ភ្នំពេញ: ក្រឡេក​ឃើញ​ឈ្មោះ​ហាង​គុយទាវ​ក្នុងផ្ទះ​ល្វែង​តូច​មួយ​ស្ថិត​នៅ​ពី​ក្រោយ​សាលា​វ៉ាន់ដា មួយ​ភ្លែត ប្រាកដ​ជា​មាន​អារម្មណ៍​ភ្ញាក់​ក្រញាង។ ហាង​គុយទាវ រចនា​តុបតែង​យ៉ាង​ស្រស់​ស្អាត ផ្គាប់​ចិត្ដ​យុវវ័យ​នោះ​ឈ្មោះ «គុយទាវ​ឡាំឌួយ» រូប​ក្រពើ​កាន់​ចាន​គុយទាវ របស់​តារា​ភាពយន្ដ​ល្បី​ឈ្មោះ កញ្ញា ឌុច លីដា។

កញ្ញា ឌុច លីដា តារា​សម្ដែង​ល្បី​ឈ្មោះ ជា​ម្ចាស់​ហាង​គុយទាវ​ឡាំឌួយ បាន​ប្រាប់​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​បើក​ហាង​លក់​គុយទាវ​នេះ​បាន ៣ ខែ​មក​ហើយ ដោយ​ចំណាយ​ទុន​ផ្ទាល់​ខ្លួន​ជាង ១ ម៉ឺន​ដុល្លារ សម្រាប់​បើក​ហាង​គុយទាវ​ឡាំឌួយ​នេះ»។

តារា​ភាពយន្ដ​និយម​ថត​ប្រលែង​លេង​ជាមួយ​នឹង​សត្វ​ជាច្រើន​ប្រភេទ​រូបនេះ​បាន​ប្រាប់​ថា៖ «មូលហេតុ​ដែល​បើក​ដាក់​ឈ្មោះ​គុយទាវ​ឡាំឌួយ នេះ​គឺ​ដោយសារ​តែ​បង​ប្អូន​សាច់ញាតិ និង​មិត្តភក្តិ​នាង​ខ្ញុំ​ចូលចិត្ត​ហៅ​ឈ្មោះ​នាង​ខ្ញុំ​ថា ឡាំឌួយ ហើយ​ពេល​បើក​ហាង​គុយទាវ​នេះ​សាក​បង្ហោះ​ឈ្មោះ​នេះ ហើយ​ឃើញ​ថា មាន​អ្នក​ចូលចិត្ត និង​មើល​ទៅ​ដូចជា​សប្បាយ​ចិត្ត​ច្រើន ក៏​សម្រេច​ចិត្ត​ដាក់​ឈ្មោះ​ហ្នឹង​តែ​ម្តង​ទៅ»។

កញ្ញា ឌុច លីដា។

នៅ​ក្នុង​ហាង​គុយទាវ​ឡាំឌួយ ភ្ញៀវ​ដែល​ចូល​ញ៉ាំ​អាច​មើល​សត្វ​ត្រកួត អណ្តើក សេក និង​សត្វ​ពស់​លេង​សិន​អំឡុង​ពេល​អង្គុយ​រង់ចាំ​គុយទាវ​មក​ដល់ ដែល​សត្វ​ទាំងអស់​នេះ កញ្ញា លីដា បាន​ចិញ្ចឹម​ដោយ​ខ្លួនឯង ពី​ព្រោះ​នាង​ចូលចិត្ត​ចិញ្ចឹម​សត្វ​ប្លែក។

គួរ​បញ្ជាក់​ថា សម្រាប់​រសជាតិ​មីឡាំឌួយ គឺ​ខុស​ប្លែក​ពី​គុយ​ធម្មតា ដោយសារ​តែ​ទឹក​ស៊ុប​មាន​ពណ៌​ឈាម​គោ​ខាប់ លាយ​ជាមួយ​សរសៃ​គោ ប្រហិត​សាច់​គោ និង​បន្លែ ដូចជា សណ្តែក​បណ្តុះ ម្អម និង​ជីរ​រណារ។ មីឡាំឌួយ អាច​ទទួល​ទាន​ជាមួយ​ស្បែក​ជ្រូក​បំពង កាន់​តែ​ឈ្ងុយ​ឆ្ងាញ់។

អតិថិជន​អាច​កុម្ម៉ង់ មីឡាំឌួយ បន្ថែម​ឆ្អឹង​គោ​សម្រាប់​អ្នក​និយម​ហុត​ខួរ​ឆ្អឹង​គោ​ក្ដៅៗ តម្លៃ ២ ដុល្លារ។ ថ្មីៗ​នេះ​ហាង​គុយទាវ​ឡាំ​ឌួយ​ក៏បាន​បន្ថែម​ម្ហូប​មួយ​មុខ​ទៀត​គឺ​បាយ​ឡាំឌួយ មាន​គ្រឿង​ផ្សំ ដូចជា គីម​ឈី សាច់​ជ្រូក​បីជាន់ ជ្រក់​ឆៃថាវ និង​ព្រះចន្ទ​ពេញវង់។

តោះ​ចង់​ញ៉ាំ​មីឡាំឌួយ​អត់? ទៅ​ទាំងអស់​គ្នា​ស្ថិត​នៅ​ពី​ក្រោយ​សាលា​វ៉ាន់ដា លើ​ផ្លូវ ១៩១ ផ្ទះ​លេខ ១៣A ទាក់ទង​តាមរយៈ​ទូរស័ព្ទ​លេខ ០១៦ ៧៧ ៧៧ ៦១៕