ភ្នំពេញ៖ ជាភោជនីយដ្ឋានដែលមានប្រវត្តិជាង ២ ទសវត្សរ៍នៅចិន បាណាណាលីហ្វ (Banana Leaf) បានរំលេចរូបរាងនៅរាជធានីភ្នំពេញ ជាមួយជម្រើសមុខម្ហូបថៃ ចិន និងម្ហូបកូនកាត់ឆ្ងាញ់ៗជាច្រើនមុខ។
រឹតតែបំពេញន័យឲ្យរសជាតិអាហារនោះ គឺសំណើចរីករាយតាមរយៈវត្តមានក្រុមសម្ដែង ដែលនាំឲ្យភ្ញៀវសប្បាយចូលរួមការរាំច្រៀងយ៉ាងមានសេចក្ដីសុខ។
ស្ថិតក្នុងភោជនីយដ្ឋានដែលមានការរចនាលាយបញ្ចូលគ្នារវាងភាពបុរាណ និងទំនើបអ្នកនាង Yiow Sin Mun ជានាយកទីផ្សារបានឲ្យដឹងថា៖ «បាណាណាលីហ្វ បម្រើម្ហូបច្នៃប្រឌិតពីបន្សំនៃជាតិសាសន៍ចម្រុះ ដែលហៅថា Fusion ព្រោះយើងចង់តម្រូវរសជាតិដល់មនុស្សគ្រប់វ័យ គ្រប់ជាតិសាសន៍ ដែលមកញ៉ាំនៅទីនេះឲ្យទទួលបានបទពិសោធអាហារឆ្ងាញ់ ក្នុងបរិយាកាសប្រកបដោយផាសុកភាព និងសុភមង្គល»។
ក្រៅពីរសជាតិអាហារឆ្ងាញ់ ភាពពិសេសរបស់ភោជនីយដ្ឋាន គឺចំណីអារម្មណ៍ពីការកម្សាន្តរាំច្រៀងជាមួយបុគ្គលិកជាក្រុមសម្ដែងផ្ទាល់។
ក្នុងបេសកកម្មផ្ដល់ភាពរីករាយ និងសុភមង្គលជូនភ្ញៀវទាំងឡាយ អ្នកនាងបានបញ្ជាក់ពីវត្តមានក្រុមតន្ត្រីករ និងសម្ដែងប្រចាំហាងថា៖ «ពួកគេជាអ្នកមានទេពកោសល្យ ជាចុងភៅ និងបុគ្គលិកដែលមានចំណូលចិត្តផ្នែកសម្ដែង ហើយរីករាយនឹងបំផុសនូវបរិយាកាសរីករាយជូនភ្ញៀវ»។
បើកដំណើរការសាកល្បងកាលពីខែធ្នូ បាណាណាលីហ្វ ទទួលបានភ្ញៀវខ្មែរ ចិន កូរ៉េ ម៉ាឡេស៊ី សិង្ហបុរី អឺរ៉ុប និងអាមេរិក។
វត្តមានភ្ញៀវមកគាំទ្រចម្រុះជាតិសាសន៍ត្រូវបានអ្នកនាង Yiow Sin Mun បានឲ្យដឹងទៀតថា៖ «នេះជាភាពពិសេសរបស់យើង ដែលផ្ដល់នូវសុភមង្គល និងភាពរីករាយដល់ភ្ញៀវតាមរយៈអាហារ និងបរិយាកាស រាំ ច្រៀង សម្ដែងយ៉ាងក្អាកក្អាយ»។
ក្រៅពីទស្សនីយភាពក្រុមសម្ដែង ជាមួយឧបករណ៍តន្ត្រីដ៏រស់រវើក ភោជនីយដ្ឋានក៏ទទួលបានការពេញនិយមលើម្ហូបដូចជា ការីក្ដាម បាយឆាម្នាស់ និងស៊ុបមាន់ទុរេន។
អ្នកនាង Yiow Sin Mun បានលើកឡើងថា៖ «យើងទៅដល់ទីណា បើកហាងនៅកន្លែងណា យើងតែងតែគាំទ្រផលិតផលកសិករក្នុងស្រុក។ យើងព្យាយាមប្រើប្រាស់គ្រឿងផ្សំខ្មែរទាំងអស់ ទាំងសាច់ជ្រូក មាន់ គោ និងបន្លែ។
យើងប្រើរបស់ស្រស់ៗពីកសិករក្នុងស្រុក។ យើងតែងតែប្រើអង្ករផ្កាម្លិះ និងម្រេចកំពត ព្រោះយើងចង់ឲ្យប្រជាជនទីនេះមានមោទនភាពនឹងផលិតផលរបស់ពួកគេ»។
ក្នុងចំណោមភ្ញៀវនៅភោជនីយដ្ឋាន ស្រីនិច ជានិស្សិតផ្នែកទីផ្សារ ជាអតិថិជនដែលមកហាង បាណាណាលីហ្វ ជាលើកដំបូង ក៏ជាប់ចិត្តនឹងរសជាតិបាយឆាម្នាស់ បាយឆាសាច់គោ បុកល្ហុង និងស្កាឡប។
កញ្ញាបានឲ្យដឹងថា៖ «វាមានរសជាតិខុសពីកន្លែងផ្សេងដែលខ្ញុំធ្លាប់ញ៉ាំ ហើយច្នៃមកបែបទាក់ទាញ ហើយឆ្ងាញ់អាចទទួលយកបាន ចំណែកឯតម្លៃក៏សមរម្យ ព្រោះថាម្ហូបក្នុង ១ ចានៗរៀងច្រើនៗដែរ និងសេវាកម្មវិញរហ័សទាន់ចិត្ត»។
ក្រៅពីពេញចិត្តនឹងបរិយាកាសព្រមទាំងការតុបតែងហាង យុវនិស្សិតឆ្នាំទី ៣ សាកលវិទ្យាល័យព្រះកុសុមៈរូបនេះបានសម្ដែងចំណាប់អារម្មណ៍ថា៖ «បន្ទាប់ពីមកញ៉ាំម្តងនេះហើយ ខ្ញុំក៏មានបំណងចង់បបួលមិត្តភក្តិមកញ៉ាំម្តងទៀតដែរ»។
បាណាណាលីហ្វ ស្វាគមន៍ភ្ញៀវពីម៉ោង ១០ ព្រឹក ដល់ ២ កន្លះរសៀល និងពីម៉ោង ៥ ដល់ម៉ោង ១០ យប់។ ទីតាំងភោជនីយដ្ឋានស្ថិតនៅ ផ្សារទំនើបជីបម៉ុង Noro Mall មហាវិថីព្រះនរោត្តម ភ្នំពេញ៕
វីដេអូ៖