ភ្នំពេញ: ខែភ្លៀងអ៊ីចឹងបើបានសម្លក្តៅៗ ជូរហឹរៗញ៉ាំ ពិតជាឆ្ងាញ់មាត់មិនខាន។ វេលាបាយថ្ងៃត្រង់ សម្រាប់អ្នកធ្វើការបច្ចុប្បន្ននេះ មិនសូវជាមានពេលក្រោកធ្វើម្ហូបខ្ចប់ទៅការិយាល័យប៉ុន្មានទេ។ ម្យ៉ាងទៀតអ្នកធ្វើការក្មេងៗក៏ពុំសូវចេះធ្វើម្ហូបដែរ ជាពិសេសគឺម្ហូបខ្មែរតែម្តង។
នៅភោជនីយដ្ឋាន មាតុភូមិ ដែលជំនាញខាងម្ហូបខ្មែរបែបស្រុកស្រែពិតៗ បានបង្ហាញពីរបៀបធ្វើសម្ល «ម្ជូរល្ហុងខួរក្តាម» ដល់អ្នកធ្វើការដែលមិនចេះ ឬមួយក៏មិនមានពេលធ្វើម្ហូបគ្រប់គ្រាន់ គឺអាចសាកល្បងរៀនធ្វើបានដោយងាយៗ និងមិនចំណាយពេលធ្វើច្រើនប៉ុន្មានទេ។
មុខម្ហូបមួយមុខនេះត្រូវមានគ្រឿងផ្សំដូចជា ក្តាមស្រែ ត្រី-ពោ ពងត្រី កំពឹស ល្ហុងខ្ចី ម្អម ក្រសាំង ម្ទេស ខ្ទឹមស ស្លឹកក្រូចសើច ស្លឹកគ្រៃ ស្ករស អំបិល និងម្សៅស៊ុប។
របៀបធ្វើ មុនដំបូងយើងត្រូវ យកក្តាមស្រែមកបុកពូតយកទឹកខាប់ ចំណែកស្នូកក្តាមវិញត្រូវបក ឆ្កឹះយកខ្លាញ់។ បន្ទាប់មកដាក់ទឹកដាំឲ្យពុះ យកកន្ត្រងច្រោះទឹក ខួក្តាម ដែលបុករួចទៅរម្ងាស់ ហើយសឹមបង់ខ្ទឹមសចូល បន្ទាប់មកថែមទឹកចូលបន្តិច ទើបដាក់គ្រឿងផ្សំដូចជា ស្ករត្នោត អំបិល ម្សៅស៊ុប ក្រសាំង និងត្រីពោ ចូលឲ្យឆ្អិនល្មម ទើបបង់កំពឹស មួយពុះទើបចាក់ល្ហុងចូល និងបន្ថែមម្ទេសជាការស្រេច។
សម្រាប់អ្នកមិនចង់ចម្អិនដោយខ្លួនឯងទេ អាចទៅកុម្ម៉ង់ញ៉ាំបាន នៅភោជនីយដ្ឋាន មាតុភូមិ ដែលនៅជិតអ្នក ឬទាក់ទងតាមទូរស័ព្ទលេខ ០១១ ៨៦៨ ០១០៕