ក្រុងសៀមរាប: ស្ថិត​នៅ​ក្បែរ​ច្រកចូល​ប្រាសាទ​អង្គរវត្ដ សំណង់​វិមាន​ព្រហ្មញ្ញសាសនា​ដ៏ធំ​មហិមា​នេះ​ក្នុង​សហគមន៍​ពលរដ្ឋ​ប្រកាន់​លទ្ធិ​ព្រះពុទ្ធសាសនា​ដ៏ច្រើន​លើសលប់​គឺជា​ភោជនីយដ្ឋាន​អង្គរ​ហាឡាល់ បម្រើ​មុខម្ហូប​មូស្លីម​សម្រាប់​ភ្ញៀវទេសចរ​មក​កម្សាន្ដ​តំបន់​បេតិកភណ្ឌ​មួយ​នេះ​។

ភោជនីយដ្ឋាន​មាន​មុខម្ហូប​ជាច្រើន ដូចជា រ៉ូទី ការីសាច់មាន់ (៥០០០ រៀល​) សាំប៉ាល់​សាច់មាន់ (១៥០០០ - ២៣០០០ រៀល​) និង​មុខម្ហូប​ខ្មែរ​ដូចជា អាម៉ុក (១៨០០០- ២៧០០០ រៀល​) និង​ឡុកឡាក់ (១៦០០០ រៀល​)​។

កញ្ញា អែល ខូរី ជា​អ្នករត់​តុ និង​អ្នក​គិតលុយ​នៅ​ភោជនីយដ្ឋាន​អង្គរ​ហាឡាល់ បាន​និយាយ​ថា ភោជនីយដ្ឋាន​បម្រើ​មុខម្ហូប​អាស៊ីហាឡាល់​ជាច្រើន និង​ម្ហូប​អ្នកស្រុក​ពេញនិយម​ថែម​ទៀត​។

កញ្ញា​បាន​ប្រាប់​ថា​៖ «​យើង​បើក​ទ្វារ​ពី​ម៉ោង ៦ ឬ ៧ ព្រឹក​ដោយ​អាស្រ័យ​លើ​រដូវ​ក្រោយពី​ភ្ញៀវ​ទស្សនា​ថ្ងៃ​រះ​នៅ​អង្គរវត្ដ ហើយ​យើង​បិទទ្វារ​ពី ៣ រសៀល ដោយសារ​បុគ្គលិក​នៅ​ទីនេះ​គឺជា​សិស្ស​កំពុង​សិក្សា​នាពេល​ល្ងាច​»​។

ភោជនីយដ្ឋាន​ស្ថិត​នៅ​តំបន់​បេតិកភណ្ឌ ក្បែរ​ច្រកចូល​ប្រាសាទ​អង្គរវត្ត​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

អង្គរ​ហាឡាល់ ជា​ផ្នែក​មួយ​នៃ​អង្គការ​អភិវឌ្ឍន៍​សហគមន៍​មូស្លីម​នៅ​សៀមរាប (SRMCDO) បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០០៦ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​ក្នុង​សហគមន៍​ដែល​មាន​ប្រជាជន​ប្រមាណ ៣៥០ ​គ្រួសារ​។

លោក ហ្សាគី អាប់ឌុលសូម៉ាដា ជា​អ្នកគ្រប់គ្រង​ភោជនីយដ្ឋាន និង​ជា​ប្រធាន​អង្គការ (SRMCDO) បាន​និយាយ​ថា ភោជនីយដ្ឋាន​ក៏​ជា​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល និង​ផ្ដល់​ទីកន្លែង​ស្នាក់នៅ​ដែល​អាច​រក​ចំណូល​ដល់​សិស្សនិស្សិត​ក្រីក្រ ក្រោយ​ពួកគេ​បញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាល័យ និង​បន្ដ​ការសិក្សា​ទៅ​សាកលវិទ្យាល័យ​។

លោក​និយាយ​ថា​៖ «​យើង​ជួយ​សិស្សនិស្សិត​ពី​ក្រុម​គ្រួសារ​ក្រីក្រ​ពិតប្រាកដ​លើ​ការសិក្សា ធ្វើការ និង​ផ្ដល់​ជា​ទីកន្លែង​ស្នាក់អាស្រ័យ ទាំង​មូស្លីម និង​មិនមែន​មូស្លីម​»​។

ភោជនីយដ្ឋាន​អង្គរហាឡាល់ ចាប់ផ្ដើម​ដំបូង​ពី​គំនិត​ផ្ដួចផ្ដើម​របស់​បុរស​អូស្ដ្រាលី​ម្នាក់​កាលពី ៣ ​ឆ្នាំ​មុន​។ ប៉ុន្ដែ​ទោះបី​ជា​ភោជនីយដ្ឋាន​នេះ​ត្រូវ​បាន​បើក​ដំណើរការ និង​ជ្រើសរើស​បុគ្គលិក​មូស្លីម និង​បំពាក់​ឡូហ្គោ ហាឡាល់ យ៉ាងណា​ក៏ដោយ ក៏​វា​មិន​ទាន់​ទទួល​បាន​វិញ្ញាបនបត្រ​ហាឡាល់​ពិតប្រាកដ​នៅឡើយ​ទេ​។

លោក ហ្សាគី បាន​ឲ្យ​ដឹង​ថា​៖ «​មុខ​ជំនួញ និង​ភោជនីយដ្ឋាន​ទាំងអស់​នៅ​សៀមរាប​មិនទាន់​ទទួល​វិញ្ញាបនបត្រ​ហាឡាល់​នៅ​ឡើយ​ទេ​។ ដោយសារ​រដ្ឋាភិបាល​ទើប​ចាប់​ផ្ដើមចេញ​វិញ្ញាបនបត្រ​នៅ​ក្រុង​ភ្នំពេញ​មុន​»​។

យោង​តាម​មន្ដ្រី​ម្នាក់​មកពី​គណៈ​ដឹកនាំ​ជាន់​ខ្ពស់​នៃ​សាសនា​អ៊ិស្លាម​កម្ពុជា បាន​ឲ្យ​ដឹង​ថា​ភោជនីយដ្ឋាន​ជាច្រើន​ដែល​គ្រប់គ្រង​ដោយ​មូស្លីម និង​មិនមែន​មូស្លីម សុទ្ធតែ​មិនមែន​ជា​ហាឡាល់​ពិតប្រាកដ​ឡើយ តែ​ចំពោះ​ការទុក​ចិត្ដ ពួកគេ​ត្រូវ​តែ​ទទួល​វិញ្ញាបនបត្រ​ពី​ក្រសួង​។

Dhabihah រូបមន្ដ​សត្ដឃាត​ហាឡាល់​តម្រូវ​ថា សត្វ​ត្រូវ​តែ​ត្រូវ​បាន​អារក​ដោយ​កាំបិត​មុត​ល្អ ដែល​អ្នក​ពិឃាត​ត្រូវ​តែ​មូស្លីម ហើយ​ឈាម​ត្រូវ​បាន​ត្រង​ពី​សត្វ​ផ្ទាល់​។

ឈរ​នៅ​ក្បែរ​បន្ទប់​បន់ស្រន់​ខាង​ក្រោយ​ភោជនីយដ្ឋាន លោក ហ្សាគី បាន​បន្ដ​ថា​៖ «​សម្រាប់​សហគមន៍​មូស្លីម ពេល​ពួកគេ​មើល​ឃើញ​ថា ភោជនីយដ្ឋាន​បើក​ដោយ​មូស្លីម ពួកគេ​តែងតែ​មាន​ការជឿជាក់​ទោះ​មិន​ទាន់​ទទួល​វិញ្ញាបនបត្រ​ហាឡាល់​ក៏ដោយ​។ ភ្ញៀវ​ម៉ាឡេស៊ី​ដែល​មក​ទីនេះ​តាមរយៈ​វេបសាយ ពួកគេ​អាច​ទទួល​យក​បាន​ជាមួយ​មុខម្ហូប​ពី​ចុងភៅ​មូស្លីម​»​។

ភោជនីយដ្ឋាន​អង្គរហាឡាល់ ស្ថិត​នៅ​ក្បែរ​ច្រក​ខាង​លិច​ប្រាសាទ​អង្គរវត្ដ ដែល​បើកទ្វារ​រាល់​ថ្ងៃ​ពី​ម៉ោង ៦ ​ព្រឹក​ដល់​ម៉ោង ៣ រសៀល​។ សម្រាប់​ព័ត៌មាន​លម្អិត សូម​ទាក់ទង​ភោជនីយដ្ឋាន​តាមរយៈ​ទូរស័ព្ទ ០៣១ ៣៣៣ ៣១៩៨ ឬ​ហ្វេសប៊ុក​ @Angkorhalal៕