ភ្នំពេញ៖ រចនាប័ទ្ម​ពណ៌​ខៀវ​ និង​ស​តុបតែង​លម្អ​ក្នុង​ហាង​តាំង​ពី​ជញ្ជាំង​ កៅអី​ និង​តុ​ ត្រូវ​​បាន​បន្ថែម​សោភណភាព​ ដោយ​ទេសភាព​​ក្រិក ​ដាក់​តាំង​ពេញ​ហាង​ ជាពិសេស​​រូប​ឆ្នេរ​សមុទ្រ​​សាន់ថារីនី​។

ឈ្មោះ​ហាង ​​Elia Greek Kitchen Phnom Penh ត្រូវ​បាន​ដាក់​តំណាង​ឱ្យ​អត្តសញ្ញាណ ដោយ Elia ជា​ឈ្មោះ​ផ្លែ​អូលីវ​​​តំណាង​ប្រទេស​នេះ។

Yigit Altug ជា​ម្ចាស់ហាង​ជនជាតិ​ក្រិក​ បាន​មក​កម្ពុជា​កាល​ពី​ ៤ ឆ្នាំ​មុន​ និង​​បាន​បើក​សណ្ឋាគារ​ដំបូង​នៅ​ទឹកដី​សៀមរាប​។

លោក ​Yigit ដែល​បាន​បញ្ចប់​ការ​សិក្សា​ពី​សណ្ឋាគារ​ និង​ទេសចរណ៍​បាន​​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា​៖ «មក​ទល់​ពេល​នេះ​ ហាង​យើង​នៅ​សៀមរាប​​បើក​បាន​រយៈពេល​ ២ ​ឆ្នាំ​កន្លះ​ហើយ។​ ឯ​នៅ​ភ្នំពេញ​នេះ​ ជា​ហាង​ទី៣​ របស់​យើង​ ព្រោះ​ភ្ញៀវ​នៅ​ឯ​សៀមរាប​បាន​នាំ​គ្នា​ចេះ​តែ​សួរ​ថា​ ម៉េច​មិន​បើក​នៅ​ភ្នំពេញ​។ ពេល​នោះ​ខ្ញុំ​ក៏​មក​មើល​ស្ថានភាព​នៅ​ភ្នំពេញ​ ឃើញ​ថា​វា​​​ជា​កន្លែង​ប្រមូល​ផ្ដុំ​​មាន​សក្ដានុពល​»។

នៅ​ខែ​កញ្ញា​ ឆ្នាំ​ ២០២០​ Elia Greek Kitchen Phnom Penh ក៏​បាន​រំលេច​រូបរាង​នៅ​ដង​វិថី ១២៣ ម្ដុំ​ទួលទំពូង រាជធានី​ភ្នំពេញ ដោយ​ទទួល​​បាន​​អតិថិជន​គ្រប់​វ័យ​ គ្រប់​ជាតិ​​សាសន៍​ ចំនួន​ជាង​ ២០០ ​នាក់​ឯណោះ​ ក្នុង​ ១ ថ្ងៃ​​។​

អ្នក​ដែល​ស្គាល់​វប្បធម៌​អាហារ​ក្រិក និង​បាន​មក​ដល់​ទីនេះ បាន​​សម្ដែង​អារម្មណ៍​ថា ​ Elia Greek Kitchen ធ្វើ​ឱ្យ​ពួក​គេ​នឹក​ដល់​ដែនដី​​ក្រិក​ ​និង​អាហារ​​ដ៏​ឆ្ងាញ់​នៅ​ទីនោះ​។

ក្នុង​​ចំណោម​អាហារ​ក្នុង​បញ្ជី​មុខ​ម្ហូប ​លោក Yigit បាន​រំលេច​​ម្ហូប​​ដ៏​លេច​ធ្លោ​ជាង​គេ​ ដោយ​រៀបរាប់​យ៉ាង​​ដូច្នេះ​​ថា​​៖ «មូសាកា​ (Moussaka) របស់​យើង​តែង​ទទួល​បាន​ការ​សរសើរ​​ពី​អតិថិជន​ ពួក​គាត់​បាន​និយាយ​ថា​ នេះ​ជា​មូសាកា ​ដែល​ឆ្ងាញ់​បំផុត​តាំង​ពី​ពួក​គាត់​បាន​សាកល្បង​កន្លង​មក​»។

ដើម្បី​រក្សា​រសជាតិ​ដើម លោក​បាន​បញ្ជាក់​ថា៖ «​គ្រឿង​ផ្សំ​យើង​អាច​និយាយ​បាន​ថា​ ជា​ចំណុច​ពិសេស​របស់​យើង​ ព្រោះ​ភាគ​ច្រើន​យើង​នាំចូល​ពី​ខាង​ក្រៅ​​ទាំង​អស់​ សាច់​យក​មក​ពី​នូវែលសេឡង់​ សាច់​គោ​ពី​អូស្ត្រាលី​ ឈីស​យក​ពី​បារាំង​ សូម្បី​តែ​ខ្លាញ់​ យើង​ទិញ​ធម្មជាតិ​តែ​ម្ដង​ គឺ​យើង​សម្រិត​សម្រាំង​ខ្លាំង​ណាស់​»។​

ជម្រើស​មុខម្ហូប​​មាន​សមភាព​រវាង​​អាហារ​បួស និង​អាហារ​សាច់ តម្រូវ​សម្រាប់​ភ្ញៀវ​គ្រប់​ប្រភេទ។

អាហារ​មួយ​មុខៗ​ត្រូវ​បាន​​ដាក់​ទទួល​ភ្ញៀវ​​ក្នុង​បរិមាណ​ច្រើន ជាមួយ​តម្លៃ​សមរម្យ។

ម៉ូសាកា​ តម្លៃ ​៨,៥ ដុល្លារ ​ជា​ម្ហូប​ប្រពៃណី​ក្រិក​ ចម្អិន​ជា​ ៦ ​ស្រទាប់​៖ ទី១ ​​ដំឡូង​ ទី២ ត្រប់​ ទី៣​ សាច់​ចិញ្រ្ជាំ​ ទី៤​ ទឹក​ប៉េងប៉ោះ​ស្រស់ ​ទី៥ ទឹក​ជ្រលក់​​ក្រិក​​ពណ៌​ស​ធ្វើ​ពី​ទឹកដោះគោ​ និង​ស្រទាប់​ចុងក្រោយ​គឺ​ឈីស​។​

សាច់​ចម្រុះ (Mix meat platter) តម្លៃ​ ១៥,៥ ដុល្លារ ​សម្រាប់​ម្នាក់​ និង​សម្រាប់​ ២ ​​នាក់​ ​តម្លៃ​ ២៧,៥ ដុល្លារ​ រួម​មាន​​សាច់ក្រក​ សាច់​មាន់​ សាច់គោ​ ដំឡូង​បំពង​ សាឡាដ​ក្រិក និង​ទឹក​ជ្រលក់​ ៤ ប្រភេទ​។

ប៉ាស្តា​គ្រឿង​សមុទ្រ ៨,៥ ដុល្លារ ចម្អិន​​ដោយ​ប្រើ​គ្រឿង​សមុទ្រ ២ ​ខាំ​កន្លះ ដូចជា​​ បង្គា គ្រំ និង​ទឹក​គ្រីម​​បន្ថែម​រសជាតិ​។

គ្រឿង​សមុទ្រ​ចម្រុះ និង ប៉ាស្តា​គ្រឿង​សមុទ្រ ដ៏​ពេញ​និយម​នៅ Elia Greek Kitchen ។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ក្រៅ​ពី​មោទនភាព​នឹង​ហាង​របស់​ខ្លួន​អាច​ផ្ដល់​សេវាកម្ម​រហ័ស​ទាន់​ចិត្ត​ក្នុង​បរិយាកាស​​តន្ត្រី​ក្រិក​បង្ហើរ​កំដរ​អារម្មណ៍​​នោះ ​ម្ចាស់​ហាង​ដ៏​រួសរាយ​រាក់​ទាក់ តែង​ស្វាគមន៍​​រាល់​ការ​សំណេះសំណាល​រាប់​អាន​​បង្កើត​មិត្តភាព​​​​ជាមួយ​ភ្ញៀវ​។ លោក​ Yigit និយាយ​ថា៖ «វា​មិន​ត្រឹម​​ជា​អាហារដ្ឋាន​ទេ​ តែ​វា​ជា​កន្លែង​ជួបជុំ​គ្នា​លម្ហែ​អារម្មណ៍​»។

ខណៈ​ដែល Elia Greek Kitchen ទទួលបាន​ភ្ញៀវ​ចម្រុះជាតិ​សាសន៍​ តែ​អ្វី​ដែល​ម្ចាស់​ហាង​រីករាយ​បំផុត​នោះ គឺ​ការ​បាន​ឃើញ​​វត្តមាន​ជនជាតិ​ខ្មែរ​រីករាយ​ជាមួយ​នឹង​អាហារ​ក្រិក​របស់​លោក​។​

លោក​បាន​និយាយ​ថា​៖ «ខ្ញុំ​ចង់​ឱ្យ​ជនជាតិ​ខ្មែរ​បើក​ចិត្ត​ក្នុង​ការ​សាកល្បង​ម្ហូប​ថ្មីៗ​។ ខ្ញុំ​ជឿ​ថា​ បរទេស​គាត់​ស្គាល់​អាហារ​ប្រទេស​ខ្ញុំ​ច្រើន​ហើយ​ តែ​ខ្ញុំ​ចង់​ឱ្យ​ខ្មែរ​គាត់​បាន​សាកល្បង​។ ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ជនជាតិ​ខ្មែរ​បាន​សាក​អ្វី​ថ្មីៗ​»។

លោក​ Yigit និយាយ​ថា៖ «ខ្ញុំ​មិនមែន​មក​ដើម្បី​តែ​រក​លុយ​ទេ​ តែ​បង្ហាញ​ពី​ម្ហូប​ខ្ញុំ​ច្រើន​ជាង​»។

មាន​ទីតាំង​នៅ​ផ្លូវ ១២៣ កែង​ផ្លូវ ៤៤ ម្ដុំ​ផ្សារ​ទួលទំពូង​ Elia Greek Kitchen Phnom Penh ចាប់​បើក​ពី​​ម៉ោង​ ១១ ​ព្រឹក​ដល់​ ១១ ​យប់ និង​​​​ដល់​​ ១២ យប់​នៅ​ថ្ងៃ​​ចុង​សប្ដាហ៍​៕

វីដេអូ៖