សៀមរាប: អា​ម៉ុក​ត្រី គឺជា​មុខម្ហូប ដែល​ពលរដ្ឋ​ខ្មែរ​និយម​ធ្វើ​សម្រាប់​បរិភោគ​ក្នុង​គ្រួសារ ទទួល​ភ្ញៀវ​បន្តិច​បន្តួច ឬ​ក្នុង​ពិធី​បុណ្យ​ទាន​ផ្សេង ៗ។ ភ្ញៀវទេសចរ​បរទេស​ជា​ច្រើន​ដែល​មក​ទស្សនា​កម្ពុជា តែង​មិន​រំលង​ភ្លក្ស​អា​ម៉ុក​ខ្មែរ​ដោយ​សារ​តែ​ម្ហូប​នេះ ត្រូវ​បាន​ចាត់​ទុក​ជា​អាហារ​ប្រចាំ​ជាតិ។

ខណៈ​ភោជនីយដ្ឋាន​ក្នុង​សណ្ឋាគារ​ម៉េ​ម័​រ សៀមរាប ផ្សព្វផ្សាយ និង​ផ្ដល់​សេវាកម្ម​ម្ហូប​ខ្មែរ​ដល់​ភ្ញៀវ​បរទេស អាម៉ុក​ក៏​ស្ថិត​ក្នុង​តារាង​មុខ​ម្ហូប​មួយ​ក្នុង​ចំណោម​មុខម្ហូប​ខ្មែរ​ដទៃ​ទៀត ដែល​ត្រូវ​បាន​សម្រិត​សម្រាំង​យ៉ាង​ពិសេស​ជូន​ភ្ញៀវ​បរទេស​បាន​ភ្លក្ស​រស​ជាតិ។

កម្មវិធី​ប្រូ​ម៉ូ​សិន​មុខម្ហូប​ខ្មែរ Khmer Cambo Food ត្រូវបាន​រៀបចំ​ជា​ឈុត​ក្នុង​ថាស​តែមួយ មាន​ដូចជា​មុខ​ម្ហូប​ត្រជាក់ ម្ហូប​ក្ដៅ និង​បង្អែម ដែល​សុទ្ធ​សឹង​តែ​ជា​មុខ​ម្ហូប​ខ្មែរ ចេញ​ពី​ស្នាដៃ​មេ​ចុងភៅ​ខ្មែរ។

ក្នុងចំណោម​មុខម្ហូប​រៀបចំ​ជា​ឈុត ដូចជា Premier, Deluxe និង Standard របស់​ឈុត Khmer Cambo Food អាម៉ុក​ស្ថិត​ក្នុង​ឈុត Premier តម្លៃ ១២ ដុល្លារ។

មុខម្ហូប​ខ្មែរ​ក្នុង​ឈុត Premier ត្រូវបាន​រៀបចំ​ដាក់​ក្នុង​ថាស​ក្រាល​ក្រណាត់​រំលេច​ក្បាច់​ផ្កាភ្ញី​បុរាណ​ខ្មែរ ដែល​ក្នុង​ចាន​ធំ​មួយ​មាន បាយ​ស ភ្លា​សាច់​គោ ចាន​តូច​ទី ១ ដាក់​ត្រី​ចៀន​ជូរអែម និង​អាម៉ុក​ត្រី ឬ​គ្រឿង​សមុទ្រ រួម​ជាមួយ​បង្អែម​ល្ពៅ​សង់​ខ្យា។

លោក ស៊ឹម សក្កដា បុគ្គលិក​ផ្នែក​ទំនាក់ទំនង​នៅ​សណ្ឋាគារ​ម៉េម័រ​សៀមរាប​បាន​ឲ្យ​ដឹង​ថា៖ «ភ្ញៀវ​ចូល​ចិត្ដ​ម្ហូប​ខ្មែរ​មក​ពី​ជប៉ុន​ហើយ​ក្រៅ​ពី​ភ្ញៀវ​ជប៉ុន យើង​ឃើញ​មាន​ភ្ញៀវ​អឺរ៉ុប»។

ឈុត​អាម៉ុក មាន​បាយស ភ្លា​សាច់គោ ត្រីចៀនជូរអែម អាម៉ុក​ត្រី និងល្ពៅសង់ខ្យា។ ហុង មិនា

ក្នុង​ភោជនីយដ្ឋាន​រចនាប័ទ្ម​បែប​ខ្មែរ​អមដោយ​សំឡេង​ចម្រៀង​ទសវត្ស​រ៍លោក ស៊ីន ស៊ីសាមុត លោក សក្កដា បន្ដ​ថា៖ «គាត់​មក​ស្រុក​ខ្មែរ​អ៊ីចឹង​គាត់​ចង់​ញ៉ាំ​អាហារ​ខ្មែរ។ ដូច្នេះ​ម៉េម័រ​សៀមរាប​យើង​តម្រូវ​ឲ្យ​មាន​មុខ​ម្ហូប​ខ្មែរ​ច្រើន ដើម្បី​មាន​ជម្រើស​ដល់​ភ្ញៀវ​ដែល​មក​ស្នាក់​នៅ​ទីនេះ»។

លោក​បន្តថា៖ «ពេល​យើង​ជួប​ភ្ញៀវ យើង​បង្ហាញ​តារាង​មុខម្ហូប​បរទេស គាត់​អត់​សូវ [interest] ទេ ពី​ព្រោះ​គាត់​ចង់​សាក​ម្ហូប​ខ្មែរ។ គាត់​ត្រូវការ​ឲ្យ​ពួក​យើង [recommend] ម្ហូប​ខ្មែរ​ណា ដែល​ឆ្ងាញ់ ដែល​ល្បី។ ជា​ទូទៅ យើង​មាន​អា​ម៉ុក និង [set menu]»។

ការរៀបចំ​នេះ​មិនមែន​សំដៅ​ផ្គាប់​តែ​ភ្ញៀវ​បរទេស​នោះទេ ម៉េ​ម័​រ សៀមរាប ក៏​ស្វាគមន៍​ភ្ញៀវ​មាន​បំណង​ភ្លក្ស​មុខម្ហូប​ខ្មែរ​ជា​ឈុត​ជាមួយ​នឹង​ការ​បញ្ចុះ​តម្លៃ​ដល់ ២០ ភាគរយ។

ម៉េ​ម័​រ សៀមរាប ស្ថិតនៅ​អគារ​លេខ ៥៤៥ ផ្លូវជាតិ​លេខ ៦ ក្រុង​សៀមរាប ទូរស័ព្ទ​លេខ ០៦៣ ៩៦៣ ៥៦៨៕