ភ្នំពេញ៖ ដោយសារ​ជាប់​ចិត្ត​នៃ​ទឹក​ស៊ុប​មាន​ក្លិន​ឈ្ងុយ​ប្រហើរ​​ និង​រសជាតិ​ហឹរ​នៃ​ម្រេច​ ធ្វើ​ឲ្យ​បុរស​កម្ពុជា​ដែល​ធ្លាប់​ទៅ​លេង​នៅ​ប្រទេស ​សិង្ហបុរី​ ជាប់​ចិត្ត​អាហារ​​នេះ​ ហើយ​ក៏​សម្រេច​​នាំ​យក​នូវ​ស៊ុប​ឆ្អឹង​ជំនីរ​ជ្រូក​បែប​សិង្ហបុរី​មក​លក់​នៅ​កម្ពុជា​ក្នុង​អគារ​ The Bridge។

លោក ឡាយ​ ពិសិដ្ឋ​ វ័យ​ ៣៩ ឆ្នាំ​ ជា​ស្ថាបនិក​នៃ​ ស៊ុន​ ហេង បាក់គូតេ​ បាន​ថ្លែង​មក​ ភ្នំពេញ ប៉ុស្តិ៍​ ថា​៖ ​«​កាល​ពី​ឆ្នាំ ​២០១៨ ខ្ញុំ​បាន​ទៅ​លេង​នៅ​សិង្ហបុរី​​ ដោយ​មាន​ការ​ណែនាំ​ពី​បង​ធម៌​របស់​ខ្ញុំ​នៅ​ទី​នោះ​ គាត់​ក៏​បាន​ទៅ​ញ៉ាំ​អាហារ​ប្រពៃ​ណី​របស់​ប្រទេស​នេះ​ ​ជា​ច្រើន​ក្នុង​នោះ​ក៏​មាន​បាក់​គូតេ (ស៊ុប​ឆ្អឹង​ជំនីរ​ជ្រូក​) ​នេះ​ផង​ដែរ​។ ​ដោយ​ជាប់​ចិត្ត​នឹង​រសជាតិ​ខ្ញុំ​ក៏​បាន​សិក្សា​ជាមួយ​បង​ប្រុស​របស់​ខ្ញុំ​ក្នុង​ការ​នាំ​មក​លក់​នៅ​ទី​នេះ ​(​កម្ពុជា​) ដោយ​មាន​ការ​រួម​ហ៊ុន​គ្នា​ចំនួន​ ៤ ​នាក់​»។

បន្លែ​សាឡាដ​ពណ៌​ខៀវ​តម្រៀប​ខាង​​ក្រោម​ឆ្អឹង​ជំនីរ​ជ្រូក​ ២ ដុំ​ រោយ​ជី​ បន្ថែម​ទឹក​ស៊ុប​ភាយ​ក្លិន​ឈ្ងុយ​​​ម្រេច​កំពត ​និង​មើម​ខ្ទឹម​ស​ជា​គ្រឿង​ទេស​ចាំបាច់​បំផុត​សម្រាប់​ស៊ុប​បែប​សិង្ហបុរី​ ដោយ​គេ​និយម​ទទួល​ទាន​​ជាមួយ​នំ​ចា​ខ្វៃ តាម​​​រសជាតិ​ដើម​នៃ​ស៊ុប​ឆ្អឹង​ជំនីរ​ជ្រូក បាក់​គូតេ​។

លោក ឡាយ ពិសិដ្ឋ និង​លោក Andrew Low។ហុង មិនា

ស៊ុប​ឆ្អឹង​ជំនីរ​ជ្រូក​បែប​សិង្ហបុរី​ ជា​មុខ​ម្ហូប​ល្បី​ប្រចាំ​នៅ​ ស៊ុន ហេង​ បាក់​គូតេ ដែល​មាន​​ភ្ញៀវ​និយម​ចូល​ចិត្ត​ជាង​គេ​ ដោយ​មាន​គ្រប់​ជាតិ​សាសន៍ ពិសេស​ជនជាតិ​ខ្មែរ​ផង​ដែរ មាន​តម្លៃ​ ៦,៨០ ដុល្លារ​។ ស៊ុប​នេះ​ត្រូវ​បាន​កំណត់​បរិមាណ​នៃ​ទឹក​សម្រាប់​រម្ងាស់​ជាមួយ​សាច់​ជ្រូក​​រយៈពេល​ ៤ ​ម៉ោង​ បន្ថែម​គ្រឿង​ផ្សំ​ទៅ​តាម​រូបមន្ត​ដែល​បាន​មក​ពី​សិង្ហបុរី​ ដែល​កំណត់​ក្នុង​ការ​ចម្អិន​រហូត​ដល់​ ១០ ម៉ោង​។

ស្ថាបនិក​នៃ​ ស៊ុន ហេង បាក់គូតេ ដែល​មក​ពី​ប្រទេស ​សិង្ហបុរី​ លោក​ Andrew Low បាន​ប្រាប់​ពី​ការ​ចម្អិន​ស៊ុប​ថា​៖​ «​ស៊ុប​បែប​សិង្ហបុរី​ត្រូវ​ចំណាយ​​ពេល​យូរ​រហូត​ដល់​ ១០ ម៉ោង ​​ក្នុង​ការ​រម្ងាស់ អ៊ីចឹង​ហើយ​យើង​ចម្អិន​នៅ​ថ្ងៃ​នេះ ​គឺ​ទុក​សម្រាប់​លក់​នៅ​ថ្ងៃ​ស្អែក​ ប៉ុន្តែ​ឆ្អឹង​ជំនីរ​យើង​ចម្អិន​ផ្សេង​រយៈពេល​ ១ ម៉ោង​ប៉ុណ្ណោះ បើ​សិន​ជា​ភ្ញៀវ​កុម្ម៉ង់​ ទើប​យើង​រម្ងាស់​ជាមួយ​ទឹក​ស៊ុប​រហូត​ដល់​ចូល​ជាតិ​ បាន​យក​ឲ្យ​ភ្ញៀវ​។ ហើយ​សាច់​វិញ​ បើ​សិន​ជា​យើង​លក់​មិន​អស់​ យើង​ក៏​មិន​ទុក​ប្រើ​សម្រាប់​ថ្ងៃ​ស្អែក​ទៀត​ដែរ វា​អាច​នាំ​ឲ្យ​មាន​ក្លិន​មិន​ល្អ​ ដោយ​យើង​បាន​ឲ្យ​ទៅ​បុគ្គលិក​ បើ​សិន​ជា​ពួក​គាត់​ត្រូវ​ការ​ ឬ​បោះ​ចោល​តែ​ម្តង»​។

ស៊ុន ហេង បាក់គូតេ មាន​លក់​​ ប្រភេទ​ខ ដូច​ជា​ ខ​សាច់​ទា មី​ខ​ទា (៤,៥ ដុល្លារ) ខ​សាច់​ជ្រូក ​៣ ជាន់ (៤,២ ដុល្លារ) និង​ខ​ជើង​ជ្រូក (៥​ ដុល្លារ)។ ប្រភេទ​ស៊ុប​ក្រៅ​ពី​ស៊ុប​ឆ្អឹង​ជំនីរ​ជ្រូក​ដូចជា​ ស៊ុប​ក្រលៀន​ (៥ ដុល្លារ) ស៊ុប​ក្រលៀន​លាយ​ថ្លើម (៥,៥ ដុល្លារ) ស៊ុប​សាច់​ជ្រូក​លាយ​ថ្លើម​ (៥ ដុល្លារ) ព្រម​ទាំង​ស៊ុប​បន្លែ​ (២,២ ដុល្លារ)។

ស៊ុន ហេង បាក់គូតេ ស្ថិត​នៅ​ជាន់ទី ១ ផ្សារទំនើប The Bridge​​។ហុង មិនា

ចំពោះ​រូបមន្ត​នៃ​ទឹក​ស៊ុប​ត្រូវ​បាន​ទិញ​មក​ពី​ម្ចាស់​ដើម​នៃ​ប្រទេស ​សិង្ហបុរី​។ បន្លែ​ក្នុង​ស្រុក​ស្រស់ៗ ជាមួយ​​សាច់​ជ្រូក​ពី​កសិដ្ឋាន​​នៅ​គីឡូ​លេខ​ ៦ ដែល​ជាវ​ថ្មីៗ​ជា​រៀង​រាល់​ថ្ងៃ​​​សម្រាប់​ផ្គត់ផ្គង់​ការ​ចម្អិន​។

ស៊ុន ហេង បាក់គូតេ ទើប​តែ​ចាប់​ផ្តើម​ដំណើរការ​តាំង​ពី​ខែ​ឧសភា ដោយ​​ទទួល​ភ្ញៀវ​​​ពី​ម៉ោង​ ១០:៣០ នាទី​ព្រឹក រហូត​ដល់​ម៉ោង ៩ យប់​ ក្នុង​​ ១ ​ថ្ងៃ​អាច​ទទួល​អតិថិជន​បាន​ចន្លោះ​ពី​ ៥០ ទៅ​ ១០០ នាក់​ ដោយ​ទទួល​បាន​ភ្ញៀវ​ជា​ជនជាតិ​ខ្មែរ​​។

ស៊ុន ហេង បាក់គូតេ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ផ្សារ​ទំនើប​ The Bridge Lifestyle Mall ជាន់​ទី​ ១៕

វីដេអូ៖