាង​​​ក៏​​​បង្ហើប​ថា​​​៖ «ពួក​យើង​មាន​​គម្រោង​បើក​ហាង​ថ្មី​ នៅ​ម្ដុំ​បឹងកក់​ ឈ្មោះ​ថា​ Amigos Prime»។

តែ​បច្ចុប្បន្ន​ លោក​បាន​ប្រាប់​ថា​ លោក​​​​ក៏​ទទួល​ការ​ផ្ដល់​សេវា​បម្រើ​ម្ហូប​ដល់​ផ្ទះ​ទាំង​នៅ​ទីក្រុង​​ភ្នំពេញ​ និង​តាម​បណ្ដា​​​ខេត្ត​ផង​ដែរ​។​

Amigos Brazilian Steakhouse មាន​ទីតាំង​នៅ​ផ្ទះ​លេខ ២៤៥ CEo, ផ្លូវ ៦៣ កែង​ផ្លូវ ៤០០ សង្កាត់​បឹងកេងកង ១។ ទាក់ទង​តាម​ទូរស័ព្ទ​លេខ ០៧៨ ៨៥៣ ៤៤១ និង ០៨១ ៩៥៦ ២២០៕

វីដេអូ៖