ភ្នំពេញៈ មីឆាម៉ុងហ្គោលី គួបផ្សំនឹងសិល្បៈនៃការចម្អិនយ៉ាងជំនាញជាមួយខ្ទះធំប្លែកមានកម្តៅក្តៅខ្លាំង ដោយចុងភៅប្រើដៃម្ខាងយកឈើមកប្រែសរសៃមី បន្លែ និងសាច់យ៉ាងញាប់ដៃ ហើយដៃម្ខាងទៀតកាន់កំប៉ុងទឹកចាំស្រោចទឹកពីលើដើម្បីឲ្យឆ្អិនល្អ។
លោក កាន់ ប៊ុណ្ណា វ័យ ២៨ ឆ្នាំ ជាម្ចាស់ហាងមីម៉ុងហ្គោលី បានថ្លែងមកកាន់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «មីម៉ុងហ្គោលី ដែលជាអាហារដែលខ្ញុំចូលចិត្តជាងគេ ហើយណាមួយទៀតដោយសារតែខ្ញុំបានមើលឃើញថានៅស្រុកខ្មែរយើងមានគេនាំចូលនូវអាហារជាច្រើនចម្រុះជាតិសាសន៍មានថៃ ជប៉ុន ចិន ឥណ្ឌូនេស៊ី និងជាច្រើនប្រទេសទៀតនៅមិនទាន់មានតែអាហារម៉ុងហ្គោលីទេ»។
GK Mongolian Noodles មានលក់តែមីម៉ុងហ្គោលីតែមួយប្រភេទប៉ុណ្ណោះ ដែលក្នុង ១ ចានមានតម្លៃ ៦,៨០ ដុល្លារ យើងអាចរើសតាមចិត្តនូវប្រភេទសាច់ និងបន្លែដែលមានសាច់ ៣ ប្រភេទគឺសាច់មាន់ សាច់ជ្រូក និងសាច់គោ រួមជាមួយបន្លែរហូតទៅដល់ ១១ មុខសម្រាប់ជ្រើសរើសមានឃិនឆាយ ននោងបារាំង ស្ពៃក្តោប ផ្កាខាត់ណា (ស និងបៃតង) ប៉េងប៉ោះ ម្ទេសប្លោក ខ្ទឹមបារាំង ផ្សិត ស្នៀតពោត និងការ៉ុត។ ចំណែកឯភេសជ្ជៈមានទឹកសុទ្ធតម្លៃ ០,៥០ ដុល្លារ និងប្រភេទទឹកក្រូច (កូកាកូឡា ស្ព្រៃត៍ និងទឹកក្រូច) មានតម្លៃ ០,៧៥ ដុល្លារ។
បើកពីម៉ោង ១០:៣០ ព្រឹករហូតដល់ម៉ោង ៩ យប់ GK Mongolian Noodles ដែលទើបសម្ពោធពីខែឧសភាកន្លងទៅនេះក្នុង ១ ថ្ងៃមានភ្ញៀវពី ១៥០ ទៅ ២០០ នាក់។
ម្ចាស់ហាងជាអាណិកជនខ្មែរអាមេរិករូបនេះបានប្រាប់ពីគោលការណ៍ក្នុងហាងបន្ថែមទៀតដែរថា៖ «សម្រាប់ហាងខ្ញុំមានលក្ខណៈខុសពីហាងដទៃដោយសាររបៀបរបបនៃហាងខ្ញុំតម្រូវឲ្យភ្ញៀវបង់លុយមុននឹងទទួលបានអាហារ ហើយលក្ខណពិសេសវិញគឺអតិថិជនអាចទិញតែ ១ ចានហើយញ៉ាំបានគ្នា ២ នាក់ បើសិនជាគិតថាខ្លួនញ៉ាំមិនអស់តែម្នាក់ឯងដោយសារតែភ្ញៀវគឺជាអ្នកដើរចាប់អាហារដោយខ្លួនឯងចង់យកប៉ុន្មានក៏បានតាមតម្រូវការភ្ញៀវ និងនៅពេលញ៉ាំមិនអស់គឺអាចខ្ចប់ទៅផ្ទះបានយ៉ាងងាយស្រួល»។
លោក កាន់ ប៊ុណ្ណា បានបញ្ជាក់ដែរថារសជាតិមីឆាដែលលោកកំពុងតែដាក់លក់នេះគឺជារសជាតិដើមដូចទៅនឹងរសជាតិនៅអាមេរិកដែរ ដោយសារតែប្រភេទសាច់ និងសរសៃមីគឺជាផលិតផលពីអាមេរិក រីឯបន្លែជាផលិតផលកសិកម្មសរីរាង្គក្នុងស្រុក។
GK Mongolian Noodles មានទីតាំងស្ថិតនៅផ្លូវ OCIC ក្រុងរណបថ្មីជ្រោយចង្វារជាប់វិមានអាហារ និងអាចទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ ០៧៨ ៤៩៩ ២៨៩៕
វីដេអូ៖