ភ្នំពេញ: ជា​អ្នក​ចូលចិត្ត​ភ្លក្ស​អាហារ និង​មាន​ប្រវត្តិ​គ្រួសារ​បើក​អាហារដ្ឋាន​ច្រើន​កន្លែង​នៅក្នុង​រាជធានី​ភ្នំពេញ ម្ចាស់​ហាង សាកាណា អាហារ​ជប៉ុន និង​ស៊ុប បាន​បញ្ចូល​វប្បធម៌ និង​រសជាតិ​រវាង​កម្ពុជា និង​ជប៉ុន ដើម្បី​បង្កើត​ជា​អាហារ​ថ្មី ឆ្ងាញ់ ប្លែក នៅ​កម្ពុជា​។

សាកាណា អាហារ​ជប៉ុន និង​ស៊ុប​មាន​ការរៀបចំ​ដោយ​បែងចែក​តុ​ជា​ ៣ ជួរ​ដោយ​ជួរ​ទី​ ១ សម្រាប់​មនុស្ស​ ២ ​នាក់ ជួរ​ទី​ ២ ​សម្រាប់​មនុស្ស​ ៤ ឬ​ ៥ ​នាក់ និង​ជួរ​ទី​ ៣ គឺ​សម្រាប់​ភ្ញៀវ​លក្ខណៈ​គ្រួសារ​ដោយ​អង្គុយ​ផ្ទាល់​លើ​ឥដ្ឋ តាមរបៀប​ញ៉ាំ​អាហារ​បែប​ជប៉ុន​។

នៅលើ​ជញ្ជាំង​មាន​លម្អ​ដោយ​រូប​ទេសភាព ដើមឈើ ផ្កា ភ្នំ​ទឹកកក នារី​ជប៉ុន​ស្លៀកពាក់​ឈុត​ប្រពៃណី អាហារ​ជប៉ុន និង​រូប​តុក្កតា​ស៊ីនចាំង​ដែល​ប្រជាជន​កម្ពុជា​ភាគច្រើន​សុទ្ធតែ​បាន​ស្គាល់​គំនូរ​ជីវចល​ដ៏កំប្លុកកំប្លែង​របស់​ជប៉ុន​មួយ​នេះ​។

ការរៀបចំ​ហាង​ច្របាច់​បញ្ចូល​វប្បធម៌​ជប៉ុន និង​ខ្មែរ​។ រូបថត លៀប ទេពិទូ

ម្ចាស់​ហាង​សាកាណា អាហារ​ជប៉ុន និង​ស៊ុប​អ្នកស្រី គឹម សុគន្ធទេវី បាន​និយាយ​ថា​៖ «​កាលពី​មុន​ខ្មែរ​និយម​ញាំ​ស៊ុប សាច់​អាំង ហើយ​យើង​មើលឃើញ​ថា​វា​អត់​មានអី​ថ្មី​ទេ​។ ទើប​មួយ​រយៈ​ក្រោយ​នេះ​មាន​គេ​នាំ​អាហារ​មក​ប្លែកៗ អ៊ីចឹង​ខ្ញុំ​ក៏​ចាប់ផ្តើម​គិត​ជាមួយ​មេ​ចុងភៅ​ខ្ញុំ​ដែល​មាន​បទពិសោធ​ធ្វើការ​នៅ​ភោជនីយដ្ឋាន​ធំៗ​នៅ​ប្រទេស​ថៃ​ថា​ពួកយើង​គួរតែ​ធ្វើអី​»​។

ម្ចាស់​ហាង​រូប​នេះ​បាន​បន្ត​ទៀត​ថា​៖ «​ពេល​ហ្នឹង​យើង​ក៏​ចាប់ផ្តើម​បង្កើត​ហាង​អាហារ​ជប៉ុន​នេះ​ឡើង​ជា​អាហារ​ល្អ​សម្រាប់​សុខភាព តម្លៃ​សមរម្យ​។ សិស្ស​ក៏​ញ៉ាំ​បាន អ្នកធ្វើការ មន្ត្រីរាជការ​ក៏​ញុំា​បាន ហើយ​រសជាតិ ខ្មែរ​អាច​ទទួល​យក​បាន ឆ្ងាញ់​»​។

បើក​ដំណើរការ​នៅ​ឆ្នាំ​ ២០១៨ សាកាណា អាហារ​ជប៉ុន និង​ស៊ុប​មាន​អាហារ​ជប៉ុន​ជាង ៧០ ​មុខ​។ ជា​រៀងរាល់​ ២ ​អាទិត្យ​ម្តង មេ​ចុងភៅ​តែង​បង្កើត​មុខម្ហូប​ថ្មី​មួយ​សម្រាប់​ភ្ញៀវ​។

អាហារ​ជប៉ុន​មាន​ដូចជា ពងត្រី​សាលម៉ុន ស៊ូស៊ី (៥ ​ដុល្លារ​) បង្គា​សាលម៉ុន ស៊ូស៊ី (១៤០០០ ​រៀល​) សាលម៉ុន សាស៊ីមិ (៤ ​ដុល្លារ​) ស៊ីមិ សាបា (៣ ​ដុល្លារ​) សាកាណា ស៊ូស៊ី (​តម្លៃ​ ១៤០០០ ​រៀល​) និង​មាន​អាហារ​ ១ ​ដុំ តម្លៃ​ ១ ​ពាន់​រៀល​ដូចជា​៖ ពងមាន់​ស៊ូស៊ី សាច់​ក្តាម​ស៊ូស៊ី កាលីហ្វនីយ៉ាម៉ាគី និង​ស៊ូស៊ី ហ្វុរ៉ៃ​។

អាហារ​ស៊ុប​មាន​ដូចជា ស៊ុប​ក្បាល​ត្រី​សាលម៉ុន​ឆ្នាំង​តូច តម្លៃ ៩ ​ដុល្លារ និង​ឆ្នាំង​ធំ ១៨ ​ដុល្លារ ស៊ុបគីមឈី និង​បង្គា​ (១៤០០០ ​រៀល​) ស៊ុប​គីមឈី និង​សាច់គោ (១៤០០០ រៀល​) និង​មាន​ស៊ុប​ជាច្រើន​ប្រភេទ​ទៀត​។

ម្ចាស់​ហាង​វ័យ ៤៨ ​ឆ្នាំ​រូបនេះ​បន្ថែម​ថា​៖ «​ប្រជាជន​ខ្មែរ​ភាគច្រើន​ឲ្យ​តែ​ឮថា​អាហារ​ជប៉ុន ពួកគាត់​គិត​ថា​ឆៅ​តែ​ម្តង ប៉ុន្តែ​សម្រាប់​នៅ​ហាង​សាកាណា​គឺ​អត់​ទេ យើង​មាន​អាហារ​ទាំង​ឆ្អិន និង​ឆៅ​តម្រូវ​ចិត្ត​អតិថិជន ហើយ​រសជាតិ​គឺ​យើង​កាច់​មក​រសជាតិ​ខ្មែរ ហើយ​ពួកយើង​ក៏​បង្រៀន​ភ្ញៀវ​ពី​របៀប​ហូប​ដែរ​»​។

ហាង​សាកាណា អាហារ​ជប៉ុន និង​ស៊ុប​ចាប់​បើក​លក់​ពី​ម៉ោង ៧ ​ព្រឹក​រហូត​ដល់​ម៉ោង ២ ​រំលង​អធ្រាត្រ និង​មាន​ទីតាំង​ស្ថិត​នៅ​អគារ​លេខ ៤៧០ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន​ក្បែរ​សាកល​វិទ្យាល័យ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (RULE)៕

វីដេអូ៖