ភ្នំពេញ៖ ឆ្លង​កាត់​ស្ពាន​ជ្រោយចង្វារ ទៅ​កាន់​ត្រើយ​ទន្លេ​ខាង​កើត មិន​ឆ្ងាយ​ពី​​សួន​កម្សាន្ត​ដាយណូស័រ និង​កន្ត្រក​វិល ហាង​ «ស៊ុប​គោ​ខ្មែរ ស៊ុប​ម្រះ​សៀមរាប» តែងតែ​ទាក់​​ភ្នែក​អ្នក​ដំណើរ​​ជិះ​កាត់​ ទោះ​មិន​បាន​ចូល​ថ្ងៃ​នេះ ក៏​គុំ​​ក្នុង​ចិត្ត​​ថា​នឹង​មក​ភ្លក្ស​រសជាតិ​​ឱ្យ​​បាន​នៅ​​​ថ្ងៃ​ណា​មួយ​។

អ្វី​​ដែល​ទាក់​ចិត្ត​អ្នក​ដំណើរ​​នោះ​គឺ​ ហាង​ ស៊ុប​គោ​ខ្មែរ ស៊ុប​ម្រះ សៀមរាប មាន​ដំបូល​ប្រក់​ស្បូវ និង​ជញ្ជាំង​ធ្វើ​ពី​ស្លឹក​​ឃុនមារ​ ជា​រុក្ខជាតិ​​ដ៏​កម្រ​មក​ពី​តំបន់​​មួយ​នៅ​សៀមរាប​។

ក្រៅ​ពី​រំលេច​​តុឈើ​ និង​កៅអី​ពណ៌​លឿង​ទុំ​ឆ្អិនឆ្អៅ ​ហាង​ស៊ុប​នេះ​ព័ទ្ធ​ទៅ​ដោយ​វាល​ស្មៅ​ខៀវ​ខ្ចី​ ដើម​ឈើ​ដាំ​ជា​ជួរ​ និង​ចំណត​​យានយន្ត​ធំ​ទូលាយ។

«ស៊ុប​គោ​ខ្មែរ ស៊ុប​ម្រះ​សៀមរាប» មាន​ប្រភព​ពី​ទឹក​ដី​សៀមរាប​អង្គរ ដោយ​ផ្ដើម​ពី​អាជីវកម្ម​លក់​តាម​ចិញ្ចើម​​ផ្លូវ រហូត​ដល់​ពង្រីក​បាន​​ជា​ហាង​ធំ​ចំនួន ​២។

ម្ចាស់ហាង​ស៊ុប លោក​ ហ៊ុន រដ្ឋា បាន​​ប្រាប់​ ​ភ្នំពេញ ​ប៉ុស្តិ៍​ ថា៖​ «​ព្រោះ​មាន​បងប្អូន​យើង​គាំទ្រ​ច្រើន​។ ដោយ​ឃើញ​ទីនោះ​ទទួល​បាន​ជោគជ័យ​ ខ្ញុំ​ក៏​​ចាប់​ដៃ​គូ​ជាមួយ​មិត្ត​ និង​មេ​របស់​ខ្ញុំ​រក​ស៊ី​នៅ​ភ្នំពេញ​»។

បុរសវ័យ​ ៣៦ ​ឆ្នាំ​ រូប​នេះ​បាន​ឱ្យ​ដឹង​ថា​ ហាង​នៅ​ភ្នំពេញ​មាន​​ការ​រៀបចំ​ឡើង​​ដូច​គ្នា​ទៅ​នឹង​ស្ដាយល៍​នៅ​សៀមរាប​​​ គ្រាន់​តែ​ទីនេះ​មាន​ទីធ្លា​ធំ​ជាង​។

ជា​កូន​ច្បង​ក្នុង​គ្រួសារ​ លោក ហ៊ុន​ រដ្ឋា​​ លោក​ត្រូវ​បាន​ឪពុក​ម្ដាយ​បង្ហាត់​បង្រៀន​ឱ្យ​ធ្វើ​ម្ហូប​សម្រាប់​ប្អូនៗ​ ព្រោះ​ឪពុក​ម្ដាយ​លោក​មមាញឹក​នឹង​របរ​លក់​​ដូរ​​នៅ​ផ្សារ​។

លោក​រំឭក​ទៀត​​ថា៖ «តាម​ពិត​ពី​ដំបូង​ ខ្ញុំ​មិន​បាន​ចូល​ចិត្ត​ធ្វើ​ម្ហូប​អី​​ណាស់​ណា​ទេ ​ព្រោះ​តែ​ពេល​ហ្នឹង​នៅ​​សៀមរាប​វិស័យ​ទេសចរណ៍​រីក​ចម្រើន​ខ្លាំង​សណ្ឋាគារ​ក៏​លូតលាស់​ ដោយ​​មិន​សូវ​មាន​ចំណេះដឹង​ជ្រៅជ្រះ​ផង​ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ទៅ​ធ្វើ​ជា​កូន​កាំបិត​ រហូត​​ដល់​បាន​ក្លាយ​ជា​ចុងភៅ​»។

សាច់គោអាមេរិក​លើថ្ម ជា​​មុខម្ហូប​ពេញនិយម​នៅ​ហាង​ស្តេក​លំដាប់​ខ្ពស់​​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

មេ​ចុងភៅ និង​ជា​ម្ចាស់​ភោជនីយដ្ឋាន​​រូប​នេះ គឺ​ជា​អ្នក​ចេញ​រូបមន្ត​គ្រឿង​ផ្សំ​ដោយ​ខ្លួន​ឯង​ទាំង​អស់ ដោយ​មិន​​ប្រើ​ប៊ីចេង​ក្នុង​ការ​ចម្អិន​។

ភ្ញៀវ​មាន​ជម្រើស​ស៊ុប ស៊ុបគោ​ និង​ស៊ុប​ម្រះ​ ក្នុង​តម្លៃ ១២,៥ ​ដុល្លារ​ដូចគ្នា​ ​ព្រម​ទាំង​មុខ​​ម្ហូប​ដាច់​ដោយ​ឡែក​​ជា​ច្រើន​ទៀត​ដែរ​។

ស៊ុបគោ​ទទួល​បាន​ការ​ពេញ​និយម​ជាង​គេ។ រីឯ​ស៊ុបម្រះ ​ដែល​មាន​រសជាតិ​​ល្វីង​តិចៗ ត្រូវ​នឹង​រសជាតិ​ប្រហិត​ត្រី​ស្លាត​បំផុត​។

ឯ​ម្ហូប​ពិសេស និង​​ប្លែក​ជាង​គេ​ក្នុង​ហាង ​ដែល​លោក​ក៏​ចង់​ណែនាំ​ដល់​ភ្ញៀវ​នោះ​គឺ​ បុក​មាន់​សៀមរាប​ តម្លៃ​ ៤ ​ដុល្លារ​។ ម្ហូប​មាន​​ដើម​កំណើត​ពី​តំបន់ ​១ ​​នៅ​សៀមរាប​ ដែល​មាន​លក្ខណៈ​ជា​ញាំ​រសជាតិ​ហឹរ ប្រៃ និង​ជូរ។​ ដោយ​​ផ្សំ​ពី​​មាន់​អាំង​ អង្ក្រង​ បុក​ជាមួយ​​ទឹក​ប្រហុក​ ​អន្លក់​​​ដើម​ចេក ​និង​ត្រយូង​ចេក​ដ៏​ឆ្ងាញ់​។​

បើ​ងាក​មក​អាហារ​ប៉ែក​អឺរ៉ុប​វិញ ហាង​ស៊ុប​នេះ​មាន​បម្រើ ​«សាច់​គោ​អាមេរិក​​លើ​ថ្ម​» ដែល​លោក​ ហ៊ុន​ រដ្ឋា ​បាន​អះអាង​ថា​ លោក​មាន​បំណង​ចង់ឱ្យ​អតិថិជន​ទូទៅ​អាច​សាកល្បង​ទទួល​ទាន​អាហារ​ស្ដេក​បែប​ហាង​​លំដាប់​​ខ្ពស់ ក្នុង​តម្លៃ​ដ៏​មធ្យម​​​។

ស្រប​នឹង​ជោគជ័យ​ក្នុង​អាជីវកម្ម​ភោជនីយដ្ឋាន ​លោក​ ​រដ្ឋា ​បាន​ឱ្យ​ដឹង​ថា ពេល​ឃើញ​ភ្ញៀវ​​នាំ​គ្រួសារ​មិត្តភក្តិ​មក​ទទួល​ទាន​​ទី​នេះ​ ​​ធ្វើ​ឱ្យ​លោក​​នឹក​ដល់​​អនុស្សាវរីយ៍​​​ពី​កុមារភាព។

ហាង​ស៊ុប​មាន​កន្លែង​អង្គុយ​ស្រូបខ្យល់​អាកាស​ប្រកបដោយផាសុកភាព។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

លោក​រៀប​រាប់​ថា៖ «កាល​ពី​នៅ​តូចៗ​ ឪពុក​ម្ដាយ​ខ្ញុំ​តែង​នាំ​ខ្ញុំ​ទៅ​ហូប​ស៊ុប​ ហើយ​ឃើញ​ថា ​មក​ដល់​បច្ចុប្បន្ន​នៅ​តែ​មាន​អ្នក​គាំទ្រ​ច្រើន​ ខ្ញុំ​សប្បាយ​ចិត្ត​ ដែល​ខ្ញុំ​បាន​បើក​ហាង​នេះ​ ហាក់​ដូចជា​នាំ​ការ​ជួប​ជុំ​ឱ្យ​គ្រួសារ​នៅ​តែ​មាន​ពេល​បរិភោគ​ជុំ​គ្នា​ ដូចជា​ទាញ​យក​ការ​ចងចាំ​ត្រឡប់​មក​វិញ​»។

ចំណុច​ពិសេស​របស់ហាង​ស៊ុប​នេះ ​គឺ​អតិថិជន​មិន​បារម្ភ​ពី​ចំណត​រថយន្ត ហើយ​​បរិយាកាស​ក៏​ស្រស់ស្រាយ បី​ដូចជា​ការ​ទទួល​ទាន​នៅ​រាន​ហាល​ដ៏​ទំនើប ជាមួយ​ជំនោរ​ធម្មជាតិ​។

យ៉ាង​ណា​មិញ លោក រដ្ឋា ក៏​គ្រោង​ធ្វើ​ទំនើបកម្ម​ ដោយ​ការ​​ប្រើប្រាស់​អាយផេត ​ក្នុង​ការ​បម្រើ​ការ​កុម្ម៉ង់​ដល់​ភ្ញៀវ​ឱ្យ​កាន់​តែ​រហ័ស​ទាន់​ចិត្ត​​​។

លោក​បន្ត​ទៀត​ថា៖ «​​ខ្ញុំ​ចង់​ថ្លែង​អំណរគុណ​​ដល់​អ្នក​ដែល​បាន​ជួយ​គាំទ្រ​​ខ្ញុំ​តាំង​ពី​នៅ​សៀមរាប​រហូត​មក​ដល់​​​ភ្នំពេញ​។​ ខ្ញុំ​សូម​ឱ្យ​​នៅ​តែ​មាន​ការ​គាំទ្រ​ ហើយ​ខ្ញុំ​ក៏​នឹង​ព្យាយាម​រក្សា​រសជាតិ​ និង​អនាម័យ​ឱ្យ​នៅ​តែ​ល្អ​ ហើយ​ក៏​បន្ត​អភិវឌ្ឍ​ខ្លួន​ជានិច្ច​»។

ហាង «ស៊ុប​គោ​ខ្មែរ ស៊ុបម្រះ​សៀមរាប» ​ចាប់​បើក​ដំណើរការ​​ពី​ម៉ោង​ ៤ ល្ងាច ដល់​ម៉ោង ​១១ ​យប់​។ ​ទំនាក់ទំនង​​ទូរស័ព្ទ​លេខ​ ០១៦ ៦៦៤ ២៨៩៕

វីដេអូ៖