ភ្នំពេញ៖ មុខម្ហូបខ្មែរជាច្រើនមុខជាស្នាដៃចម្អិនរបស់ចុងភៅវ័យក្មេងខ្មែរ-កាណាដា ទើបជាប់ពានរង្វាន់ជាចុងភៅឆ្នើមប្រចាំទីក្រុងម៉ុងរេអាល់ សម្រាប់ឆ្នាំ ២០២០ កំពុងមានវត្តមាននៅក្នុងហាងលក់ម្ហូបខ្មែរ «ទូក» ដែលទើបបើកដំណើរការសាកល្បងនាពេលថ្មីនេះ ឯទឹកដីកាណាដា។
ដោយមានឈាមជ័រជាជនជាតិខ្មែរ និងតែងមានក្តីស្រមៃលើកស្ទួយវប្បធម៌ខ្មែរ លោក យេន ចាន់ធី បានបើកភោជនីយដ្ឋាន ដោយរៀបចំត្រឹមតែ ៣-៤ តុ មានក្រាលកម្រាលក្រណាត់សូត្រខ្មែរ តុបតែងអមដោយបាច់ផ្កា ថូផ្កា និងទូដាក់តាំងបង្ហាញស្រា។
ដោយប្រើប្រាស់គ្រឿងផ្សំបែបខ្មែរ ហាងដែលមានទីតាំងស្ថិតនៅកន្លែងមានមនុស្សម្នាដើរកាត់ តែងភាយក្លិនឈ្ងុយនៃគ្រឿងផ្សំម្ហូបខ្មែរ ទាក់ទាញទិញអាហារសម្រន់វេចខ្ចប់សម្រាប់ដំណើរកម្សាន្តពិចនិក។
ក្នុងបទសម្ភាសជាមួយ ភ្នំពេញ ប៉ុស្តិ៍ មេចុងភៅវ័យ ៣២ ឆ្នាំ បានឲ្យដឹងថា៖ «ទូក បានបើកលក់ម្ហូបខ្មែរសាកល្បងដំបូងនៅថ្ងៃអាទិត្យ ទី ២៤ ខែឧសភា ឆ្នាំ ២០២០ ទើបតែបើកមិនបានប៉ុន្មានទេ ប៉ុន្តែវាធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលបំផុតនៅពេលមានមនុស្សជាច្រើនតម្រង់ជួររង់ចាំទិញម្ហូបរបស់យើង។ វត្តមានមនុស្សជាច្រើនឈរនៅមុខហាង រង់ចាំភ្លក្សម្ហូបខ្មែរពិតជាធ្វើឲ្យខ្ញុំរីករាយ និងព្យាយាមស្វែងរកមុខម្ហូបថ្មីៗបន្តទៀត»។
លោកបានបន្តប្រាប់ថា៖ «គ្រប់គ្នានៅទីនេះស្គាល់តែម្ហូបថៃ វៀតណាម ប៉ុន្តែមិនមានមនុស្សច្រើនទេស្គាល់អ្វីទៅជាម្ហូបខ្មែរ ប៉ុន្តែពេលនេះ ទូក នឹងក្លាយជាហាងដែលចាប់ផ្តើមបើកផ្លូវឲ្យពិភពលោកស្គាល់ម្ហូបខ្មែរ។ ខ្ញុំនឹងចែករំលែករសជាតិដ៏អស្ចារ្យនៃម្ហូបខ្មែរ ជាមួយគ្រប់គ្នានៅទីនេះ និងមេចុងភៅល្បីដែលខ្ញុំបានធ្វើការជាមួយឲ្យស្គាល់ថា អ្វីទៅជាម្ហូបខ្មែរ»។
លោក ចាន់ធី មានឪពុកម្តាយជាជនជាតិខ្មែរ និងបានផ្លាស់លំនៅទៅកាណាដា ក្នុងឆ្នាំ ១៩៨៥។
ទោះជាមានកំណើត និងធំធាត់នៅទីក្រុងអនតារីយោ លោកបានរៀននិយាយភាសាខ្មែរ និងរៀនចម្អិនម្ហូបខ្មែរពីជីដូនតាំងពីកុមារភាព។
លោកបានរំឭកថា៖ «ខ្ញុំចាំបាន កាលពីតូចយាយរបស់ខ្ញុំហៅខ្ញុំទៅបង្រៀនរបៀបធ្វើម្ហូបខ្មែរ និងនិទានរឿងផ្សេងៗអំពីប្រទេសខ្មែរឲ្យខ្ញុំស្តាប់។ ពេលនោះខ្ញុំក៏ចាប់ផ្តើមរៀនធ្វើម្ហូបសម្រាប់ខ្លួនខ្ញុំ និងគ្រួសាររបស់ខ្ញុំ ហើយរៀនទទួលខុសត្រូវក្នុងការរកលុយដោយខ្លួនឯង ដោយចាប់ផ្តើមធ្វើការផ្នែកម្ហូបអាហារតាំងពីអាយុ ១៥ ឆ្នាំ នៅតំបន់ដែលខ្ញុំរស់នៅ»។
ក្រោយមកលោកបានបន្តការសិក្សាជំនាញធ្វើម្ហូបនៅ Northwest Culinary Academy និងបន្តដំណើរជីវិតជាមេចុងភៅតាមបណ្ដាភោជនីយដ្ឋាន អាស៊ី អឺរ៉ុប និងអាមេរិកល្បីៗ។
តាមរយៈទេពកោសល្យផ្ទះបាយ លោក ចាន់ធី បានក្លាយជាចុងភៅជនជាតិខ្មែរដំបូង ដែលបានធ្វើការជាមួយកំពូលចុងភៅល្បីក្នុងពិភពលោក Ferran Adria និងអាចបម្រើការជាមេចុងភៅក្នុងភោជនីយដ្ឋាន Mugaritz ចំណាត់ថ្នាក់លេខ ៥ ក្នុងពិភពលោកនៅអេស្ប៉ាញ។
ក្រោយពីប្រឡូកក្នុងវិស័យម្ហូបអាហារ និងបានធ្វើជាមេចុងភៅនៅក្នុងភោជនីយដ្ឋានល្បីៗបានប៉ុន្មានឆ្នាំ យុវជនរូបនេះសម្រេចចិត្តបើកភោជនីយដ្ឋានរបស់ខ្លួនដំបូង ឈ្មោះថា Filedstone។
លោកបានប្រាប់ថា៖ «ខ្ញុំបានបំបែក និងបង្កើតរូបមន្តថ្មីរបស់ខ្មែរឈ្មោះ «គ្រឿង» និង «ស្ងោរ» ដោយមុខម្ហូបទាំង ២ នេះបានជាប់ជាមុខម្ហូបពេញនិយមរបស់ហាងយើង រហូតធ្វើឲ្យខ្ញុំអាចទទួលបានពានរង្វាន់ Readers'' Choice Chef ប្រចាំឆ្នាំ ២០១៨ និងបានចូលរួមជាសមាជិកសភាមេចុងភៅរបស់ប្រទេសកាណាដា»។
ដោយសារលោក ចាន់ធី ក៏ជាមេចុងភៅខ្មែរដំបូងដែលទទួលបានរង្វាន់ចុងភៅល្អបំផុតប្រចាំទីក្រុងម៉ុងរេអាល់ ក្នុងឆ្នាំ ២០២០ ភាពល្បីល្បាញនេះបានធ្វើឲ្យសារព័ត៌មានរបស់កាណាដាជាច្រើន ចុះផ្សាយពីរូបលោក និងហាង «ទូក» ដែលទើបបើកដំណើរការថ្មីថ្មោង។
ដោយខំប្រឹងនិយាយខ្មែរថែអត្តសញ្ញាណ ទោះជាសំនៀងបែបប៉ៃឡាំ មេចុងភៅរូបនេះបានលើកឡើងថា៖ «ខ្ញុំដាក់ឈ្មោះហាងថា ទូក គឺប្រដូចបាននឹងរូបខ្ញុំជាកាប់ពីតែន ដែលបើកទូកនាំភ្ញៀវទៅកាន់តំបន់ថ្មីមួយ ដើម្បីទទួលបានបទពិសោធថ្មី។ ទូក គឺចង់សំដៅលើដំណើរផ្សងព្រេងរបស់អតិថិជនទាំងឡាយដែលមកកាន់ហាងនេះទៅដកបទពិសោធថ្មីជាមួយក្លិន និងរសជាតិនៃម្ហូបខ្មែរ ដែលមានរូបខ្ញុំជាអ្នកបើកបរផ្ទាល់ ហើយទូកនឹងនាំពួកគេទៅបរិភោគអាហារខ្មែរ ដែលពិបាកស្វែងរកនៅកាណាដា»។
បើកពីថ្ងៃព្រហស្បតិ៍ដល់អាទិត្យ ពីម៉ោង ២ ដល់ម៉ោង ៨ យប់ ហាងទូកមានលក់ នំបញ្ចុកសម្លខ្មែរ សាច់ចង្កាក់អាំង នំប៉័ងសាច់ ការីសាច់មាន់ ស្លាបមាន់ចៀន បាយឆា សាច់គោងៀត បុកល្ហុង ភ្លាសាច់គោ មីកាតាំង ចាយ៉ ឆាគុយទាវ និងមីកូឡា។
ចុងភៅបទពិសោធជាង ១៦ ឆ្នាំរូបនេះបានបន្តទៀតថា៖ «ម្ហូបដែលទទួលបានការគាំទ្រច្រើនជាងគេ គឺនំបញ្ចុកសម្លខ្មែរតម្លៃ ១៤ ដុល្លារ កាណាដាដែលភ្ញៀវហូបហើយសរសើរថាឆ្ងាញ់ ហើយកម្មង់ទិញច្រើនដល់ទៅ ៥០ ចាន ក្នុង ១ ថ្ងៃ និងរំពឹងថាចំនួននេះអាចនឹងកើនឡើងលើសពីនេះទៀត។ មានអ្នកខ្លះកម្មង់ទិញតាមអនឡាញ តាំងពីមុនពេលយើងបើកទ្វារលក់ក៏មាន។ ក្នុងហាងយើងក៏មានភ្ញៀវជនជាតិខ្មែរមួយចំនួនដែរមកទិញនំបញ្ចុកនេះ»។
ព្រោះតែការកម្មង់ទិញច្រើន លោកក៏មានកូនកាំបិត ២ នាក់ ជាជនជាតិ បារាំងជួយសម្រួលការងារហាន់គ្រឿង ហាន់សាច់ រៀបចំបន្លែជាដើម។
យ៉ាងណាមិញ លោកបញ្ជាក់ថា៖ «គ្រប់មុខម្ហូបទាំងអស់ ខ្ញុំជាអ្នកផ្សំគ្រឿង ភ្លក្ស និងចម្អិនដោយផ្ទាល់។ រីឯការរកទិញគ្រឿង នៅម៉ុងរេអាល់ ពិតជាពិបាកណាស់ ទម្រាំទិញគ្រឿងបានខ្ញុំត្រូវដើររកគ្រឿងពីហាងមួយទៅហាងមួយ យ៉ាងហោចណាស់ខ្ញុំត្រូវដើរទិញអស់កន្លះថ្ងៃ ហើយនៅមិនទាន់បានគ្រឿងគ្រប់ដែលខ្ញុំត្រូវការទេ»។
ក្រៅពីបំណងច្នៃគ្រឿងផ្សំម្ហូបខ្មែរលក់នៅទឹកដីកាណាដា លោក ចាន់ធី ក៏មានគម្រោងមកកម្សាន្ត និងចែករំលែកចំណេះដឹងបទពិសោធចម្អិនម្ហូបនៅប្រទេសកម្ពុជា ផងដែរ៕