ក្រុង​កែប៖ ជាមួយ​នឹង​ចំណូល​ចិត្ដ​​​គ្រឿង​សមុទ្រ​គ្រប់​​ប្រភេទ​ ចាប់​ពី​ក្ដាម​សេះ ក្ដាម​ព្រលឹត ក្ដាម​ថ្ម មឹក​ពីងពាង មឹក​ 3D និង​បង្កង បង្គា​ និង​បំណង​​ចម្អិន​អាហារ​ស្រស់ៗ​ដោយ​​ខ្លួន​ឯង​ផ្ទាល់​អ្នកស្រី​ ញ៉ឹប បូទុំ ជា​អ្នក​រស់នៅ​ខេត្ត​កែប​សម្រេច​ចិត្ត​បើក​ភោជនីយដ្ឋាន​លក់​ប្រភេទ​អាហារ​​សមុទ្រ​​គ្រប់​មុខ​ ​ដែល​មិន​ថា ភ្ញៀវ​ជាតិ និង​អន្ដរជាតិ​មិន​ភ្លេច​ឆៀង​ចូល​តំបន់​ផ្សារ​ក្ដាម​ដ៏​ល្បីល្បាញ​របស់​កែប​នេះ​ឡើយ​។ ​

ក្ដាម​សេះ​រស់រវើក​ក្នុង​ទូ​កញ្ចក់​ស្ទួយ​​​ដោយ​ខ្យល់​អុកស៊ីហ្ស៊ែន​បំភាយ​ពពុះ​ទឹក ខណៈ​ដែល​ក្ដាម​ថ្ម​ត្រូវ​បាន​ចង​ដង្កៀប​ដ៏​រឹង​ធំ​របស់​វា​ បង្គា និង​មឹក​ត្រូវ​បាន​ដាក់​ក្លាស្សេ​ក្នុង​ធុង​ស្នោ បាន​អន្ទង​ចិត្ដ​ភ្ញៀវ​ទេសចរ​ចូល​ភ្លក្ស​រសជាតិ​អាហារ​សមុទ្រ​ ដែល​មាន​ទីតាំង​នៅ​ក្នុង​ប្លុក​ហាង​ជា​ច្រើន​តាម​ដង​វិថី​ផ្សារ​ក្ដាម​។ ​

អ្នកស្រី ញ៉ឹប បូទុំ វ័យ​ ៤០ ឆ្នាំ ​ម្ចាស់​​ភោជនីយដ្ឋាន​ ស្រីពៅ បាន​ប្រាប់​មក​ភ្នំពេញ​ប៉ុស្តិ៍​ពី​អាហារ​សមុទ្រ​​យ៉ាង​ស្រស់​ញញឹម​របស់​ខ្លួន​ថា​៖​ «​ហាង​យើង​មាន​លក់​គ្រឿង​សមុទ្រ​គ្រប់​ប្រភេទ​ ដែល​ធានា​ថា​ស្រស់​ ដោយ​ភ្ញៀវ​អាច​កុម្ម៉ង់​ជា​មុខ​ម្ហូប​តាម​តារាង​ ឬ​ក៏​អាច​រើស ​​ដូច​ជា ​បង្គា​ ក្តាម​ ដែល​យើង​មាន​ដាក់​នៅ​ក្នុង​ធុង​ស្នោ​ដោយ​ខ្លួន​ឯង​បាន។​ ខាង​យើង​នឹង​ចម្អិន​ជូន​ភ្លាមៗ ដោយ​ភ្ញៀវ​អាច​រង់ចាំ​រយៈពេល​ចាប់​ពី​ ៥ នាទី​ ដល់​ ២០ ​នាទី ​យ៉ាង​យូរ​បំផុត​»។

ទីធ្លា​​ធំ​ទូលាយ​ល្មម​​សម្រាប់​​រៀប​​តុ​បាន ​១០ អាច​ទទួល​ភ្ញៀវ​បាន​ជាង​ ៦០ ​នាក់​ ក្នុង​ពេល​តែ​មួយ​ ភោជនីយដ្ឋាន​ ស្រីពៅ ដែល​ភ្ញៀវ​អាច​អង្គុយ​គន់​ផ្ទៃ​សមុទ្រ​ នៅ​តែ​បន្ត​មាន​ភ្ញៀវ​មិន​ដាច់​ ដោយ​ចាប់​ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ​ អាច​ទទួល​បាន​ភ្ញៀវ​ពី ២០ ទៅ​ ៣០ នាក់ ​ក្នុង​ ១ ​ថ្ងៃ​។ ចំណែក​ឯ​ថ្ងៃ​បុណ្យ​ជាតិ​ធំៗ ឬ​ថ្ងៃ​ចុង​សប្ដាហ៍​ ​អាច​ទទួល​បាន​ភ្ញៀវ​រហូត​ដល់​ជាង​ ១០០ នាក់​។

​អាហារ​គ្រឿង​សមុទ្រ​ ដែល​ភ្ញៀវ​អាច​ជ្រើសរើស​ពី​ក្នុង​អាង​ចិញ្ចឹម​​ និង​ចម្អិន​ជា​ម្ហូបសម្រាប់​អតិថិជន​នៅ​ភោជនីយដ្ឋាន ស្រីពៅ​​។ហុង មិនា

ភោជនីយដ្ឋាន​មាន​លក់​ជា​ប្រភេទ​គ្រឿង​សមុទ្រ​ដែល​មាន​នៅ​ក្នុង​បញ្ជី​រាយ​នាម​ ដូច​ជា​ ក្តាម​ថ្មពង​ ក្តាម​ថ្ម​អត់​ពង ក្តាម​សេះ​ មឹក ត្រី និង​បង្គា​ ព្រម​ទាំង​មាន​ជា​ច្រើន​មុខ​ទៀត ដែល​ចម្អិន​សម្រាប់​ចាន​តូច និង​ចាន​ធំ​ មាន​តម្លៃ​ចាប់​ពី​ ៥ ដុល្លារ ដល់ ១៥ ដុល្លារ ក្នុង ​១ ​ចាន​ផង​ដែរ ដែល​ជា​ជម្រើស​ឆា អាំង ស្ងោរ​ជ្រក់ ការី ឆាអំពិល​ទុំ និង​មាន​ជា​ច្រើន​មុខ​ទៀត​។

ក្រៅ​ពី​ជម្រើស​ក្នុង​ការ​កុម្ម៉ង់​មុខ​ម្ហូប​ដែល​មាន​រាយនាម​នៅ​ក្នុង​បញ្ជី​រាយ​មុខ​ម្ហូប​ក្នុង ​១ ​ចាន អតិថិជន​អាច​ជ្រើសរើស​គ្រឿង​សមុទ្រ​​ដែល​នៅ​មិន​ទាន់​ចម្អិន​ក្នុង​សភាព​ស្រស់ៗ និង​រស់រវើក ដោយ​​​គិត​ជា​គីឡូ​ ដូច​ជា ​មឹក ក្តាម​​សេះ ក្តាម​ថ្ម និង​មឹក ព្រម​ទាំង​មាន​​ជា​ច្រើន​មុខ​ទៀត​។

ក្រោយ​ពី​ចាប់​ក្ដាម​សេះ​ថ្លឹង​ភ្លាមៗ​ អ្នកស្រី ញ៉ឹប បូទុំ រៀបចំ​ចង្ក្រាន ​២ ដោយ​រំលែក​មួយ​ផ្នែក​​​ដាក់​ស្ងោរ​ក្នុង​ទឹក​កំពុង​ពុះ ខណៈ​ដែល​ក្ដាម​មួយ​ផ្នែក​ទៀត​ដាក់​ឆា​ជាមួយ​ផ្លែ​ម្រេច​ខ្ចី​ មុន​ពេល​លើក​ជូន​ភ្ញៀវ​ដល់​តុ​ ដែល​កំពុង​រង់ចាំ​។

គ្រឿង​សមុទ្រ​ស្រស់ៗ​ សម្រាប់​​ភ្ញៀវ​ចង់​ទិញ​ជា​គីឡូក្រាម និង​រើស​ដោយ​ខ្លួន​ឯង​​ផ្ទាល់ ដែល​ដាក់​លក់​នៅ​ក្នុង​ភោជនីយដ្ឋាន​ ស្រី​ពៅ ​​ដូច​ជា​ ក្តាម​សេះ​ (៦៥ ០០០ រៀល ១ គីឡូក្រាម)​ ក្តាម​ថ្ម​អត់​ពង (៨៥ ០០០ រៀល ១ គីឡូក្រាម​) ក្តាម​ថ្ម​ពង​ (១២ ម៉ឺន​រៀល ១ គីឡូក្រាម​) និង​មឹក​ (៦ ម៉ឺន​រៀល​ ១ គីឡូក្រាម​)។

អតិថិជន​អាច​ទិញ​ក្ដាម​សេះ​ស្រស់​ៗ​ ១ គីឡូក្រាមតម្លៃ ៦៥ ០០០ រៀល​។ហុង មិនា

យុវជន​ ធន​ វាសនា ​ជា​ភ្ញៀវ​ទេសចរ​​បាន​ប្រាប់​មក​ភ្នំពេញ​ប៉ុស្តិ៍​​​ថា​៖ ​«​ខ្ញុំ​តែងតែ​ទៅ​លម្ហែ​​​នៅ​ពេល​ទំនេរ​ពី​រៀន​ ហើយ​ក៏​រមែង​​ចូល​ទិញ​គ្រឿង​សមុទ្រ​នៅ​ក្នុង​ផ្សារ​ក្តាម​ដែរ ពី​ព្រោះ​យើង​អាច​ជ្រើសរើស​បាន​តាម​ចិត្ត​ និង​​ស្រស់ៗ។

ចំណែក​ឯ​តម្លៃ​ក៏​សមរម្យ​ដែរ ដូច​ជា​ថ្ងៃ​នេះ​ខ្ញុំ​បាន​ទិញ​បង្គា ១ គីឡូ ៣ ម៉ឺន​រៀល និង​ក្តាម​សេះ​ ១ គីឡូ ២៥ ០០០ រៀល​ និង​ឲ្យ​គេ​ស្ងោរ​ចំណាយ​ ២ គីឡូ ៥ ០០០ រៀល​ទៀត​ប៉ុណ្ណោះ»។

ម្ចាស់​ភោជនីយដ្ឋាន​លក់​គ្រឿង​សមុទ្រ​រូប​នេះ​ បញ្ជាក់​ពី​មូលហេតុ​ដែល​​តម្លៃ​ថ្លៃ​ជាង​នៅ​ក្នុង​ផ្សារ​ក្តាម​ ​​បន្ថែម​​ទៀត​ថា​៖ ​«​ចំពោះ​គ្រឿង​សមុទ្រ​ដែល​មាន​នៅ​ក្នុង​ហាង​ខ្ញុំ​មាន​តម្លៃ​ថ្លៃ​ជាង​ក្នុង​ផ្សារ​ក្តាម​ពិត​មែន។​​ ប៉ុន្តែ​ខ្ញុំ​សុំ​​ធានា​ថា​ ជា​របស់​ធម្មជាតិ​ហើយ​ក៏​សុទ្ធ​​តែ​ជា​របស់​ល្អ​ ព្រោះ​ខ្ញុំ​មាន​ម៉ូយ​ដែល​ជា​អ្នក​ចុះ​ទូក»។

អ្នកស្រី ញ៉ឹប បូទុំ បាន​អះអាង​ថា​៖ «​តាម​ធម្មតា ​គេ​ចុះ​ទូក​ម្តង​បាន​គ្រឿង​សមុទ្រ​ប្រហែល​ជាង​ ១០០ គីឡូក្រាម​។ ប៉ុន្តែ​ខ្ញុំ​បាន​ជ្រើសរើស​យក​តែ​ជាង​​ ១០ គីឡូ​ក្រាម​​ប៉ុណ្ណោះ​សម្រាប់​​មក​លក់​នៅ​ក្នុង​ហាង​ ដោយ​យក​របស់​​ណា​ដែល​ល្អ​បំផុត​មក​លក់​នៅ​ក្នុង​ហាង​ គឺ​មិន​ត្រូវ​ការ​ឲ្យ​ភ្ញៀវ​បាត់បង់​ជំនឿ​ចិត្ត​មក​លើ​ហាង​យើង​នោះ​ទេ​ ជា​ពិសេស​នោះ​គឺ​ធំៗ​ល្អ​»៕